ឆក់ចាប់មេបក្ស! បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំនៅកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមទាំងថ្នាំញៀន៣១កញ្ចប់

ឆក់ចាប់មេបក្ស! បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំនៅកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមទាំងថ្នាំញៀន៣១កញ្ចប់

កំពង់ស្ពឺ៖ អំពើជួញដូរគ្រឿងញៀននៅខេត្តកំពង់ស្ពឺត្រូវបានបង្ក្រាបដោយជោគជ័យ! កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនជាបន្តបន្ទាប់ រយៈពេលពីរថ្ងៃ ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្រី២នាក់ និងប្រុស១នាក់ ដកហូតបានថ្នាំញៀនសរុប៣១កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា កម្លាំងជំនាញបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ ជនសង្ស័យទាំង២រូបនោះគឺ៖
ទី១- ឈ្មោះ វ៉ែន ភាព ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង ដកហូតថ្នាំញៀន២៤កញ្ចប់តូច និងទូរស័ព្ទដៃ១គ្រឿង។
ទី២- ឈ្មោះ រី ហ័ង ហៅហុង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ដកហូតបានថ្នាំញៀន៧កញ្ចប់ (មធ្យម០៥កញ្ចប់ តូច០២កញ្ចប់), ជញ្ជីងអេឡិចត្រូនិច០១គ្រឿង, ទូរស័ព្ទដៃ០១គ្រឿង និងម៉ូតូ០១គ្រឿង ម៉ាក Exciter ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GV-0274។

បន្ទាប់ពីសាកសួរជនសង្ស័យទាំងពីររូបរួចមក នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដដែល ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា កម្លាំងជំនាញបានបន្តចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ សេង ធីតា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច។ ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតទូរស័ព្ទដៃ១គ្រឿង, ជញ្ជីងអេឡិចត្រូនិច១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ ក៏ដូចជាវិចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីបន្ត៕

administrator

Related Articles