ណា​ហ្គា​វើ​ល​ដ៍​បន្ត​ឈរជើង​ជា​ទីកន្លែង​ការងារ​ដ៏​ប្រសើរ​បំផុត​ជាមួយ​ពិន្ទុ​ខ្ពស់​ពី Great Place to Work®!

ណា​ហ្គា​វើ​ល​ដ៍​បន្ត​ឈរជើង​ជា​ទីកន្លែង​ការងារ​ដ៏​ប្រសើរ​បំផុត​ជាមួយ​ពិន្ទុ​ខ្ពស់​ពី Great Place to Work®!

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២៥ ៖ ណា​ហ្គា​វើ​ល​ដ៍ ជា​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​ឈានមុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ភាព​ជោគជ័យ​របស់​ខ្លួន​មិនមែន​ត្រឹមតែ​ជា​សេវាកម្ម​ល្អ ភាព​សម្បូរ​បែប​នៃ​ការ​កម្សាន្ត និង​ម្ហូបអាហារ​ដ៏​ឆ្ងាញ់​ពិសា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​កើត​ចេញពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ខ្ជាប់ខ្ជួន​របស់​បុគ្គលិក​ទាំងអស់​។ ពី​បុគ្គលិក​ការិយាល័យ​ជួរ​មុខ រហូត​ដល់​មេចុងភៅ អ្នកសិល្បៈ និង​បុគ្គលិក​គាំទ្រ​ផ្សេង​ៗ សុទ្ធសឹងតែ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន។

វប្បធម៌​ការងារ​ដ៏​រឹងមាំ​នេះ មិន​ត្រឹមតែ​បាន​លើកកម្ពស់​បទ​ពិសោធន៍​របស់​អតិថិជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​កំណត់​និយមន័យ​ថ្មី​នៃ​កន្លែងធ្វើការ​ផង​ដែរ​។ ជាក់ស្តែង ណា​ហ្គា​វើ​ល​ដ៍​បាន​ទទួល​វិញ្ញាបនបត្រ Great Place To Work® Certification™ ជាមួយនឹង​ពិន្ទុ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​រហូត​ដល់ ៩៥% ខណៈ​ដែល​ពិន្ទុ​អប្បបរមា​ដែល​តម្រូវ​គឺ ៦៥%​។ ការ​ទទួលស្គាល់​ដ៏​ត្រចះត្រចង់​នេះ កើត​ឡើង​ស្រប​ពេល​ដែល​ក្រុមហ៊ុន​កំពុង​អបអរសាទរ​ខួប​លើក​ទី​៣០ នៃ​ឧត្តមភាព​របស់​ខ្លួន ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​វិនិយោគ​លើ​បុគ្គលិក​ដ៏​ពូកែ​ជាង ៦០០០ នាក់ គឺជា​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ភាព​ជោគជ័យ​យូរអង្វែង​របស់​ក្រុមហ៊ុន។

ណា​ហ្គា​វើ​ល​ដ៍​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខុមាលភាព​របស់​បុគ្គលិក​លើស​ពី​ការ​ផ្តល់​ជូន​មូលដ្ឋាន​ទូទៅ​។ បុគ្គលិក​ទាំងអស់​អាច​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ទូលំទូលាយ​ដូចជា សេវា​ពិនិត្យ និង​ព្យាបាល​នៅ​គ្លីនិក​សុខភាព​របស់​ក្រុមហ៊ុន ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ ៧ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ការ​ធានា​រ៉ាប់រង​គ្រប់​ប្រភេទ អាហារ​ឥត​កំណត់ ២៤ ម៉ោង​ដែល​មានការ​ត្រួតពិនិត្យ​អនាម័យ​ខ្ពស់ និង​ផ្សារ​ណា​ហ្គា​ម៉ាត​។ លើស​ពី​នេះ ក្រុមហ៊ុន​ក៏​លើកទឹកចិត្ត​បុគ្គលិក​ឲ្យ​មាន​របៀបរបប​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ និង​សកម្ម​តាមរយៈ​គំនិត​ផ្តួចផ្តើម​យ៉ូ​ហ្គា កម្មវិធី​រត់ប្រណាំង​ប្រចាំឆ្នាំ និង​ការ​ប្រកួត​បាល់ទាត់​ណា​ហ្គា​វើ​ល​ដ៍​។ សុវត្ថិភាព​ក៏​ជា​អាទិភាព​ចម្បង​ផង​ដែរ ដោយ​មានការ​ណែនាំ​ជា​ប្រចាំ ការ​បណ្តុះបណ្តាល​សុវត្ថិភាព​អគ្គិភ័យ និង​ការ​ត្រួតពិនិត្យ​អនាម័យ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ធានា​បាន​នូវ​បរិយាកាស​ការងារ​ដែល​ប្រសើរ​បំផុត។
NagaWorld Employee

