យោងតាមលទ្ធផលនៃការស្ទង់មតិដោយការិយាល័យស្ថិតិជាតិ (NSO) បានបង្ហាញថា ប្រជាពលរដ្ឋថៃជាងមួយភាគបី បានសម្តែងការរំពឹងទុកយ៉ាងមុតមាំ ចង់ឃើញរដ្ឋាភិបាលបច្ចុប្បន្ន ចាត់វិធានការដោះស្រាយបញ្ហាទំនិញឡើងថ្លៃ ដែលជាបន្ទុកដ៏ធ្ងន់ក្នុងការរស់នៅប្រចាំថ្ងៃ ព្រមទាំងគ្រប់គ្រងតម្លៃទំនិញប្រើប្រាស់ឱ្យបានសមរម្យ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ការស្ទង់មតិមួយនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែតុលា កន្លងទៅ ដោយមានការចូលរួមពីសំណាកប្រជាពលរដ្ឋសរុប ៥ ០០០ នាក់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ពីទូទាំងប្រទេសថៃ។

លទ្ធផលលម្អិតបានបង្ហាញថា ប្រជាពលរដ្ឋ ៤០,៣% បានសម្តែងការរំពឹងទុកឱ្យរដ្ឋាភិបាលធ្វើការកាត់បន្ថយថ្លៃចំណាយក្នុងការរស់នៅប្រចាំថ្ងៃ និងគ្រប់គ្រងតម្លៃទំនិញប្រើប្រាស់ឱ្យមានស្ថិរភាព។
ប្រជាពលរដ្ឋប្រមាណ ៣១,៥% ផ្សេងទៀត បានជឿជាក់ថា រដ្ឋាភិបាលនឹងអាចរៀបចំផែនការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ខណៈ ៣០,៨% បានអំពាវនាវឱ្យមានការដោះស្រាយបញ្ហាព្រំដែនរវាងថៃ-កម្ពុជា។ មួយវិញទៀត ១៩,៤% បានស្នើឱ្យមានដំណោះស្រាយបញ្ហាវិស័យកសិកម្ម ដូចជាការធ្លាក់ចុះនៃតម្លៃដំណាំ និងការបញ្ចុះតម្លៃជី ខណៈ ១៨,១% ចង់ឱ្យរដ្ឋាភិបាលបន្តទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រឿងញៀន។
ដោយឡែក ចំពោះទំនុកចិត្តទៅលើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាទាំងនេះ អ្នកឆ្លើយតប ៣១% បានលើកឡើងថា ពួកគេមានទំនុកចិត្តខ្ពស់ ៥២,៦% មានទំនុកចិត្តកម្រិតមធ្យម និង ៣,១% មានទំនុកចិត្តទាប។
