ណាហ្គាវើលដ៍ ឈ្នះពាន “កន្លែងធ្វើការដ៏អស្ចារ្យ” ដោយ Great Place to Work® ជាមួយពិន្ទុខ្ពស់ត្រដែត!

ណាហ្គាវើលដ៍ ឈ្នះពាន “កន្លែងធ្វើការដ៏អស្ចារ្យ” ដោយ Great Place to Work® ជាមួយពិន្ទុខ្ពស់ត្រដែត!

ភ្នំពេញ៖ ណាហ្គាវើលដ៍ ដែលជាកន្លែងផ្តល់សេវាកម្មបដិសណ្ឋារកិច្ចលំដាប់ពិភពលោក ពិតជាទទួលបានការទទួលស្គាល់ជាផ្លូវការពីស្ថាប័ន Great Place to Work® ថាជា “កន្លែងធ្វើការដ៏អស្ចារ្យ” (Great Place To Work® Certification™) ជាមួយពិន្ទុដ៏គួរឱ្យភ្ញាក់ផ្អើល ៩៥%។ ភាពជោគជ័យនេះ កើតចេញពីការប្តេជ្ញាចិត្តរបស់បុគ្គលិកជាង ៦,០០០ នាក់ ដែលធ្វើការដោយបេះដូង រាប់ចាប់ពីបុគ្គលិកជួរមុខ រហូតដល់ចុងភៅ អ្នកសម្តែង និងក្រុមគាំទ្រទាំងអស់។ ក្នុងឱកាសខួបលើកទី៣០ របស់ខ្លួន ការទទួលស្គាល់នេះ បានបង្ហាញយ៉ាងច្បាស់ថា ការវិនិយោគលើធនធានមនុស្ស គឺជាគ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យយូរអង្វែងរបស់ណាហ្គាវើលដ៍។

ណាហ្គាវើលដ៍ យកចិត្តទុកដាក់ចំពោះបុគ្គលិករបស់ខ្លួនលើសពីកម្រិតមូលដ្ឋាន ដោយផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនដូចជា៖ សេវាកម្មពិនិត្យ និងព្យាបាលនៅគ្លីនិកសុខភាពក្រុមហ៊ុន ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ការធានារ៉ាប់រងគ្រប់ប្រភេទ អាហារឥតកំណត់ ២៤ ម៉ោងជាមួយនឹងការត្រួតពិនិត្យអនាម័យខ្ពស់ និងផ្សារណាហ្គាម៉ាត។ ក្រុមហ៊ុនក៏លើកទឹកចិត្តដល់បុគ្គលិកឱ្យមានរបៀបរស់នៅសកម្ម និងសុខភាពល្អតាមរយៈកម្មវិធីយូហ្គា ការប្រណាំងប្រចាំឆ្នាំ និងការប្រកួតបាល់ទាត់។ សុវត្ថិភាពបុគ្គលិកក៏ជាអាទិភាពចម្បងផងដែរ ដោយមានការណែនាំ ការបណ្តុះបណ្តាលបង្ការអគ្គិភ័យ និងការត្រួតពិនិត្យអនាម័យប្រចាំថ្ងៃ ដើម្បីធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងផាសុកភាព។

កញ្ញា ហ៊ុល សុភាព ដែលបានបម្រើការងារតាំងពីឆ្នាំ២០០០ ហើយបានវិវឌ្ឍន៍ខ្លួនពីបុគ្គលិកសម្អាត រហូតក្លាយជាបុគ្គលិកប្រតិបត្តិផ្នែករដ្ឋបាល បានរៀបរាប់ថា៖ «ណាហ្គាវើលដ៍ ផ្តល់អាហារ ២៤ ម៉ោងសម្រាប់បុគ្គលិក ដែលមានផ្នែកសុវត្ថិភាព និងអនាម័យត្រួតពិនិត្យគុណភាពអាហាររាល់ថ្ងៃ។ ពេលឈឺ ក៏មានគ្លីនិករបស់ក្រុមហ៊ុន ២៤/៧ សម្រាប់ពិនិត្យ និងព្យាបាល ព្រមទាំងមានការគាំទ្រ ប.ស.ស. ទៀតផង។ កាលពីកូវីដ-១៩ ក្រុមហ៊ុននៅតែបន្តយកចិត្តទុកដាក់ និងផ្តល់ប្រាក់ខែឱ្យយើងធម្មតា។ កន្លែងធ្វើការនេះប្រៀបដូចជាផ្ទះទីពីររបស់ខ្ញុំ»។ ពាក្យសម្តីស្មោះត្រង់របស់កញ្ញា បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ចំពោះបុគ្គលិក សូម្បីតែក្នុងគ្រាលំបាកបំផុត។

