ទំនប់វារីអគ្គិសនីធំជាងគេនៅថៃ ជិតពេញចំណុះ! អាជ្ញាធរបង្កើនការបញ្ចេញទឹក បារម្ភពីទឹកជំនន់

ទំនប់វារីអគ្គិសនីធំជាងគេនៅថៃ ជិតពេញចំណុះ! អាជ្ញាធរបង្កើនការបញ្ចេញទឹក បារម្ភពីទឹកជំនន់

សារព័ត៌មាន Khaosod ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកាថា កម្រិតទឹកនៅក្នុងទំនប់ Bhumibol ដែលជាទំនប់ដ៏សំខាន់មួយក្នុងខេត្ត Tak ប្រទេសថៃ បានកើនឡើងជិតដល់កម្រិតពេញចំណុះ គឺ ៩៩.៣៣% នៃសមត្ថភាពផ្ទុកសរុប។ ស្ថានការណ៍នេះ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធសម្រេចបង្កើនការបញ្ចេញទឹកចេញពីទំនប់ជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយសម្ពាធ និងទប់ស្កាត់ហានិភ័យនៃទឹកជំនន់ដែលអាចកើតឡើង។

Bhumibol Dam

គិតត្រឹមម៉ោង ៨:៤៩ នាទីព្រឹកថ្ងៃអង្គារ ការអាប់ដេតចុងក្រោយបានបង្ហាញថា ទំនប់ Bhumibol កំពុងផ្ទុកទឹកសរុប ១៣.៣៧១,៨០ លានម៉ែត្រគូប ដែលក្នុងនោះមានទឹកចំនួន ៩.៥៧១,៨០ លានម៉ែត្រគូបសម្រាប់ប្រើប្រាស់ ស្មើនឹងប្រមាណ ៩៩% នៃសមត្ថភាពប្រើប្រាស់អតិបរមា។ បច្ចុប្បន្ន កម្រិតទឹកមានកម្ពស់ ២៥៩,៧១ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយទំនប់នេះអាចទទួលទឹកបន្ថែមបានតិចតួចបំផុតប៉ុណ្ណោះ ព្រោះកម្រិតទឹកឡើងខ្ពស់ជិតពេញចំណុះហើយ។

Bhumibol Dam

ដើម្បីទប់ទល់នឹងស្ថានការណ៍នេះ នាយកដ្ឋានធារាសាស្ត្រថៃបានចេញសេចក្តីប្រកាសពីផែនការបញ្ចេញទឹកថ្មី។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ទំនប់បានបញ្ចេញទឹកចំនួន ៤៨ លានម៉ែត្រគូប។ ទឹកដែលត្រូវបញ្ចេញបានកើនឡើងដល់ ៥៣ លានម៉ែត្រគូបនៅថ្ងៃទី១១ ខែវិច្ឆិកា ហើយនឹងបន្តកើនឡើងដល់ ៥៥ លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅថ្ងៃទី១២ ខែវិច្ឆិកា។

គួររំលឹកផងដែរថា ទំនប់ Bhumibol គឺជាទំនប់វារីអគ្គិសនីដ៏ធំជាងគេបង្អស់របស់ប្រទេសថៃ ហើយក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់វិស័យកសិកម្ម ការផលិតថាមពលអគ្គិសនី និងការគ្រប់គ្រងទឹកជំនន់នៅក្នុងអាងទន្លេចៅប្រាយ៉ាផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរថៃក៏បានចេញសារព្រមានដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទំនាបខាងក្រោម ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលតំបន់ភាគខាងជើងប្រទេសថៃនៅតែបន្តទទួលរងឥទ្ធិពលពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។

Bhumibol Dam

administrator

Related Articles