ថ្នាក់ដឹកនាំខេត្តបាត់ដំបង ចុះជួបសំណេះសំណាល និងពន្លឿនការស្ថាបនាផ្សារបឹងឈូកដែលរងគ្រោះដោយអគ្គិភ័យឡើងវិញ!

ថ្នាក់ដឹកនាំខេត្តបាត់ដំបង ចុះជួបសំណេះសំណាល និងពន្លឿនការស្ថាបនាផ្សារបឹងឈូកដែលរងគ្រោះដោយអគ្គិភ័យឡើងវិញ!

(បាត់ដំបង)៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលយ៉ាងកក់ក្ដៅជាមួយបងប្អូនអាជីវករនៅផ្សារបឹងឈូក ក្រុងបាត់ដំបង។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំក៏បានចុះត្រួតពិនិត្យដោយផ្ទាល់ពីដំណើរការសាងសង់តូបដែលរងការខូចខាតដោយអគ្គិភ័យឡើងវិញ ដើម្បីជំរុញការស្ថាបនាឱ្យបានឆាប់រហ័ស ក្នុងគោលបំណងឱ្យអាជីវករអាចត្រឡប់មកលក់ដូរជាប្រក្រតីវិញ។

គួររំលឹកផងដែរថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់ដំណោះស្រាយដ៏ប្រសើរមួយសម្រាប់អាជីវករនៅផ្សារបឹងឈូកដែលត្រូវភ្លើងឆេះកាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដំណោះស្រាយនោះគឺ រដ្ឋសម្រេចទទួលយកផ្សារមកគ្រប់គ្រង និងជួយជួសជុលឡើងវិញ ព្រមទាំងផ្ដល់ជូនសិទ្ធិគ្រប់គ្រងមួយជីវិតដល់បងប្អូនអាជីវករដែលបានជួលតូប/រានពីអ្នកវិនិយោគផ្សារ ដោយមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុនទៀតឡើយ។ ចំពោះការជួសជុលតូបដែលឆេះឡើងវិញ នឹងត្រូវរក្សាទម្រង់ដើមទាំងទំហំ និងចំនួនតូបដូចពីមុន។

ផ្សារបឹងឈូកត្រូវបានសាងសង់តាំងពីឆ្នាំ១៩៩២ និងសម្ពោធឱ្យប្រើប្រាស់នៅឆ្នាំ១៩៩៦។ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អាគារជាន់ទី១ នៃផ្សារនេះបានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យតូបចំនួន ១៤៨តូបត្រូវវិនាសស្ទើរទាំងស្រុង។

(ប្រភព៖ ក្រសួងព័ត៌មាន)

administrator

Related Articles