ឡុង បេលឿន ផ្ដួល​ជើងខ្លាំង​បារាំង SPEA BAPA ត្រឹម​ទឹក​ទី​៣ ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ពេញ​ប្រទេស​បារាំង!

ឡុង បេលឿន ផ្ដួល​ជើងខ្លាំង​បារាំង SPEA BAPA ត្រឹម​ទឹក​ទី​៣ ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ពេញ​ប្រទេស​បារាំង!

ប្រទេស​បារាំង៖ បេសកកម្ម​ដ៏​អស្ចារ្យ​របស់​អ្នក​ប្រដាល់​គុន​ខ្មែរ​៣​រូប​នៅ​ទឹកដី​បារាំង​កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ធ្វើ​ឲ្យ​មហាជន​អ្នក​តាមដាន​វិស័យ​កីឡាប្រដាល់​ទាំង​ក្នុង​និង​ក្រៅប្រទេស​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ កីឡាករ​ទាំង​៣​រូប​សុទ្ធតែ​ដណ្ដើម​បាន​ជ័យជម្នះ​លើ​គូប្រកួត​រៀងៗ​ខ្លួន ដោយឡែក​កីឡាករ ឡុង បេលឿន បង្ហាញ​សមត្ថភាព​ដ៏​គួរ​ឲ្យ​កោតសរសើរ​បំផុត ដោយ​ផ្ដួល​កីឡាករ​ជើងខ្លាំង​បារាំង SPEA Bapa ឲ្យ​បោះបង់​ការប្រកួត​នៅ​ត្រឹម​ទឹក​ទី​៣។

មុន​ពេល​ចេញដំណើរ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​ក្បាច់គុន​បុរាណ​ខ្មែរ​លើក​នេះ កីឡាករ ឡុង បេលឿន ដែល​ត្រូវ​ប៉ះ​ជាមួយ SPEA Bapa ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​អ្នក​តាមដាន​គុន​ខ្មែរ​មួយចំនួន។ ពួកគេ​យល់ថា កីឡាករ​បារាំង​រូបនេះ​ខ្លាំង​មិនធម្មតា​ឡើយ ហើយ​បាន​នាំគ្នា​ថា​ការទៅ​ប្រកួត​នេះ​អាច​នឹង​ខាតបង់​ប្រាក់​សំបុត្រ​យន្តហោះ​ទទេ។

ប៉ុន្តែ​ផ្ទុយ​ពី​ការរំពឹងទុក ឡុង បេលឿន បាន​ធ្វើ​ឲ្យ SPEA Bapa បោះបង់​ការប្រកួត​យ៉ាង​ងាយ​។ តាមពិត​នៅ​ទឹក​ទី​១ និង​ទី​២ កីឡាករ​បារាំង​រូបនេះ​បាន​ព្យាយាម​សម្រុក​យ៉ាង​ខ្លាំង​។ ឡុង បេលឿន ហាក់​ដូចជា​ដកថយ​រក​ឱកាស​វាយ​តបត​វិញ​បណ្ដើរៗ និង​ទប់ទល់​នឹង​ការវាយលុក​ទាំង​កម្រោល​របស់​គូប្រកួត។

លុះ​ចូល​ដល់​ទឹក​ទី​៣​ភ្លាម ឡុង បេលឿន ក៏​សម្រុក​វាយ​សន្ធាប់​ដោយ​ប្រើ​ស្នៀត​កែង​និង​ជង្គង់​យ៉ាង​ធ្ងន់ៗ ធ្វើ​ឲ្យ​កីឡាករ​បរទេស​រូបនេះ​ទប់​លែង​ជាប់ ក៏​បោះ​កន្សែង​សុំ​ចុះចាញ់​តែម្ដង។ ជ័យជម្នះ​ដ៏​ត្រចះត្រចង់​របស់ ឡុង បេលឿន លើក​នេះ បាន​ធ្វើ​ឲ្យ​អ្នករិះគន់​ទាំងនោះ​ភ្លឺភ្នែក​លែង​ហ៊ាន​ក្អក​ទៀត​។

រីឯ​កីឡាករ ធន់ ស៊ីហាវ ដែល​ប៉ះ​ជាមួយ NEO Gomis ក្នុង​ប្រភេទ​ទម្ងន់​៦២​គីឡូក្រាម ក៏​បាន​បង្ហាញ​សមត្ថភាព​បាន​ល្អ​ដោយ​យកឈ្នះ​ពិន្ទុ​ទៅលើ​គូប្រកួត​ជើងខ្លាំង​រូបនេះ​ផង​ដែរ​។ ចំណែក​កីឡាករ ធីម សៀងហៃ ក៏​បាន​យកឈ្នះ​ពិន្ទុ​កីឡាករ UNIS Soly ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ដូចគ្នា​។ ជោគជ័យ​ទាំងនេះ​បាន​លើក​មុខមាត់​ក្បាច់គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ​។

administrator

Related Articles