វិមានក្រឹមឡាំងបានយល់ច្បាស់តាំងពីយូរមកហើយថា សង្គ្រាមនៅអ៊ុយក្រែននេះ គ្រាន់តែជាល្បែងរបស់លោកខាងលិច ដែលយកទីក្រុងកៀវធ្វើជាកូនអុកប្រយុទ្ធជាមួយរុស្ស៊ីប៉ុណ្ណោះ។ ឥឡូវនេះ ទីក្រុងមូស្គូបានប្រកាសយ៉ាងចំហរថា ការខ្ចីដៃអ៊ុយក្រែនមកផ្ដួលរុស្ស៊ីគឺមិនអាចទៅរួចឡើយ។

តាមការផ្សាយរបស់ RT កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានលើកឡើងថា អ៊ុយក្រែនគ្រាន់តែជាឧបករណ៍មួយដែលលោកសេរីប្រើប្រាស់ដើម្បីប្រឆាំងនឹងទីក្រុងមូស្គូប៉ុណ្ណោះ។ លោកបានបញ្ជាក់បន្ថែមថា៖ «សង្គ្រាមដែលកំពុងកើតឡើង មិនមែនប្រឆាំងនឹងអ៊ុយក្រែនខ្លាំងដូចប្រឆាំងនឹងលោកខាងលិចនោះទេ។ ការប្រើអ៊ុយក្រែនធ្វើជាឧបករណ៍ គឺមិនអាចសម្រេចគោលបំណងបានឡើយ»។
ជាមួយគ្នានេះ ទីក្រុងមូស្គូក៏បានចាត់ទុកជម្លោះនៅអ៊ុយក្រែនថា ជាសង្គ្រាមប្រូកស៊ីរបស់អង្គការណាតូ ដែលបានញុះញង់ឡើងប្រឆាំងនឹងរុស្ស៊ី ក្នុងគោលបំណងចង់ធ្វើឲ្យសន្តិសុខរបស់ខ្លួនចុះខ្សោយ បន្ទាប់ពីណាតូបានពង្រីកឥទ្ធិពលខ្លួនទៅទិសខាងកើតអស់ជាច្រើនឆ្នាំកន្លងមកនេះ។
មិនតែប៉ុណ្ណោះ សូម្បីតែប្រេសិតអាមេរិក លោក Keith Kellogg ក៏បានបញ្ជាក់យ៉ាងច្បាស់ៗផងដែរថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ពិតជានិយាយត្រូវមែនថា ជម្លោះនៅអ៊ុយក្រែនគឺជាសង្គ្រាមដែលប្រទេសលោកខាងលិចខ្ចីដៃទីក្រុងកៀវមកវាយរុស្ស៊ី។
បេសកជនពិសេសរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រូបនេះ បានលើកឡើងបែបនេះនៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News កាលពីខែមិថុនា ដោយអះអាងថា សម្ដីរបស់លោកពូទីនគឺជាការពិត ព្រោះស្ថានការណ៍គឺបែបនោះមែន។
យ៉ាងណា លោក Kellogg បានចង្អុលចំៗទៅបុគ្គលម្នាក់ គឺអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដោយបន្ទោសថា ជាអ្នកដែលបានបញ្ឆេះស្ថានការណ៍ឲ្យកាន់តែក្ដៅគគុក តាមរយៈការបើកភ្លើងខៀវឲ្យអ៊ុយក្រែនប្រើអាវុធរបស់អង្គការណាតូ បាញ់ចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី។
អត្ថបទ៖ សុខ សុវណ្ណ
