(ភ្នំពេញ)៖ ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់កម្ពុជា នឹងត្រៀមទទួលស្វាគមន៍ជើងហោះហើរត្រង់ជាថ្មីម្តងទៀតពីប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះជាសមិទ្ធផលដ៏ត្រចះត្រចង់មួយ ក្រោមការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ សហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា។

ថ្លែងអំពីសមិទ្ធផលដ៏សំខាន់នេះ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា ភាពជោគជ័យនេះ កើតចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ, គួបផ្សំជាមួយចំណងការទូតជិតស្និទ្ធ ជាមួយប្រទេសឥណ្ឌា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងភ្ជាប់ជើងហោះហើរត្រង់ពី Kolkata សាធារណរដ្ឋឥណ្ឌា មកកាន់ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ»។ ការភ្ជាប់ជើងហោះហើរត្រង់នេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីប្រទេសឥណ្ឌា មកកាន់កម្ពុជា ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន។
