កម្ពុជាទាមទារការពិត! សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យមានការស៊ើបអង្កេតអន្តរជាតិករណីថៃបាញ់ប្រហារពលរដ្ឋខ្មែរ

កម្ពុជាទាមទារការពិត! សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យមានការស៊ើបអង្កេតអន្តរជាតិករណីថៃបាញ់ប្រហារពលរដ្ឋខ្មែរ

ខេត្តបន្ទាយមានជ័យ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញមុខស្នើជាបន្ទាន់ឲ្យមានការបើកការស៊ើបអង្កេតឯករាជ្យ ដើម្បីស្វែងរកការពិត និងទាមទារយុត្តិធម៌ជូនពលរដ្ឋខ្មែរ ដែលបានស្លាប់ និងរងរបួសដោយសារទង្វើបាញ់ប្រហាររបស់យោធាថៃ។ សម្តេចក៏បានអំពាវនាវដល់ភាគីបរទេសដែលមានជំនាញ ចូលរួមក្នុងកិច្ចស៊ើបអង្កេតនេះផងដែរ។

ការស្នើសុំដ៏ម៉ឺងម៉ាត់នេះធ្វើឡើង បន្ទាប់ពីវេលាម៉ោងប្រមាណ ៣ និង ៥០ នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ យោធាថៃបានបើកការបាញ់ប្រហារយ៉ាងព្រៃផ្សៃមកលើប្រជាពលរដ្ឋខ្មែរដែលគ្មានអាវុធ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យពលរដ្ឋស៊ីវិលស្លូតត្រង់ម្នាក់បាត់បង់ជីវិត និង ៣នាក់ទៀតរងរបួសធ្ងន់ស្រាល។

ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ការវាយប្រហារនេះ គឺកើតឡើងបន្ទាប់ពីយោធាថៃបានបង្កហេតុជាច្រើនលើកច្រើនសារ រាប់មិនអស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយមានចេតនាទុច្ចរិតដើម្បីញុះញង់ឲ្យមានការប៉ះទង្គិចគ្នា។

ក្រសួងការពារជាតិ ក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏អមនុស្សធម៌ និងសាហាវឃោរឃៅនេះ ដែលបង្ហាញយ៉ាងច្បាស់ពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ» ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានសាក្សីដ៏សំខាន់គឺលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិទាំងមូល ឲ្យថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានលើកិច្ចព្រមព្រៀងសន្តិភាព និងសកម្មភាពខុសច្បាប់ម្តងហើយម្តងទៀតរបស់ថៃ។ កម្ពុជាទាមទារឲ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ និងអំពាវនាវឲ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់អរិភាព ដែលកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល៕

ដោយ៖ តារា

administrator

Related Articles