ថៃរងគ្រោះធ្ងន់! ៦០% នៃពលរដ្ឋចាញ់បោកក្រុមឆបោកតាមអនឡាញអស់លុយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ

ថៃរងគ្រោះធ្ងន់! ៦០% នៃពលរដ្ឋចាញ់បោកក្រុមឆបោកតាមអនឡាញអស់លុយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ

ករណីឆបោកតាមប្រព័ន្ធអនឡាញ (Scam) បានក្លាយជាដុំសាច់មហារីកដ៏ធំមួយនៅក្នុងប្រទេសថៃ ដោយសារប្រទេសនេះត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលឆបោកដ៏ធំមួយរបស់ពិភពលោក។ យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការប្រឆាំង Scam ពិភពលោក (GASA) បានបង្ហាញថា ត្រឹមតែមួយឆ្នាំ ពោលគឺឆ្នាំ២០២៤ ប្រជាជនថៃរហូតដល់ទៅ ៦០% បានធ្លាក់ខ្លួនជាជនរងគ្រោះដោយសារ Scammer ដែលបានបាត់បង់ទឹកប្រាក់សរុបប្រមាណ ១១០ពាន់លានបាត ស្មើនឹង ៣.៣៩ពាន់លានដុល្លារអាមេរិក។

របាយការណ៍ដែលដកស្រង់ដោយកាសែត The Nation បានបញ្ជាក់ថា ក្រុម Scammer នៅប្រទេសថៃបានប្រើប្រាស់វិធីសាស្ត្រសំខាន់ៗពីរប្រភេទដើម្បីធ្វើការឆបោក។ ទីមួយ ពួកគេប្រើប្រាស់វិធីសាស្រ្ត Call-Centre ដោយធ្វើការទូរស័ព្ទគំរាមកំហែងជនរងគ្រោះ។ ឧក្រិដ្ឋជនទាំងនេះបានក្លែងខ្លួនធ្វើជាមន្ត្រីមកពីស្ថាប័នរដ្ឋាភិបាលផ្សេងៗ ដូចជានគរបាល នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ឬការិយាល័យប្រឆាំងការសម្អាតប្រាក់ ដែលធ្វើឲ្យពលរដ្ឋភ័យស្លន់ស្លោ រួចបង្ខំឲ្យជនរងគ្រោះផ្ទេរប្រាក់ ឬដំឡើងកម្មវិធីមេរោគចូលក្នុងទូរស័ព្ទរបស់ពួកគេ។

វិធីសាស្ត្រទីពីរ គឺការឆបោកតាមឌីជីថល ដែលកំណត់គោលដៅទៅលើមនុស្សដែលងាយនឹងលោភលន់។ Scammer ទាំងនោះបានប្រើប្រាស់កម្មវិធីបណ្តាញសង្គម និងកម្មវិធីណាត់ជួបផ្សេងៗ ដោយប្រើល្បិចបោកបញ្ឆោតជនរងគ្រោះតាមរយៈទំនាក់ទំនងស្នេហាក្លែងក្លាយ ឬការបបួលវិនិយោគក្លែងក្លាយ ដែលសន្យាថានឹងផ្តល់ផលចំណេញខ្ពស់ត្រឡប់ទៅវិញ។ លើសពីនេះ ក្រុម Scammer ក៏បានប្រើល្បិចបោកបញ្ឆោតដោយភូតថានឹងផ្តល់ការងារធ្វើដល់ជនរងគ្រោះផងដែរ។

របាយការណ៍ដដែលនេះក៏បានបង្ហាញទៀតថា ក្នុងឆ្នាំ២០២៤ ពលរដ្ឋថៃ ៦នាក់ក្នុងចំណោម ១០នាក់ បានក្លាយជាជនរងគ្រោះដោយសារ Scammer ហើយជាមធ្យម ម្នាក់ៗបានបាត់បង់ប្រាក់ប្រមាណ ១២,៩៥៦បាត ដែលធ្វើឲ្យចំនួនទឹកប្រាក់សរុបទូទាំងប្រទេសឡើងដល់ ១១០ពាន់លានបាត។

administrator

Related Articles