កញ្ញា ហ៊ុ​ល សុភាព ដែល​បាន​ចាប់ផ្តើម​បម្រើ​ការងារ​នៅ ណា​ហ្គា​វើ​ល​ដ៍ តាំងពី​ឆ្នាំ​២០០០ ហើយ​បាន​អភិវឌ្ឍ​ខ្លួន​ពី​បុគ្គលិក​សម្អាត​រហូត​ក្លាយជា​បុគ្គលិក​ប្រតិបត្តិ​ផ្នែក​រដ្ឋបាល បាន​ថ្លែង​ដោយ​ក្តី​រីករាយ​ថា៖ «​ណា​ហ្គា​វើ​ល​ដ៍​បាន​ផ្តល់​អាហារ ២៤ ម៉ោង​ជូន​បុគ្គលិក​ជាមួយនឹង​ការ​ត្រួតពិនិត្យ​គុណភាព​អាហារ​ដោយ​ផ្នែក​សុវត្ថិភាព និង​អនាម័យ​ជា​រៀង​រាល់​ថ្ងៃ។ ថែមទាំង​មាន​សេវា​ពិនិត្យ និង​ព្យាបាល ២៤/៧ នៅ​គ្លីនិក​សុខភាព​របស់​ក្រុមហ៊ុន​សម្រាប់​បុគ្គលិក​ដែល​មាន​ជំងឺ ព្រមទាំង​ការ​គាំទ្រ​ពី ប​.​ស​.​ស​។ សូម្បីតែ​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្រុមហ៊ុន​ក៏​នៅ​តែ​បន្ត​យកចិត្តទុកដាក់ និង​ផ្តល់​ប្រាក់បៀវត្ស​ជូន​ពួក​យើង​ទាំងអស់​គ្នា​ដដែល។ កន្លែងធ្វើការ​នេះ​ពិតជា​ប្រៀប​ដូច​ជា​ផ្ទះ​ទី​ពីរ​របស់ខ្ញុំ»។ ពាក្យសម្តី​ដ៏​ស្មោះត្រង់​នេះ​បាន​ឆ្លុះ​បញ្ចាំ​ពី​ការ​យកចិត្តទុកដាក់​ជា​អាទិភាព​របស់​ក្រុមហ៊ុន​ចំពោះ​បុគ្គលិក ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាងណា​ក៏​ដោយ​។

ការ​អភិវឌ្ឍ​វិជ្ជាជីវៈ និង​ការ​ទទួលស្គាល់​ស្នាដៃ គឺជា​វប្បធម៌​ដ៏​សំខាន់​មួយ​នៅ​ណា​ហ្គា​វើ​ល​ដ៍។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០២៤ បុគ្គលិក​បាន​បញ្ចប់​ការ​បណ្តុះបណ្តាល​សរុប​ជាង ២០៥,០០០ ម៉ោង ដែល​រៀបចំ​ឡើង​ដើម្បី​បង្កើន​ទាំង​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់​ដូចជា ការ​ទំនាក់ទំនង ការងារ​ជា​ក្រុម និង​ភាព​ជា​អ្នកដឹកនាំ។ ចាប់តាំងពី​ឆ្នាំ​២០២៣ មក មាន​អ្នកដឹកនាំ​ជាង ៥០០ នាក់​បាន​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​តាមរយៈ​កម្មវិធី​បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ​របស់​ក្រុមហ៊ុន។
NagaWorld Employee

