ក្រសួងព័ត៌មាន បានផ្សាយកាលពីរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា កម្ពុជា និងចក្រភពអង់គ្លេស បានជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងជំនួបដ៏សំខាន់នេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងផ្លាស់ប្តូរទស្សនៈលើកិច្ចការងារនេះ។
ក្នុងជំនួបដ៏ស្និទ្ធស្នាលនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប បន្ថែមលើយន្តការដែលមានស្រាប់។ គោលបំណងគឺសម្របសម្រួលឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិយកចិត្តទុកដាក់ខ្ពស់ក្នុងការបោសសម្អាតបទល្មើសនេះពីមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមសន្តិបណ្ឌិត ក៏បានជម្រាបជូនពីលទ្ធផលនៃសកម្មភាពប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពកន្លងមកផងដែរ។ លោកបានបញ្ជាក់បន្ថែមពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ តាមរយៈការចូលរួមស៊ើបអង្កេត ចែករំលែកព័ត៌មាន និងបទពិសោធន៍ ដើម្បីបង្ការ ទប់ស្កាត់ និងស្រាវជ្រាវរកមេក្លោងព្រមទាំងបណ្តាញអង្គការចាត់តាំងឱ្យបានម៉ឺងម៉ាត់។

ជាការឆ្លើយតប ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេស បានសម្តែងការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង។ លោកឯកអគ្គរាជទូតបានគូសបញ្ជាក់ពីចំណងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងចក្រភពអង់គ្លេស និងកម្ពុជា ព្រមទាំងបង្ហាញបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីរួមចំណែកជួយឱ្យកម្ពុជាបន្តអភិវឌ្ឍ និងមានភាពរឹងមាំ។

ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏មានបំណងចង់ភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយ គ.ប.ឆ.ប. ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ភាគីទាំងពីរបានបន្តពិភាក្សាអំពីជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាព សំដៅរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាកង្វល់រួមរបស់ពិភពលោក ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត។
ប្រភព៖ ក្រសួងព័ត៌មាន
