កីឡាករឆ្នើម Cristiano Ronaldo បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មី ដោយបានទម្លាយពីគម្រោងចូលនិវត្តន៍របស់ខ្លួនកាលពីថ្ងៃអង្គារ។ រូបគេបានបញ្ជាក់ថា ការ «ឆាប់ៗ» ដែលធ្លាប់និយាយកន្លងមក គឺសំដៅទៅលើរយៈពេល «១ ឬ ២ឆ្នាំ» ទៀតប៉ុណ្ណោះ មុននឹងព្យួរស្បែកជើងជាផ្លូវការ។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ ៣៩ឆ្នាំរូបនេះ ដែលបានស៊ុតបញ្ចូលទីសរុបជាង ៩៥០គ្រាប់ ទាំងសម្រាប់ក្លិប និងជម្រើសជាតិ បានចាប់ផ្ដើមអាជីពបាល់ទាត់តាំងពីឆ្នាំ ២០០២ នៅក្លិប Sporting។ កន្លងមក រូបគេធ្លាប់បានបង្ហើបក្នុងបទសម្ភាសន៍មួយថា នឹងចូលនិវត្តន៍ឆាប់ៗនេះ ដើម្បីចំណាយពេលជាមួយគ្រួសារឲ្យបានច្រើន។
កាលពីខែមិថុនា រ៉ូណាល់ដូ បានបន្តកិច្ចសន្យាជាមួយក្លិប Al-Nassr នៅអារ៉ាប៊ីសាអូឌីត រហូតដល់ឆ្នាំ ២០២៧។ ជាមួយគ្នានេះ កីឡាករដែលនឹងឈានចូលវ័យ ៤០ឆ្នាំរូបនេះ ក៏កំពុងតម្រង់គោលដៅទៅកាន់ពានរង្វាន់ World Cup ឆ្នាំក្រោយផងដែរ ដែលជាពានតែមួយគត់ដែលរូបគេមិនទាន់ធ្លាប់ឈ្នះក្នុងអាជីព។
ក្នុងកិច្ចប្រជុំកំពូលពិភពលោកស្តីពីទេសចរណ៍ និងការវិនិយោគ ដែលរៀបចំដោយអារ៉ាប៊ីសាអូឌីត រ៉ូណាល់ដូ បានថ្លែងតាមរយៈវីដេអូខលទាំងលេងសើចថា៖ «ពាក្យថា “ឆាប់ៗ” សម្រាប់ខ្ញុំ មានន័យថាប្រហែល ១០ឆ្នាំទៀត… អត់ទេ! ខ្ញុំនិយាយលេងទេ»។ រូបគេបានបន្តថា៖ «ខ្ញុំពិតជារីករាយនឹងពេលវេលាបច្ចុប្បន្ន។ ដូចដែលអ្នកបានដឹងហើយថា ក្នុងវិស័យបាល់ទាត់ នៅពេលយើងឈានដល់អាយុមួយកម្រិត យើងរាប់ខែលឿនណាស់។ ពេលនេះខ្ញុំនៅតែមានអារម្មណ៍ល្អ ខ្ញុំនៅតែអាចរកគ្រាប់បាល់បាន ហើយខ្ញុំនៅតែរហ័សរហួន។ ខ្ញុំរីករាយនឹងការប្រកួតជាមួយក្រុមជម្រើសជាតិ។ ប៉ុន្តែនិយាយដោយស្មោះត្រង់ទៅ អ្វីដែលខ្ញុំចង់សំដៅ គឺប្រហែលជាត្រឹមមួយ ឬពីរឆ្នាំទៀតប៉ុណ្ណោះ»។