**ការអភិវឌ្ឍ និងការទទួលស្គាល់**

វប្បធម៌ការងារនៅណាហ្គាវើលដ៍ ផ្តោតសំខាន់លើការអភិវឌ្ឍវិជ្ជាជីវៈ និងការទទួលស្គាល់សមត្ថភាព។ នៅឆ្នាំ២០២៤ បុគ្គលិកបានបញ្ចប់ការបណ្តុះបណ្តាលជាង ២០៥,០០០ ម៉ោង ដើម្បីពង្រឹងជំនាញបច្ចេកទេស និងជំនាញទន់ដូចជា ការទំនាក់ទំនង ការធ្វើការជាក្រុម និងភាពជាអ្នកដឹកនាំ។ ចាប់តាំងពីឆ្នាំ២០២៣ មក អ្នកដឹកនាំជាង ៥០០ នាក់បានទទួលការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។

ការប្រកួតប្រជែងជំនាញតាមផ្នែកប្រចាំឆ្នាំរបស់ណាហ្គាវើលដ៍ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៦ មក បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់បុគ្គលិក។ កម្មវិធីនេះបង្ហាញ និងទទួលស្គាល់ភាពច្នៃប្រឌិត និងជំនាញរបស់បុគ្គលិកជួរមុខ ផ្នែកសណ្ឋាគារ ម្ហូបអាហារ និងភេសជ្ជៈ ចុងភៅ និងបុគ្គលិកជាច្រើនផ្នែកទៀត។ វាជាការលើកទឹកចិត្តដល់ឧត្តមភាព បង្កើនចំណងមិត្តភាព និងបង្កើតវប្បធម៌ដែលឱ្យតម្លៃលើការចូលរួមរបស់បុគ្គលិកម្នាក់ៗ។ លើសពីនេះ អ្នកឈ្នះក៏មានឱកាសចូលរួមប្រកួតប្រជែងថ្នាក់ជាតិ ដើម្បីពង្រីកសមត្ថភាពរបស់ខ្លួនផងដែរ។

លោក ជុំ យ៉េត ដែលជាចុងភៅ និងធ្លាប់ចាប់ផ្តើមការងារជាអ្នកលាងចាននៅរោងចក្រ មុននឹងចូលបម្រើការងារជាលេខាក្នុងផ្នែកម្ហូបអាហារ និងភេសជ្ជៈនៅណាហ្គាវើលដ៍ក្នុងឆ្នាំ២០១៧ បានចែករំលែកថា៖ «ខ្ញុំធ្លាប់ជាអ្នកលាងចាននៅតាមរោងការ ប៉ុន្តែចាប់តាំងពីចូលរួមជាមួយណាហ្គាវើលដ៍ ខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតខេមហ៊្វូដ និងការប្រកួតធ្វើម្ហូបនៅស្ថានីយទូរទស្សន៍ស៊ីធីអិន។ វាជារឿងដ៏លំបាក ប៉ុន្តែខ្ញុំអាចធ្វើបាន។ អរគុណដល់ក្រុមហ៊ុនដែលបានផ្តល់ការបណ្តុះបណ្តាលដល់ខ្ញុំ»។

ការទទួលស្គាល់ផ្សេងទៀតរួមមាន ការផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមប្រចាំខែ និងពានរង្វាន់បុគ្គលិកស្មោះត្រង់ ដែលជាការសាទរដល់ស្នាដៃ និងសុចរិតភាពរបស់បុគ្គលិកគ្រប់ផ្នែក។ ណាហ្គាវើលដ៍ ក៏សង្កត់ធ្ងន់លើការដំឡើងមុខតំណែងផ្ទៃក្នុង និងការពិភាក្សាបើកចំហរ ដោយមានការជ្រើសរើសប្រតិភូបុគ្គលិក ដើម្បីធានាថាពួកគេអាចបញ្ចេញមតិយោបល់បានគ្រប់ពេលវេលា។

មេចុងភៅផ្នែកនំ លោក សារ៉ែន ពិសិដ្ឋ ដែលទទួលបានការបណ្តុះបណ្តាលក្រៅប្រទេសឧបត្ថម្ភដោយក្រុមហ៊ុន និងឱកាសធ្វើជាគណៈកម្មការដាក់ពិន្ទុនៃការប្រកួតធ្វើម្ហូបនៅទីក្រុងកូឡុំបូ បានបញ្ជាក់ពីតម្លៃនៃកម្មវិធីអភិវឌ្ឍន៍របស់ណាហ្គាវើលដ៍ថា៖ «សកម្មភាពទាំងនេះបង្ហាញថា ក្រុមហ៊ុនយកចិត្តទុកដាក់យ៉ាងខ្លាំងលើសុខុមាលភាព និងការចូលរួមរបស់បុគ្គលិក។ វាបង្កើតបរិយាកាសវិជ្ជមានដែលបុគ្គលិកមានភាពរីករាយ កន្លែងធ្វើការផ្តល់ភាពកក់ក្តៅ និងបុគ្គលិកត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍខ្លួន បន្តនៅជាមួយក្រុមហ៊ុនយូរអង្វែង និងប្រឹងប្រែងធ្វើការបានល្អ»។

