វៀតណាមបើកភ្លើងខៀវ! ថ្នាំព្យាបាលមហារីករបស់រុស្ស៊ីជាង ១០ ប្រភេទ ត្រៀមចាក់នៅប្រទេសខ្លួន

វៀតណាមបើកភ្លើងខៀវ! ថ្នាំព្យាបាលមហារីករបស់រុស្ស៊ីជាង ១០ ប្រភេទ ត្រៀមចាក់នៅប្រទេសខ្លួន

វៀតណាមបានប្រកាសជាផ្លូវការថា ថ្នាំចាក់ព្យាបាលជំងឺមហារីករបស់រុស្ស៊ីឈ្មោះ Pembroria ឥឡូវនេះបានទទួលអាជ្ញាប័ណ្ណអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ការព្យាបាលនៅក្នុងប្រទេសរបស់ខ្លួនហើយ។ ដំណឹងនេះបាននាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់អ្នកជំងឺមហារីកជាច្រើន។

យោងតាមការផ្សាយរបស់ VN Express នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយដកស្រង់ប្រភពពីរដ្ឋបាលឱសថវៀតណាមបានឱ្យដឹងថា ថ្នាំដ៏មានសក្តានុពលនេះបានទទួលភ្លើងបៃតងឱ្យប្រើប្រាស់ជាផ្លូវការរយៈពេល ៣ ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរវៀតណាមមិនទាន់បានកំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់ការចាប់ផ្តើមចាក់នោះនៅឡើយទេ។

ថ្នាំចាក់ Pembroria នេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Biocad របស់រុស្ស៊ី និងបានចុះបញ្ជីដោយក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ថ្នាំនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងនឹងជំងឺមហារីកជាង ១០ ប្រភេទ រួមមាន មហារីកសួត មហារីកស្បែក មហារីកពោះវៀនធំ មហារីកមាត់ស្បូន និងមហារីកតម្រងនោមជាដើម។

ថ្នាំ Pembroria ផ្ទុកនូវសារធាតុសកម្មសំខាន់គឺ Pembrolizumab ដែលត្រូវបានគេទទួលស្គាល់ថាជាសមាសធាតុដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីក។ សម្រាប់ការចំណាយវិញ គេប៉ាន់ស្មានថាថ្នាំមួយដបអាចមានតម្លៃប្រមាណ ៥៨០ ដុល្លារអាមេរិក។

នេះជាជំហានដ៏សំខាន់មួយទៀតក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងផ្តល់ជម្រើសព្យាបាលកាន់តែប្រសើរសម្រាប់អ្នកជំងឺនៅវៀតណាម។

administrator

Related Articles