ការ​ប្រកួតប្រជែង​ជំនាញ​តាម​ផ្នែក​ប្រចាំឆ្នាំ​របស់​ណា​ហ្គា​វើ​ល​ដ៍ ដែល​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៦ ក៏​បាន​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​បុគ្គលិក​ផង​ដែរ​។ កម្មវិធី​នេះ​មិន​ត្រឹមតែ​ជា​កន្លែង​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត និង​ជំនាញ​របស់​បុគ្គលិក​ជួរ​មុខ​ផ្នែក​គេហកិច្ច ម្ហូបអាហារ ភេសជ្ជៈ ចុងភៅ និង​ផ្នែក​ជា​ច្រើន​ទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​លើកកម្ពស់​ឧត្តមភាព បង្កើន​ចំណងមិត្តភាព និង​បង្កើត​វប្បធម៌​ដែល​ផ្តល់​តម្លៃ​ដល់​ការ​ចូលរួម​របស់​បុគ្គលិក​គ្រប់​រូប​។ អ្នកឈ្នះ​ក៏​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​ជាតិ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត​។ លោក ជុំ យ៉េ​ត ជា​មេចុងភៅ​ម្នាក់​ដែល​បាន​ចាប់ផ្តើម​អាជីព​ជា​លេខា​ផ្នែក​ម្ហូបអាហារ និង​ភេសជ្ជៈ​នៅ​ឆ្នាំ​២០១៧ បាន​ចែករំលែក​ថា៖ «​ខ្ញុំ​ធ្លាប់​ជា​អ្នក​លាងចាន​នៅ​តាម​រោងចក្រ ប៉ុន្តែ​ក្រោយ​ចូលរួម​ជាមួយ ណា​ហ្គា​វើ​ល​ដ៍ ខ្ញុំ​បាន​ឈ្នះ​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ប្រកួត ខេ​ម​ហ្វ៊ូ​ដ និង​ការ​ប្រកួត​ធ្វើ​ម្ហូប​នៅ​ស្ថានីយ៍ទូរទស្សន៍​ស៊ី​ធី​អិន​។ វា​ជា​រឿង​លំបាក ប៉ុន្តែ​ខ្ញុំ​អាច​ធ្វើ​បាន​។ អរគុណ​ក្រុមហ៊ុន​ដែល​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​ខ្ញុំ»។

ការ​ទទួលស្គាល់​បុគ្គលិក​ក៏​មាន​តាមរយៈ​ការ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឆ្នើម​ប្រចាំខែ និង​ពានរង្វាន់​បុគ្គលិក​ស្មោះត្រង់ ដែល​ជា​ការ​លើកកម្ពស់​ស្នាដៃ និង​សុចរិតភាព​របស់​បុគ្គលិក​គ្រប់​ផ្នែក​។ ណា​ហ្គា​វើ​ល​ដ៍​ក៏​ផ្តោត​សំខាន់​លើ​ការ​ដំឡើង​មុខតំណែង​ផ្ទៃក្នុង និង​ការ​ពិភាក្សា​បើកចំហរ​ដោយ​មានការ​ជ្រើសរើស​ប្រតិភូ​បុគ្គលិក ដើម្បី​ធានា​ថា​រាល់​មតិយោបល់​របស់​ពួក​គេ​ត្រូវ​បាន​ស្តាប់ និង​យកចិត្តទុកដាក់។

លោក សា​រ៉ែ​ន ពិសិដ្ឋ មេ​ចុងភៅ​ផ្នែក​នំ ដែល​ធ្លាប់​ទទួល​បានការ​បណ្តុះបណ្តាល​នៅ​បរទេស​ដោយ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន និង​មានឱកាស​ធ្វើ​ជា​គណៈកម្មការ​ដាក់​ពិន្ទុ​ក្នុងការ​ប្រកួតប្រជែង​ធ្វើ​ម្ហូប​នៅ​ទីក្រុង​កូ​ឡុំ​បូ បាន​បញ្ជាក់​ពី​តម្លៃ​នៃ​កម្មវិធី​អភិវឌ្ឍន៍​របស់​ណា​ហ្គា​វើ​ល​ដ៍​ថា៖ «​សកម្មភាព​ទាំងនេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ក្រុមហ៊ុន​ពិតជា​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​សុខុមាលភាព និង​ការ​ចូលរួម​របស់​បុគ្គលិក​។ វា​បង្កើត​បានជា​បរិយាកាស​វិជ្ជមាន​មួយ​ដែល​បុគ្គលិក​គ្រប់​រូប​មាន​ភាព​រីករាយ មាន​កន្លែងធ្វើការ​កក់ក្តៅ ហើយ​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​អភិវឌ្ឍ​ខ្លួន បន្ត​នៅ​ជាមួយ​ក្រុមហ៊ុន​យូរអង្វែង និង​ខិតខំ​បំពេញការងារ​ឲ្យ​បាន​ល្អ​បំផុត»។
NagaWorld Employee

