វេទិកាពិគ្រោះយោបល់ខេត្តស្ទឹងត្រែងនៅសៀមបូក៖ ដោះស្រាយសំណូមពរប្រជាពលរដ្ឋជាង២០ចំណុច!

វេទិកាពិគ្រោះយោបល់ខេត្តស្ទឹងត្រែងនៅសៀមបូក៖ ដោះស្រាយសំណូមពរប្រជាពលរដ្ឋជាង២០ចំណុច!

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តយ៉ាងអធិកអធម នៅឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការប្រមាណ ៤០០នាក់។

ក្នុងឱកាសនោះ លោក ឈាង ឡាក់ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងស្រុកសៀមបូក បានលើកឡើងនូវសំណូមពរចំនួន ២៦ចំណុច ដែលភាគច្រើនផ្តោតលើតម្រូវការចាំបាច់ដូចជា ផ្លូវ ស្ពាន និងអគ្គិសនី។

ជាការឆ្លើយតប លោក សរ សុពុត្រា អភិបាលខេត្ត រួមជាមួយប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ បានធ្វើការដោះស្រាយនូវសំណូមពរទាំងនោះបានរួចរាល់នៅក្នុងវេទិកាផ្ទាល់តែម្តង ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា ស្រុកសៀមបូក ជាមូលដ្ឋានមួយដែលទទួលបានគម្រោងអភិវឌ្ឍន៍ជាច្រើន ជាពិសេសការស្ថាបនាផ្លូវ និងស្ពាន ដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

វេទិកាសាធារណៈនេះមានសារៈសំខាន់ណាស់ក្នុងការជំរុញការអនុវត្តមុខងាររបស់គ្រប់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។

ការពិនិត្យ និងដោះស្រាយបញ្ហា សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ នឹងរួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

វេទិកាសាធារណៈបែបនេះ គឺជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាឆន្ទៈដ៏មោះមុតរបស់ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិអនុវត្តកម្មវិធីវេទិកាក្រុមប្រឹក្សានៅគ្រប់បណ្តាក្រុងស្រុកទាំងអស់ ដើម្បីស្តាប់ និងទទួលយកបញ្ហា ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋមកដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

administrator

Related Articles