ពង្រឹងចំណងមិត្តភាព! កម្ពុជា-បារាំង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ពង្រឹងចំណងមិត្តភាព! កម្ពុជា-បារាំង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ក្រសួងព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយលោកឧត្តមនាវីទោ ហ្សាក់ រីខែយែរ (Jacques RIVIERE) អ្នកទទួលបន្ទុកបេសកកម្មអមបញ្ជាការដ្ឋានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងកងកម្លាំងប្រដាប់អាវុធនៅប៉ូលីនេស៊ីបារាំង នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងជំនួបដ៏សំខាន់នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីតួនាទីជាប្រវត្តិសាស្ត្ររបស់បារាំង ដែលជាស្ថាបនិក និងសហប្រធាននៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា កាលពីឆ្នាំ១៩៩១។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះការរួមចំណែកជាបន្តបន្ទាប់របស់បារាំងក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើររវាងកម្ពុជា-បារាំង និងថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំងដែលបានគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាឆ្នាំ២០២៦។

ដោយឡែក លើវិស័យយោធា ឯកឧត្តម អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់កងទ័ពបារាំង ដែលបានផ្តល់អាហារូបករណ៍ និងវគ្គសិក្សាជាច្រើនដល់សិក្ខាកាមកម្ពុជា ជាពិសេសការជួយបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទសម្រាប់បេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងជំនឿចិត្តយ៉ាងមុតមាំថា កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត។ កិច្ចសហប្រតិបត្តិការទាំងនោះនឹងផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែននានា ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ។

ជាការឆ្លើយតប លោកឧត្តមនាវីទោ ហ្សាក់ រីខែយែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការកត់សម្គាល់របស់ឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អំពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកងទ័ពប្រទេសទាំងពីរ។ លោកបានបញ្ជាក់បន្ថែមថា តាមរយៈជំនួបនេះ បារាំង និងកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាព និងល្អប្រសើរថែមទៀតនាពេលអនាគត។

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles