ភ្នំពេញ ៖ គិតត្រឹមរយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ ពោលគឺចាប់ពីខែមករា រហូតដល់ខែតុលា ការិយាល័យច្រកចេញចូលតែមួយស្រុកព្រះស្ដេច ខេត្តព្រៃវែង បានបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋសរុបចំនួន ២២.៣២៩ សេវា។ ជាមួយគ្នានោះ រដ្ឋបាលស្រុកក៏ទទួលបានចំណូលរដ្ឋបាលចំនួន ១៤.២០០.៦០០ រៀលផងដែរ នេះបើយោងតាមរបាយការណ៍ដែលផ្ដល់ដោយរដ្ឋបាលស្រុកព្រះស្ដេច ជូនក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
របាយការណ៍ដដែលបានបញ្ជាក់លម្អិតថា ក្នុងចំណោមសេវាដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំងនោះ សេវាការងារអត្រានុកូលដ្ឋានទទួលបានការស្នើសុំច្រើនជាងគេបំផុត គឺមានចំនួន ១៣.៨៥១ សេវា។ បន្ទាប់មក សេវាការងារនីត្យានុកូលកម្ម ផ្ដល់បាន ៧.៧៤២ សេវា វិស័យសាធារណការ និងដឹកជញ្ជូន ៦១១ សេវា និងវិស័យធម្មការ និងសាសនា ៦៣ សេវា។ជាការគួរឱ្យកត់សម្គាល់ សម្រាប់រយៈពេល ១០ ខែនេះ ក្នុងចំណោមវិស័យទាំង ១៧ ដែលមាននៅច្រកចេញចូលតែមួយស្រុក វិស័យសំណង់បានរួមចំណែកចំណូលខ្ពស់ជាងគេ រហូតដល់ ៣.៧៧៣.០០០ រៀល។ បន្ទាប់មកគឺវិស័យសុខាភិបាលទទួលបាន ២.៨៤០.០០០ រៀល វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ២.៤០០.០០០ រៀល វិស័យសាធារណការ និងដឹកជញ្ជូន ១.៩៦៩.៦០០ រៀល និងការងារនីត្យានុកូលកម្ម ១.៥៦៨.០០០ រៀល ខណៈដែលសេវាពីវិស័យមួយចំនួនទៀតពុំបានគិតថ្លៃនោះទេ។
លោក ភុន សម្ជស្ស អភិបាល នៃគណៈអភិបាលស្រុកព្រះស្ដេច បានគូសបញ្ជាក់អំពីសមិទ្ធផលការងាររបស់ច្រកចេញចូលតែមួយ ដោយបញ្ជាក់ថា រដ្ឋបាលស្រុកព្រះស្ដេច នឹងបន្តយកចិត្តទុកដាក់ខ្ពស់ និងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងឆាប់រហ័ស ស្របតាមគោលការណ៍ដឹកនាំ និងទស្សនវិស័យរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។លោកអភិបាល ក៏បានបន្ថែមថា ក្រុមប្រឹក្សា និងគណៈអភិបាលស្រុកព្រះស្ដេច តែងបានយកចិត្តទុកដាក់ពង្រឹងឥរិយាបថមន្ត្រីនៅការិយាល័យច្រកចេញចូលតែមួយ ដើម្បីធានាថាការទទួលភ្ញៀវ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រព្រឹត្តទៅដោយរលូន និងជាទីពេញចិត្ត ស្របតាមគោលនយោបាយ និងឆន្ទៈដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនាយករដ្ឋមន្ត្រីប្រកបដោយគតិបណ្ឌិត។ ដោយ ៖ កញ្ញា អន អមរា មន្ត្រីអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ
