ព័ត៌មានក្តៅ៖ ស្ពានដ៏សំខាន់មួយខ្សែនៅភាគខាងត្បូងប្រទេសចិន ដែលជាផ្លូវយុទ្ធសាស្ត្រតភ្ជាប់ទៅតំបន់ទីបេ បានបាក់ធ្លាក់មួយផ្នែក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបើកសម្ពោធឱ្យប្រើប្រាស់បានត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ ហេតុការណ៍នេះ ត្រូវបានបណ្តាញសារព័ត៌មារ The Strait Times ចុះផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា។
ស្ពានដែលមានឈ្មោះថា «ហុងឈី» (Hongqi) នេះ មានប្រវែងសរុប ៧៥៨ម៉ែត្រ និងមានទីតាំងស្ថិតនៅក្នុងខេត្តស៊ីឈួន (Sichuan)។

អាជ្ញាធរខេត្តស៊ីឈួន បានចេញមុខបញ្ជាក់ថា ការបាក់ធ្លាក់នេះ គឺមានតែមួយផ្នែកប៉ុណ្ណោះ ហើយសំណាងល្អ ហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នករងរបួស ឬស្លាប់បាត់បង់ជីវិតនោះទេ។ ទោះជាយ៉ាងណា បន្ទាប់ពីកើតហេតុភ្លាមៗ ការប្រើប្រាស់ស្ពានត្រូវបានផ្អាកទាំងស្រុង ដើម្បីរង់ចាំការត្រួតពិនិត្យ និងជួសជុល។
មកទល់ពេលនេះ អាជ្ញាធរចិននៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើស្ពានហុងឈីនឹងត្រូវបើកដំណើរការឡើងវិញជាធម្មតានៅពេលណា។ ឧប្បត្តិហេតុនេះ បានបង្កជាចម្ងល់ជាច្រើនជុំវិញគុណភាពសំណង់ និងការត្រួតពិនិត្យមុននឹងដាក់ឱ្យប្រើប្រាស់ជាសាធារណៈ។