ចំណងមិត្តភាព និង​ស្មារតី​សហគមន៍​នៅ​ណា​ហ្គា​វើ​ល​ដ៍​ត្រូវ​បាន​ពង្រឹង​យ៉ាង​ខ្លាំង​តាមរយៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​លក្ខណៈ​គ្រួសារ​ជា​ច្រើន​។ ទាំងនេះ​រួម​មាន​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ កម្មវិធី​ប្រឡង​សមត្ថភាព និង​ទេពកោសល្យ ទិវា​កុមារ និង​សកម្មភាព​កីឡា​ជាដើម ដែល​សុទ្ធសឹងតែ​បាន​បង្កើន​ចំណងមិត្តភាព និង​សាមគ្គីភាព​រវាង​បុគ្គលិក​គ្រប់​ផ្នែក​។

ការ​ផ្តល់​ត្រឡប់​ទៅ​សហគមន៍​វិញ​ក៏​ជា​អាទិភាព​ដ៏​មាន​តម្លៃ​ផង​ដែរ​។ ក្នុង​ឆ្នាំ​២០២៤ បុគ្គលិក​ណា​ហ្គា​វើ​ល​ដ៍​បាន​ចំណាយ​ពេល​ស្ម័គ្រចិត្ត​រហូត​ដល់ ៧,៧០០ ម៉ោង​តាមរយៈ​កម្មវិធី «​ណា​ហ្គា​វើ​ល​ដ៍ បេះដូង​សប្បុរស» ដែល​ជា​ផ្នែក​មួយ​នៃ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​។ កម្មវិធី​នេះ​បាន​គាំទ្រ​សិស្សានុសិស្ស​ជិត ៣,៨០០ នាក់ តាមរយៈ​ការ​ផ្តល់​ការ​ណែនាំ ការ​ដាំ​កូនឈើ និង​ជំនួយ​ជា​ច្រើន​ទៀត​។ ចាប់តាំងពី​ឆ្នាំ​២០១៤ មក កម្មវិធី​ទាំងនេះ​បាន​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​មនុស្ស​ជិត ១ លាន​នាក់​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​បាន​បង្កើន​មោទកភាព ចំណងមិត្តភាព និង​ការ​ផ្លាស់​ប្តូរ​ជាក់ស្តែង​ក្នុង​សហគមន៍​។ កញ្ញា ហោ នី​កា បុគ្គលិក​ប្រតិបត្តិ​ជាន់ខ្ពស់​ផ្នែក​ធនធានមនុស្ស និង​ជា​អ្នក​ស្ម័គ្រចិត្ត​នៃ​ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស បាន​ថ្លែង​ថា៖ «​ការ​ផ្តល់​ត្រឡប់​នេះ​ពិតជា​មាន​អត្ថន័យ​ខ្លាំង​ណាស់​។ ខ្ញុំ​បាន​ចែករំលែក​បទ​ពិសោធន៍​របស់ខ្ញុំ​ដល់​កុមារ​ទាំងនោះ ហើយ​ខ្ញុំ​សង្ឃឹមថា​វា​នឹង​លើកទឹកចិត្ត​ពួក​គេ​ឲ្យ​ខិតខំ​រៀនសូត្រ​ដើម្បី​ទទួល​បាន​អនាគត​កាន់តែ​ប្រសើរ»។
NagaWorld Employee

