ស្តេចល្បែង She Zhijiang ម្ចាស់កាស៊ីណូពាន់លានដុល្លារ ត្រូវថៃបញ្ជូនទៅចិន ក្រោយប្រយុទ្ធផ្លូវច្បាប់៣ឆ្នាំ!

ស្តេចល្បែង She Zhijiang ម្ចាស់កាស៊ីណូពាន់លានដុល្លារ ត្រូវថៃបញ្ជូនទៅចិន ក្រោយប្រយុទ្ធផ្លូវច្បាប់៣ឆ្នាំ!

អាជ្ញាធរថៃ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ទីក្រុង​បាងកក​បាន​សម្រេច​ធ្វើបត្យាប័ន​ស្តេច​ល្បែង​ដ៏​ល្បី​ឈ្មោះ She Zhijiang ទៅ​កាន់​ប្រទេស​ចិន​ហើយ នៅ​ថ្ងៃ​ពុធ​ទី​១២ ខែ​វិច្ឆិកា​នេះ បញ្ចប់​នូវ​ជម្លោះ​ផ្លូវ​ច្បាប់​ដ៏​ស្មុគស្មាញ​ដែល​អូសបន្លាយ​អស់​រយៈ​ពេល​ជាង ៣ ឆ្នាំ។

តាមការ​រាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក She អាយុ ៤៣ ឆ្នាំ ដែល​ជា​ពលរដ្ឋ​ចិន និង​មាន​កាន់​លិខិតឆ្លងដែន​កម្ពុជា​ផង​ដែរ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីក្រុង​បាងកក កាល​ពី​ខែ​សីហា ឆ្នាំ ២០២២។ ការ​ចាប់​ខ្លួន​នេះ គឺ​ធ្វើ​ឡើង​តាម​ដីកា​ក្រហម​របស់​ប៉ូលិស​អន្តរជាតិ (Interpol) ដែល​ចេញ​ដោយ​ទីក្រុង​ប៉េកាំង។ អាជ្ញាធរ​ចិន​បាន​ចោទ​ប្រកាន់​លោក She ពី​បទ​ដំណើរការ​កាស៊ីណូ​អនឡាញ​ខុស​ច្បាប់ និង​គេហទំព័រ​ល្បែង​ស៊ីសង​ជា​ច្រើន​ទៀត ដោយ​ប្រើប្រាស់​ប្រទេស​មីយ៉ាន់ម៉ា​ជា​មូលដ្ឋាន​ប្រតិបត្តិការ​សំខាន់ និង​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លាង​លុយ​កខ្វក់​ផង​ដែរ។

ប៉ូលិស​ថៃ​បាន​បញ្ជាក់​បន្ថែម​ថា លោក She នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​នៅ​ក្នុង​ប្រទេស​ចិន ចំពោះ​បទ​ឧក្រិដ្ឋ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់។ ទីក្រុង​ប៉េកាំង​ថែម​ទាំង​បាន​បញ្ជូន​យន្តហោះ​ពិសេស​មួយ​គ្រឿង​ទៅ​កាន់​អាកាសយានដ្ឋាន​សុវណ្ណភូមិ ក្នុង​ទីក្រុង​បាងកក ដើម្បី​នាំ​ខ្លួន​លោក She ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ទៀត​ផង។

លោក Zhao Mengtao ទីប្រឹក្សា​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​បាងកក បាន​លើកឡើង​ថា «នេះ​គឺ​ជា​ការ​បង្ហាញ​ពី​កម្រិត​ខ្ពស់​នៃ​កិច្ចសហប្រតិបត្តិការ» រវាង​ប្រទេស​ទាំង​ពីរ។ លោក​បាន​បន្ត​ទៀត​ថា ទាំង​ចិន និង​ថៃ នឹង​បន្ត​ធ្វើការ​រួមគ្នា​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​គ្រប់​ប្រភេទ រួម​ទាំង​ល្បែង​អនឡាញ និង​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា មេធាវី​របស់​លោក She គឺ​លោក Sanya Eadjongdee បាន​ចាត់​ទុក​នីតិវិធី​ធ្វើបត្យាប័ន​នេះ​ថា «ខុស​ប្រក្រតី» ហើយ​បាន​អះអាង​ថា កូន​ក្តី​របស់​លោក​បាន​បដិសេធ​ទាំង​ស្រុង​នូវ​រាល់​ការ​ចោទ​ប្រកាន់​ទាំងអស់។

គួរ​រំលឹក​ផង​ដែរ​ថា មុន​ពេល​ត្រូវ​បាន​ចាប់​ខ្លួន លោក She មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​គម្រោង Shwe Kokko ដែល​មាន​តម្លៃ​រហូត​ដល់ ១៥ ពាន់​លាន​ដុល្លារ​នៅ​តំបន់​ព្រំដែន​ថៃ-មីយ៉ាន់ម៉ា។ គម្រោង​នេះ​ជា​កាស៊ីណូ និង​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ធំ​មួយ ដែល​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​កាល​ពី​ឆ្នាំ ២០២៣ ដោយសារ​ការ​ចោទ​ប្រកាន់​ថា​មាន​ទំនាក់ទំនង​ជាមួយ​បណ្ដាញ​បោកប្រាស់ និង​ការ​ជួញដូរ​មនុស្ស។

តំបន់​ព្រំដែន​ដែល​ភ្ជាប់​ប្រទេស​ថៃ មីយ៉ាន់ម៉ា ឡាវ និង​កម្ពុជា បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ដ៏​ធំ​សម្រាប់​ការ​ក្លែងបន្លំ​តាម​អ៊ីនធឺណិត និង​ការ​ជួញដូរ​មនុស្ស ចាប់​តាំង​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ មក។ អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់ប្រមាណ​ថា ប្រតិបត្តិការ​ឧក្រិដ្ឋកម្ម​ប្រភេទ​នេះ​មាន​ទំហំ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ឯណោះ។

administrator

Related Articles