ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការបង្ក្រាបដ៏កក្រើកមួយ ដោយឃាត់ខ្លួនជនសង្ស័យសរុប ៣៧នាក់ ក្នុងនោះមានស្ត្រី ០៨នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងកាស៊ីណូម៉ារីណាន ស្ថិតក្នុងបុរីសានហូរ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយការស៊ើបអង្កេតយ៉ាងល្អិតល្អន់របស់សមត្ថកិច្ចជំនាញ។
ជនសង្ស័យទាំង ៣៧នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមានជនជាតិចិន ៥នាក់, ជនជាតិឥណ្ឌូនេស៊ី ៣០នាក់ និងជនជាតិខ្មែរ ២នាក់។ ពួកគេទាំងអស់ត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ដោយមានគោលដៅចំពោះពលរដ្ឋនៅក្នុងប្រទេសដទៃ ក្រោមរូបភាពបន្លំជាច្រើនបែបដូចជា ការក្លែងបន្លំជាសមត្ថកិច្ច, ការផ្តល់កម្ចីអនឡាញក្លែងក្លាយ, បន្លំជាអាជីវកម្មប្តូរប្រាក់ខុសច្បាប់ និងការប្តូររូបិយប័ណ្ណឌីជីថលជាដើម។

ក្នុងពេលចុះបង្ក្រាប សមត្ថកិច្ចក៏បានដកហូតវត្ថុតាងសំខាន់ៗជាច្រើន រួមមានកុំព្យូទ័រចំនួន ៦៥គ្រឿង ទូរសព្ទចំនួន ៦៣គ្រឿង និងអត្តសញ្ញាណបណ្ណសញ្ជាតិថៃចំនួន ២៦កាត ដែលជាភស្តុតាងសម្រាប់បម្រើដល់ការស៊ើបអង្កេតបន្ត។
ប្រតិបត្តិការដ៏ធំនេះ ត្រូវបានដឹកនាំដោយកម្លាំងចម្រុះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ, គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏បានចូលរួមសម្របសម្រួលនីតិវិធីផ្ទាល់ផងដែរ ដើម្បីធានានូវភាពត្រឹមត្រូវតាមផ្លូវច្បាប់។

ក្រោយការបង្ក្រាបនេះ ជនសង្ស័យទាំងអស់ ព្រមទាំងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត និងសមត្ថកិច្ចជំនាញ ដើម្បីបន្តនីតិវិធី និងស្រាវជ្រាវរកមេខ្លោងពិតប្រាកដដែលនៅពីក្រោយខ្នងបទល្មើសដ៏ធ្ងន់ធ្ងរនេះ។ ចំណែកទីតាំងកាស៊ីណូម៉ារីណាន ត្រូវបានសម្រេចបិទបណ្តោះអាសន្ន។

គួររំលឹកថា ក្នុងក្របខណ្ឌយុទ្ធនាការជាតិបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងបន្តចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ចំពោះមេខ្លោង និងបក្ខពួកដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ ដើម្បីធានាសុវត្ថិភាពសង្គម។

ដោយ÷តារា
