ខេត្តសៀមរាប៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ស្តីពី «ការបញ្ជ្រាបចំណេះដឹងអំពីសិទ្ធិ និងអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់» ជូនដល់និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប។ សិក្ខាសាលានេះ គឺជាផ្នែកមួយនៃគម្រោង EU-German GATE ដែលមានគោលដៅពង្រឹងការយល់ដឹងផ្នែកកិច្ចការពារអ្នកប្រើប្រាស់។ ពិធីនេះត្រូវបានដឹកនាំដោយលោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាងលោក មាស សុខសីហា អគ្គនាយក ក.ប.ប. រួមជាមួយលោកបណ្ឌិត ជីវ រដ្ឋា អធិការបតីរងប្រតិបត្តិសាកលវិទ្យាល័យ។

សិក្ខាសាលានេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមយ៉ាងផុសផុលពីតំណាងគម្រោង EU-German GATE សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សៀមរាប សរុបប្រមាណ ១០៥រូប។ គោលបំណងចម្បងគឺដើម្បីបំពាក់បំប៉នចំណេះដឹងដល់និស្សិត ដែលជាទំពាំងស្នងឫស្សី អំពីកិច្ចការពារអ្នកប្រើប្រាស់។ ខ្លឹមសារសំខាន់ៗរួមមាន សិទ្ធិ និងទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់ ដំណោះស្រាយតាមច្បាប់សម្រាប់អ្នកប្រើប្រាស់ និងនីតិវិធីនៃការដាក់ពាក្យបណ្ដឹងទៅ ក.ប.ប.។ ក្រៅពីនេះ និស្សិតក៏បានយល់ដឹងពីសារៈសំខាន់នៃការការពារសិទ្ធិអ្នកប្រើប្រាស់ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល រួមទាំងពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ។

គួររំលឹកផងដែរថា នេះជាលើកទី៧ ហើយដែលសិក្ខាសាលាបែបនេះត្រូវបានរៀបចំឡើងសម្រាប់និស្សិត ដោយ ៦លើកមុន ក៏ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ឆ្លៀតក្នុងឱកាសនេះ អគ្គនាយកដ្ឋាន ក.ប.ប. ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាកុំស្ទាក់ស្ទើរក្នុងការដាក់ពាក្យបណ្ដឹង នៅពេលប្រទះឃើញបទល្មើសបំពានសិទ្ធិអ្នកប្រើប្រាស់។ ការដាក់ពាក្យបណ្ដឹងអាចធ្វើឡើងតាមរយៈលេខទូរសព្ទ ១២៦៦ គេហទំព័រ www.ccfdg.gov.kh ឬតាមរយៈ CCF Complain App។

