បន្ទាប់ពីមានការផ្ទុះអាវុធយ៉ាងកក្រើក ដែលគេដឹងថាបង្កឡើងដោយភាគីថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យជនស៊ីវិលកម្ពុជាម្នាក់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់នោះ អតីតអ្នកសារព័ត៌មានអន្តរជាតិជើងចាស់ប្រចាំប្រទេសថៃ ដែលមានប្រវត្តិស្និទ្ធនឹងគ្រួសាររាជវង្សថៃផង បានចេញមុខរិះគន់យ៉ាងចាស់ដៃ ចំពោះការចុះផ្សាយព័ត៌មានរបស់សារព័ត៌មាន Khaosod English ដែលលោកថា មិនឆ្លុះបញ្ចាំងការពិត និងមានលក្ខណៈជាការឃោសនាបំភ័ន្តមតិសាធារណៈ។

លោក Andrew Marshall ដែលជាអ្នកសារព័ត៌មានជើងចាស់សញ្ជាតិស្កុតឡេន ធ្លាប់ជាអ្នកឆ្លើយឆ្លងព័ត៌មានឱ្យទីភ្នាក់ងារ Reuters ប្រចាំប្រទេសថៃ និងមានប្រវត្តិជិតស្និទ្ធជាមួយរាជវង្សថៃ បានសរសេររៀបរាប់នៅលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនរបស់លោក «Andrew MacGregor Marshall» កាលពីថ្ងៃទី១២ ខែវិច្ឆិកានេះថា កងយោធាថៃត្រូវបានគេចាប់បានថា «បានកុហកច្រើនលើកច្រើនសារក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ»។

លោកបានបន្តសំណេររបស់លោកទៀតថា៖ «ក្នុងនាមជាអ្នកសារព័ត៌មាន លោកអ្នកគួរបញ្ចៀសការប្រើប្រាស់ពាក្យពេចន៍ដែលថា យោធាថៃ «បានបង្ហាញ» ព័ត៌មានលម្អិតនៃការប៉ះទង្គិចគ្នាជាយដែន ដោយ «បង្ហាញ» ថាភាគីកម្ពុជាបានបាញ់មុន ហើយ «បញ្ជាក់» ថាពួកគេ «បានសងសឹក» ដើម្បី «ការពារអធិបតេយ្យភាពជាតិ»»។
លោកបន្ថែមថា ក្នុងនាមជាអ្នកសារព័ត៌មាន ក៏គួរជៀសវាងផងដែរនូវឃ្លាដូចជា «រឿងពិតត្រូវបានបញ្ជាក់ដូចខាងក្រោមនេះ»។ ការប្រើប្រាស់ឃ្លាទាំងនេះបង្ហាញថា អ្នកសរសេរអត្ថបទបានជឿទៅលើរឿងរ៉ាវរបស់ភាគីថៃដោយគ្មានការសង្ស័យបន្តិចណាសោះ។ លោកសង្កត់ធ្ងន់ថា នេះមិនមែនជាវិជ្ជាជីវៈសារព័ត៌មានឡើយ តែវាជាការឃោសនាតែប៉ុណ្ណោះ។

គួររំលឹកផងដែរថា លោក Andrew Marshall គឺជាអ្នកដែលធ្លាប់បានទម្លាយព័ត៌មានដ៏រសើបអំពីការសោយទីវង្គតរបស់មហាក្សត្រីយានី សិរីគិត ដែលជាព្រះរាជមាតារបស់ព្រះមហាក្សត្រថៃ មហាវ៉ាជីរ៉ាឡុងកន កាលពីថ្ងៃទី២៦ ខែកក្កដា អំឡុងពេលដែលកងយោធាថៃ និងកម្ពុជាកំពុងតែប្រយុទ្ធគ្នាដ៏ស្វិតស្វាញផងដែរ។

រ៉ាន់ រើយ