លើស​ពី​ពិន្ទុ Trust Index™ ដ៏​ល្អ​ឥត​ខ្ចោះ ៩៤% នៃ​បុគ្គលិក​ដែល​បាន​ចូលរួម​ស្ទង់មតិ បាន​សម្តែង​នូវ​មោទកភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើការ​នៅ​ណា​ហ្គា​វើ​ល​ដ៍​។ ក្នុង​ចំណោម​នោះ មាន​លោក ហេង ជា​ទុន ដែល​បាន​បម្រើ​ការងារ​អស់​រយៈពេល ២៥ ឆ្នាំ ហើយ​បាន​អភិវឌ្ឍ​ខ្លួន​រហូត​ក្លាយជា​អនុប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​។ លោក ឆែម សុធា អ្នកគ្រប់គ្រង​ផ្នែក​សន្តិសុខ ដែល​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ក្នុង​ឆ្នាំ​២០០៦ និង​ទទួល​បានការ​ដំឡើង​មុខតំណែង ៤ ដង ក៏បាន​ថ្លែង​ដែរ​ថា៖ «​សម្រាប់​ខ្ញុំ ណា​ហ្គា​វើ​ល​ដ៍​មិន​ត្រឹមតែ​ជា​កន្លែងធ្វើការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កន្លែង​ដែល​ផ្តល់​តម្លៃ និង​វិនិយោគ​លើ​បុគ្គលិក ដោយ​ជួយ​ពួក​យើង​ឲ្យ​អភិវឌ្ឍ​ខ្លួន និង​វិជ្ជាជីវៈ»។

ណា​ហ្គា​វើ​ល​ដ៍​បាន​បង្ហាញ​ថា​ខ្លួន​មាន​តម្លៃ​លើស​ពី​កន្លែងធ្វើការ​។ វា​ជា​ផ្ទះ​ទី​ពីរ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​យកចិត្តទុកដាក់ ការ​បណ្តុះបណ្តាល​សមត្ថភាព និង​ការ​ផ្តល់​ឱកាស​ដល់​បុគ្គលិក​គ្រប់​រូប​ដើម្បី​អភិវឌ្ឍ​ខ្លួន​។ The Great Place To Work® Certification™ គឺជា​សក្ខីភាព​បញ្ជាក់​ពី​កន្លែងធ្វើការ​ដ៏​ឆ្នើម​លំដាប់​ពិភពលោក ដែល​កើត​ចេញពី​មតិ​ស្មោះត្រង់​ពី​បេះដូង​របស់​បុគ្គលិក​គ្រប់​រូប ដែល​បាន​រួមចំណែក​ធ្វើ​ឲ្យ ណា​ហ្គា​វើ​ល​ដ៍ ទទួល​បាន​ភាព​ជោគជ័យ​ដូច​សព្វថ្ងៃ​នេះ​។ សូម​ចូលរួម​ជាមួយ ណា​ហ្គា​វើ​ល​ដ៍ ដើម្បី​ទទួល​បានការ​ងារ​ដែល​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន និង​រួមចំណែក​ធ្វើ​ឲ្យ​វិស័យ​បដិសណ្ឋារកិច្ច​កាន់តែ​ប្រសើរ​ឡើង​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ www.nagaworld.com។

អំពី ណា​ហ្គា​វើ​ល​ដ៍៖
ជាមួយនឹង​ការ​ពង្រីក​បន្ថែម​ចុងក្រោយ​របស់​ខ្លួន ណា​ហ្គា​វើ​ល​ដ៍ មាន​បន្ទប់​ប្រភេទ Suite និង Deluxe ចំនួន ១,៦៥៨ បន្ទប់ ភោជនីយដ្ឋាន បារ និង​ក្លឹប​កម្សាន្ត​ជាង ២០ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត ២ កន្លែង សាល​មហោស្រព NABA ដែល​មាន ២,០០០ កៅអី​នៅ​ណា​ហ្គា​វើ​ល​ដ៍​ទី​២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែល​ជា​ផ្សារ​ទំនើប​ក្រោម​ដី​ដំបូង​គេ​នៅ​កម្ពុជា​មាន​លក់​ផលិតផល​ម៉ាក​ល្បី​ៗ​លំដាប់​អន្តរជាតិ សេវាកម្ម​កម្សាន្ត​ដ៏​សម្បូរ​បែប ព្រមទាំង​សាល​សម្រាប់​រៀបចំ​ការប្រជុំ និង​ព្រឹត្តិការណ៍​នានា​ប្រកបដោយ​ភាព​ឈានមុខ​គេ​។ សម្រាប់​សំណួរ​អំពី​ការ​ផ្សព្វផ្សាយ ឬ​រូបភាព សូម​ទាក់ទង​ទៅ​កាន់៖ media@nagaworld.com ។

administrator

Related Articles