អ្នកជំនាញសុខាភិបាលវៀតណាមបានចេញសារព្រមានជាថ្មី ដោយអំពាវនាវឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើវិធានការសុវត្ថិភាពចំណីអាហារ បន្ទាប់ពីមានករណីពុលអាហារយ៉ាងគំហុកចំនួនប្រមាណ ២៣៥ នាក់នៅទីក្រុងហូជីមិញ។ ករណីពុលនេះកើតឡើងក្រោយពួកគាត់បានបរិភោគនំបុ័ងដាក់សាច់ ឬ “បាញ់មី” ចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន រហូតដល់ថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។
យោងតាមការចុះផ្សាយរបស់កាសែត Tuoi Tre កាលពីថ្ងៃអង្គារ កន្លងទៅ មន្ទីរសុខាភិបាលទីក្រុងហូជីមិញ បានបញ្ជាក់ថា ក្នុងចំណោមអ្នករងគ្រោះជាង ២០០ នាក់ មានម្នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ការពិនិត្យបឋមបានចង្អុលបង្ហាញថា បាក់តេរី Salmonella អាចជាមូលហេតុចម្បងនៃការពុលនេះ ដែលស្រដៀងនឹងករណីពុលបាញ់មីកាលពីពេលកន្លងមកដែរ។

អ្នកជំនាញផ្នែកម្ហូបអាហារវៀតណាមបានពន្យល់ថា ការពុលនំបុ័ងដាក់សាច់ភាគច្រើន កើតចេញពីគ្រឿងផ្សំផ្សេងៗនៅក្នុងបាញ់មី ជាជាងនំបុ័ងខ្លួនឯង។ ពួកគេបានព្រមានថា គ្រឿងផ្សំដែលងាយឆ្លងមេរោគបំពុលរួមមាន សាច់ជ្រូក ប៉ាតេ សាច់ក្រក ត្រសក់ ទឹកជ្រលក់ម្ទេស និងបន្លែឆៅមួយចំនួន។
ក្នុងចំណោមគ្រឿងផ្សំទាំងនោះ ប៉ាតេត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់បំផុត ដោយសារវាត្រូវបានផលិតចេញពីថ្លើមចំហុយ និងខ្លាញ់ជ្រូក ដែលអាចនឹងមិនសម្លាប់បាក់តេរីទាំងអស់នោះឡើយ។ ប្រសិនបើការរក្សាទុកមិនត្រឹមត្រូវ បាក់តេរីអាចកើនឡើងយ៉ាងឆាប់រហ័ស ទោះបីជាមានការកំដៅឡើងវិញក៏ដោយ ក៏នៅតែមិនអាចកម្ចាត់ជាតិពុលទាំងស្រុងបានដែរ។
ហាងលក់បាញ់មីធំៗក៏ប្រឈមមុខនឹងហានិភ័យខ្ពស់ផងដែរ ព្រោះពួកគេតែងតែប្រើប្រាស់គ្រឿងផ្សំច្រើនប្រភេទ ដែលភាគច្រើនជាគ្រឿងត្រជាក់ និងមិនបានកំដៅឡើងវិញ។ ម្យ៉ាងវិញទៀត អនាម័យមិនល្អ ឬការស្ដុកទុកមិនត្រឹមត្រូវ ក៏អាចធ្វើឲ្យការចម្លងមេរោគកាន់តែអាក្រក់ផងដែរ។
ជាទូទៅ រោគសញ្ញានៃការឆ្លងបាក់តេរី Salmonella រួមមាន រាគ គ្រុនក្ដៅ រមួលក្រពើ និងចង្អោរ។ ករណីពុលបាញ់មីភាគច្រើនត្រូវបានព្យាបាលជាសះស្បើយ ប៉ុន្តែកុមារ និងមនុស្សចាស់អាចប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរដូចជា សម្ពាធឈាមចុះទាបខ្លាំង ឬខ្សោយតម្រងនោម។ គួរឲ្យបារម្ភ ប្រហែល ៨% នៃករណីពុលចំណីអាចនាំឲ្យមានការឆ្លងមេរោគក្នុងចរន្តឈាម។
ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃករណីពុលអាហារនាពេលអនាគត អ្នកជំនាញបានជំរុញឲ្យអ្នកលក់ដូរទាំងអស់បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារ ដោយធានាការគ្របគ្រង រក្សាទុក និងការរៀបចំអាហារឲ្យបានត្រឹមត្រូវតាមស្ដង់ដារអនាម័យ។
រដ្ឋបាលចំណីអាហារវៀតណាម (VFA) ក្រោមក្រសួងសុខាភិបាល ក៏បានប្រកាសថា ខ្លួនកំពុងរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំថ្មីស្តីពីសុវត្ថិភាពចំណីអាហារសម្រាប់អ្នកលក់ដូរតាមចិញ្ចើមផ្លូវ និងផ្ទះបាយរួម។ គោលការណ៍ណែនាំនេះនឹងគ្របដណ្តប់លើការជ្រើសរើសគ្រឿងផ្សំ ការរក្សាទុក ការបង្ការការចម្លងរោគ និងនីតិវិធីដោះស្រាយសម្រាប់ករណីសង្ស័យថាមានការពុលអាហារជាដើម។
