ថៃហ៊ាន «សាក» លោក ត្រាំ? នាយករដ្ឋមន្ត្រីថៃ គំរាមផ្ដាច់ពាណិជ្ជកម្មជាមួយអាមេរិក!

ថៃហ៊ាន «សាក» លោក ត្រាំ? នាយករដ្ឋមន្ត្រីថៃ គំរាមផ្ដាច់ពាណិជ្ជកម្មជាមួយអាមេរិក!

នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល ត្រូវបានគេមើលឃើញថា ហាក់កំពុង «សាកល្បង» ជាមួយប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន លោក ដូណាល់ ត្រាំ តាមរយៈការគំរាមផ្ដាច់ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនហ៊ានដំឡើងពន្ធបន្ថែមទៀត។ ការគំរាមនេះកើតឡើងក្រោយទីក្រុងបាងកក ប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

តាមការផ្សាយរបស់ Bangkok Post, លោក អនុទីន បានថ្លែងនៅក្នុងមហាវិទ្យាល័យការពារជាតិក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ប្រទេសថៃនឹងស្វែងរកដៃគូពាណិជ្ជកម្មផ្សេងជំនួសអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោននៅតែបន្តដំឡើងពន្ធ។ ជាមួយគ្នានោះ លោកក៏បានប្រាប់ទៅរដ្ឋាភិបាលទីក្រុងបាងកកថា គួរទុករឿងពន្ធទុកមួយឡែកសិន ហើយត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាអាទិភាព។

យ៉ាងណា មកទល់ពេលនេះ មិនទាន់មានប្រតិកម្មណាមួយពីសំណាក់មេដឹកនាំមហាអំណាចផុតលេខអាមេរិក លោក ដូណាល់ ត្រាំ តបទៅនឹងការព្រមានរបស់នាយករដ្ឋមន្ត្រីថៃនោះទេ ប៉ុន្តែគេជឿជាក់ថា លោក ត្រាំ ប្រហែលជាបានជ្រាបរឿងនេះរួចហើយ។

ទោះបីជាយ៉ាងនេះក្ដី នៅថ្ងៃដដែលនោះ អតីតឧបការីក្រសួងការបរទេសថៃ លោក Russ Chaleejandra បានរិះគន់លោក អនុទីន ចំពោះការថ្លែងដែលបង្កជម្លោះលើវិធានការពន្ធរបស់អាមេរិក។ លោកលើកឡើងថា សម្ដីបែបនេះប្រថុយនឹងការធ្វើឲ្យថៃឯកោពីសម្ព័ន្ធមិត្តដ៏សំខាន់ ហើយអាចផ្ដល់ផលប្រយោជន៍ដល់កម្ពុជាទៅវិញ។

លោក Russ បានថ្លែងថា សម្ដីរបស់លោក អនុទីន អាចប៉ះពាល់ដល់ទំនាក់ទំនងថៃ-អាមេរិក ហើយអាចជួយពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយទីក្រុងវ៉ាស៊ីនតោនដោយអចេតនា។ លោកបានរៀបរាប់ថា «ភាគីដែលនឹងទទួលបានផលប្រយោជន៍ច្រើនជាងគេពីសម្ដីទាំងនេះ គឺកម្ពុជា។ វាធ្វើឲ្យថៃឯកោពីសម្ព័ន្ធមិត្តមហាអំណាចពិភពលោក ហើយជំរុញកម្ពុជាឲ្យកាន់តែកៀកជាមួយសហរដ្ឋអាមេរិក»។ លោកក៏បានព្រមានផងដែរថា ប្រជាជនថៃអាចប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ច ប្រសិនបើសហរដ្ឋអាមេរិកឆ្លើយតបដោយសកម្មភាពពន្ធសងសឹក។ លោកបានចោទសួរថា «តើនាយករដ្ឋមន្ត្រីត្រៀមខ្លួនទទួលខុសត្រូវឬទេ ប្រសិនបើជីវភាពរបស់ប្រជាជនរងផលប៉ះពាល់?»។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles