ខេត្តកោះកុង ៖ កុមារីម្នាក់អាយុទើបតែ ៤ឆ្នាំ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវសត្វឆ្កែពូជយាយស្គីចំនួន ៥ក្បាល ព្រួតខាំកាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈដែលនាងតូចរូបនេះកំពុងដើរចេញពីសាលារៀនកាត់តាមដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

សេចក្តីរាយការណ៍បានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ ឌី ដានីន មានឪពុកឈ្មោះ ជួង ឌីណា អាយុ ៣៥ឆ្នាំ និងម្តាយឈ្មោះ ឃាង សុខលាប អាយុ ៣៤ឆ្នាំ ជាកម្មករចៀរជ័រកៅស៊ូស្នាក់នៅនឹងកន្លែងក្នុងដីចម្ការរបស់ម្ចាស់ឆ្កែ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១០ព្រឹក ខណៈដែលកុមារី ដានីន បានធ្វើដំណើរចេញពីសាលារៀនបឋម ក្នុងគោលបំណងទៅជួបឪពុកម្តាយនៅក្នុងដីចម្ការនោះ។
ប្រភពដដែលបន្តថា ពេលនោះ ស្ត្រីឈ្មោះ ហាក់ ចន្ថា ដែលជាភរិយារបស់ម្ចាស់ចម្ការ និងម្ចាស់ឆ្កែ បានឮសំឡេងឆ្កែព្រុសលាយឡំនឹងសំឡេងក្មេងស្រែកយំយ៉ាងខ្លាំង ក៏ស្ទុះចេញទៅមើល ស្រាប់តែប្រទះឃើញសត្វឆ្កែទាំង ៥ក្បាលរបស់គាត់ កំពុងតែដេញព្រួតខាំកុមារី ដានីន យ៉ាងសាហាវ។ ឃើញដូច្នោះ អ្នកស្រីក៏បានរត់ចូលទៅចាប់ឃាត់ឆ្កែទាំងនោះ និងទាញកុមារីចេញពីមាត់ឆ្កែ ដែលបណ្តាលឲ្យអ្នកស្រីរងរបួសដៃបន្តិចបន្តួចផងដែរ។
ដោយឃើញកុមារី ដានីន មានរបួសធ្ងន់ធ្ងរ និងហូរឈាមពេញផ្ទៃមុខ ដៃ និងជើង អ្នកស្រី ហាក់ ចន្ថា មានការភ័យតក់ស្លុតជាខ្លាំង ក៏បានស្រែកហៅរកជំនួយ ខណៈពេលដែលឪពុកម្តាយរបស់កុមារីរងគ្រោះក៏បានរត់មកដល់ភ្លាមៗពីក្នុងចម្ការកៅស៊ូ។ ភ្លាមនោះ ឪពុកម្តាយក៏បានអោបបីកូនយកទៅភូមិដើម្បីរកមធ្យោបាយដឹកយកទៅមន្ទីរពេទ្យ។
ក្រោមការជួយជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ពីលោក ខាំ លិ ដែលត្រូវជាស្វាមីរបស់លោកស្រីមេឃុំកោះកាពិ រួមជាមួយកម្លាំងសមត្ថកិច្ច បានជួយដឹកកុមារីរងគ្រោះតាមរយៈអូប័រឆ្លងកាត់ផ្ទៃសមុទ្រទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីសង្គ្រោះអាយុជីវិត។
ចំពោះករណីនេះ លោក លិ អ៊ូលៀង ដែលជាម្ចាស់សត្វឆ្កែ និងជាម្ចាស់ចម្ការកៅស៊ូ ដែលឪពុកម្តាយកុមារី ដានីន បម្រើការងារ បានបង្ហាញការទទួលខុសត្រូវទាំងស្រុង ដោយបានសន្យាធានារ៉ាប់រងលើការចំណាយព្យាបាល និងមើលថែកុមារីរងគ្រោះ។ លោកបានទាក់ទងសួរសុខទុក្ខម្តាយរបស់កុមារីជាប្រចាំ តាមដានស្ថានភាពមុខរបួស និងបានឧបត្ថម្ភថវិកាជំហានដំបូងចំនួន ៨០ម៉ឺនរៀល សម្រាប់ដោះស្រាយការចំណាយបឋមក្នុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
