តៃវ៉ាន់រងគ្រោះធ្ងន់! ព្យុះ Fung-wong វាយប្រហារ បង្កទឹកជំនន់ជម្លៀសមនុស្សជាង ៨០០០នាក់

តៃវ៉ាន់រងគ្រោះធ្ងន់! ព្យុះ Fung-wong វាយប្រហារ បង្កទឹកជំនន់ជម្លៀសមនុស្សជាង ៨០០០នាក់

ព្យុះទីហ្វុង Fung-wong បាន​វាយ​ប្រហារ​ឆ្នេរ​ភាគ​ខាង​កើត​កោះ​តៃវ៉ាន់​កាល​ពី​ថ្ងៃ​អង្គារ ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ដោយ​បាន​នាំ​មក​នូវ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង និង​ទឹក​ជំនន់​យ៉ាង​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​អាជ្ញាធរ​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ជាង ៨ ៣០០​នាក់​ទៅ​កាន់​ទីទួល​សុវត្ថិភាព។

ព្យុះ​នេះ​ដែល​ធ្លាប់​បាន​សម្លាប់​មនុស្ស ១៨​នាក់​នៅ​ប្រទេស​ហ្វីលីពីន​រួច​មក​ហើយ​នោះ បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​យ៉ាង​គំហុក​នៅ​តំបន់​មួយ​ចំនួន​នៃ​ទីក្រុង Yilan ជា​ទី​ដែល​កងទ័ព​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ស្រុក​ដែល​ជាប់​គាំង។
រូបភាពតំណាង

អ្នក​នេសាទ​ម្នាក់​ឈ្មោះ Hung Chun-yi មក​ពី​ទីក្រុង​កំពង់ផែ Suao ភាគ​ខាង​កើត បាន​រៀបរាប់​ប្រាប់​ទីភ្នាក់ងារ Reuters ថា៖ «ទឹក​បាន​ហូរ​ចូល​មក​យ៉ាង​លឿន។ ភ្លៀង​ធ្លាក់​ខ្លាំង​ពេក ហើយ​លឿន​ពេក រហូត​ដល់​ប្រព័ន្ធ​លូ​មិន​អាច​ទប់ទល់​បាន»។

អាជ្ញាធរ​បាន​ប្រកាស​ថា មនុស្ស​យ៉ាង​តិច ៥១​នាក់​បាន​រង​របួស។ អាជីវកម្ម និង​សាលា​រៀន​ត្រូវ​បាន​បិទ​នៅ​ទូទាំង​ភាគ​ខាង​ត្បូង​កោះ​តៃវ៉ាន់ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ភ្លាមៗ និង​ការ​រអិល​បាក់​ដី។

យោង​តាម​មន្ត្រី​ឧតុនិយម ទីប្រជុំជន Dongshan នៃ​តំបន់ Yilan បាន​កត់ត្រា​ទឹក​ភ្លៀង​ជិត ៨០០​មីលីម៉ែត្រ​កាល​ពី​ថ្ងៃ​អង្គារ។ រដ្ឋបាល​អាកាសធាតុ​កណ្តាល​បាន​ឲ្យ​ដឹង​ថា ព្យុះ Fung-wong ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រំកិល​ឆ្លងកាត់​ចុង​ភាគ​ខាង​ត្បូង​នៃ​កោះ​តៃវ៉ាន់ មុន​ពេល​បន្ត​ដំណើរ​ទៅ​កាន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។

ជា​ការ​ប្រុង​ប្រយ័ត្ន ប្រជាពលរដ្ឋ​ជាង ៣ ០០០​នាក់​នៅ​តំបន់ Hualien ដែល​ធ្លាប់​រងគ្រោះ​ទឹកជំនន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​ព្យុះទីហ្វុង​កាល​ពី​ខែ​កញ្ញា​នោះ ត្រូវ​បាន​ផ្លាស់ប្ដូរ​ទី​លំនៅ​ទៅ​កន្លែង​សុវត្ថិភាព។ ទោះជាយ៉ាងណា ទីក្រុង Hsinchu ភាគ​ខាង​ជើង ដែល​ជា​ទីតាំង​របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ដ៏​ធំ​បំផុត​លើ​ពិភពលោក TSMC ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មិន​រង​ផល​ប៉ះពាល់​ឡើយ។

administrator

Related Articles