ភ្នំពេញ៖ ដំណឹងល្អសម្រាប់វិស័យកសិកម្មកម្ពុជា! យោងតាមរបាយការណ៍បឋមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា រយៈពេល ១០ខែ ឆ្នាំ២០២៥ នេះ កម្ពុជាបានសម្រេចការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិបានជាង ១១លានតោន ដែលបានបង្កើតចំណូលសរុបជាង ៤ពាន់លានដុល្លារអាមេរិក។ ទិន្នន័យនេះបង្ហាញពីកំណើនដ៏គួរឱ្យកត់សម្គាល់រហូតដល់ ២៨,៥៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

ជាក់ស្ដែង របាយការណ៍ដដែលបានគូសបញ្ជាក់ថា ចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៥ ការនាំចេញផលិតផលដំណាំ ដែលត្រូវបានចុះបញ្ជីតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ១១.៨៩០.០០៥,៥៥តោន។ ក្នុងចំណោមនោះ ផលិតផលដំណាំក្រៅពីស្រូវ-អង្ករ មានចំនួន ៥.៧៤៤.៤៥៥,៤១តោន ស្រូវមានចំនួន ៥.៤៤៦.៦១១,១៤តោន និងអង្ករមានចំនួន ៦៩៨.៩៣៩តោន ដែលទាំងអស់នេះបានចរាចរណ៍ទៅកាន់គោលដៅ ៩០ប្រទេសជុំវិញពិភពលោក។
របាយការណ៍ដដែលក៏បានបន្ថែមទៀតថា ទំហំទឹកប្រាក់ដែលទទួលបានពីការនាំចេញកសិផលក្នុងរយៈពេល ១០ខែនេះ មានចំនួនសរុប ៤.១៨៣.១២៦.៦២៥,៧០ដុល្លារអាមេរិក។ ក្នុងនោះ ប្រាក់ចំណូលពីការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករ មានចំនួន ២.៥៣៤.៤៩៦.៤៤៧,២៧ដុល្លារអាមេរិក ចំណូលពីការនាំចេញស្រូវមានចំនួន ១.០៩២.០៩៩.៩៩៩,៦៨ដុល្លារអាមេរិក និងចំណូលពីការនាំចេញអង្ករមានចំនួន ៥៥៦.៥៣០.១៧៨,៧៥ដុល្លារអាមេរិក។
ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវទៅកាន់ប្រទេសថៃវិញ មានចំនួន ២៦០.១៩១.៦៦២,៧១ដុល្លារអាមេរិក ដែលស្មើនឹង ៦,២២% នៃទំហំនាំចេញសរុប។ គួរកត់សម្គាល់ថា ពុំមានការនាំចេញស្រូវទៅកាន់ប្រទេសថៃនោះទេ។

របាយការណ៍របស់ក្រសួងកសិកម្ម ក៏បានបន្តបង្ហាញថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៥ ទំហំនាំចេញសរុបបានកើនឡើង ២.៦៤២.៣៧៧,៦៩តោន បើធៀបនឹងឆ្នាំ២០២៤។ ការកើនឡើងនេះរួមមាន ការនាំចេញស្រូវកើនឡើង ១.៩៨៥.៣៣៥,៦៦តោន ផលិតផលដំណាំក្រៅពីស្រូវ-អង្ករកើនឡើង ៤៦៥.១៣២,០៣តោន និងអង្ករកើនឡើង ១៩១.៩១០តោន។
គួររំលឹកផងដែរថា បន្ទាប់ពីប្រទេសថៃបានបិទច្រកព្រំដែនផ្លូវគោកជាឯកតោភាគី កម្ពុជាបានបង្វែរការនាំចេញផលិតផលដំណាំទៅប្រទេសថៃតាមផ្លូវទឹកវិញ ដែលគិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ដំណាច់ខែតុលា ឆ្នាំ២០២៥ មានចំនួន ២.៣៩៨,២៩តោន ស្មើនឹង ៧.០៤៩.០១៥,២២ដុល្លារអាមេរិក។ យ៉ាងណាមិញ ការនាំចេញក្នុងខែតុលា មានត្រឹមតែ ៦៧០,១០តោន គិតជាទឹកប្រាក់ ១.២៥០.៣១៥,៥០ដុល្លារអាមេរិក ដែលនេះជាការថយចុះ ២៧,៥២% ឬស្មើនឹង ៤៧៤.៦១៥,៥០ដុល្លារអាមេរិក បើធៀបនឹងខែកញ្ញាដែលមានចំនួន ៣៧៧,៤០តោន ស្មើនឹង ១.៧២៤.៩៣១ដុល្លារអាមេរិក។

ទន្ទឹមនឹងនេះ ក្រសួងកសិកម្មបានបំភ្លឺថា ទោះបីជាការនាំចេញផលិតផលដំណាំសរុបក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៥ មានកំណើន ២៨,៥៧% ក៏ពិតមែន ប៉ុន្តែផលិតផលមួយចំនួនក៏មានការថយចុះផងដែរ ដោយសារមូលហេតុផ្សេងៗ។ ជាក់ស្ដែង ការនាំចេញដំឡូងមីស្រស់មានការថយចុះ ព្រោះកសិករបានបង្វែរមកកែច្នៃជាដំឡូងមីក្រៀម និងម្សៅវិញ ដើម្បីងាយស្រួលក្នុងការរក្សាទុក និងទទួលបានតម្លៃខ្ពស់។ ជាលទ្ធផល ក្នុងរយៈពេលដូចគ្នានេះ ការនាំចេញដំឡូងមីក្រៀមបានកើនឡើង ៦០,៩១% រីឯម្សៅដំឡូងមីកើនឡើងរហូតដល់ ៨២,៥៩% បើធៀបនឹងឆ្នាំ២០២៤។