**ចំណងមិត្តភាព និងស្មារតីសហគមន៍**

ចំណងមិត្តភាពនៅណាហ្គាវើលដ៍ ត្រូវបានពង្រឹងតាមរយៈការរៀបចំព្រឹត្តិការណ៍វប្បធម៌លក្ខណៈគ្រួសារ រាប់ចាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ រហូតដល់កម្មវិធីប្រឡងសមត្ថភាព និងទេពកោសល្យ ទិវាកុមារ និងសកម្មភាពកីឡា ដែលបង្កើនមិត្តភាពនៅគ្រប់ផ្នែក។

ការផ្តល់ត្រឡប់ទៅសហគមន៍វិញ ក៏ជាអាទិភាពដ៏សំខាន់ផងដែរ។ នៅឆ្នាំ២០២៤ បុគ្គលិកបានចំណាយពេលស្ម័គ្រចិត្តចំនួន ៧,៧០០ ម៉ោង ជាមួយណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុន។ កម្មវិធីនេះបានគាំទ្រដល់សិស្សានុសិស្សជិត ៣,៨០០ នាក់ តាមរយៈការផ្តល់ការណែនាំ ការដាំកូនឈើ និងការឧបត្ថម្ភជាច្រើនទៀត។ ចាប់តាំងពីឆ្នាំ២០១៤ មក កម្មវិធីទាំងនេះបានជះឥទ្ធិពលជាវិជ្ជមានដល់មនុស្សជិត ១ លាននាក់ទូទាំងប្រទេសកម្ពុជា ដែលបង្កើនមោទនភាព មិត្តភាព និងការផ្លាស់ប្តូរជាក់ស្តែងក្នុងពេលតែមួយ។

កញ្ញា ហោ នីកា បុគ្គលិកប្រតិបត្តិជាន់ខ្ពស់ផ្នែកធនធានមនុស្ស និងជាអ្នកស្ម័គ្រចិត្តនៃណាហ្គាវើលដ៍បេះដូងសប្បុរស បានឱ្យដឹងថា៖ «ការផ្តល់ត្រឡប់ ពិតជាមានអត្ថន័យខ្លាំងណាស់។ ខ្ញុំបានចែករំលែកបទពិសោធន៍របស់ខ្ញុំដល់ក្មេងៗ ហើយខ្ញុំសង្ឃឹមថាវានឹងលើកទឹកចិត្តពួកគេឱ្យប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានអនាគតកាន់តែប្រសើរ»។

**លើសពីកន្លែងធ្វើការ**

ក្រៅពីពិន្ទុ Trust Index™ ដ៏ល្អ ៩៤% នៃបុគ្គលិកដែលត្រូវបានស្ទង់មតិ បានបង្ហាញពីមោទនភាពរបស់ពួកគេដែលបានធ្វើការនៅណាហ្គាវើលដ៍។ ក្នុងចំណោមពួកគេ គឺលោក ហេង ជាទុន ដែលបានបម្រើការនៅក្រុមហ៊ុនអស់រយៈពេល ២៥ ឆ្នាំ និងបានអភិវឌ្ឍខ្លួនក្លាយជាអនុប្រធានផ្នែកហិរញ្ញវត្ថុ។

លោក ឆែម សុធា អ្នកគ្រប់គ្រងផ្នែកសន្តិសុខ ដែលបានចូលបម្រើការងារក្នុងឆ្នាំ២០០៦ និងទទួលបានការដំឡើងមុខតំណែង ៤ ដង បានឱ្យដឹងថា៖ «សម្រាប់ខ្ញុំ ណាហ្គាវើលដ៍មិនត្រឹមតែជាកន្លែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលផ្តល់តម្លៃ និងវិនិយោគលើបុគ្គលិក ដោយជួយពួកយើងអភិវឌ្ឍខ្លួន និងវិជ្ជាជីវៈ»។

ណាហ្គាវើលដ៍ មានតម្លៃលើសពីកន្លែងធ្វើការ។ ណាហ្គាវើលដ៍ គឺជាផ្ទះទីពីរដែលយកចិត្តទុកដាក់ បណ្តុះសមត្ថភាព និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់រូបដើម្បីអភិវឌ្ឍខ្លួន។ The Great Place To Work® Certification™ ទទួលស្គាល់កន្លែងធ្វើការឆ្នើមកម្រិតសកលលោក។ ការទទួលស្គាល់នេះ កើតចេញពីការបញ្ចេញមតិដ៏ស្មោះត្រង់ពីចិត្តរបស់បុគ្គលិកគ្រប់រូប ដែលធ្វើឱ្យណាហ្គាវើលដ៍ មានថ្ងៃនេះ។ ទទួលបានការងារដែលផ្តល់អត្ថប្រយោជន៍ដ៏ច្រើននៅណាហ្គាវើលដ៍។ ចូលរួមដើម្បីធ្វើឱ្យវិស័យបដិសណ្ឋារកិច្ចកាន់តែប្រសើរ។ ឈ្វេងយល់បន្ថែមដោយចូលទៅកាន់ www.nagaworld.com ៕ **ដោយ​៖ តារា**

administrator

Related Articles