ផ្លូវជាតិលេខ៥៥ (អន្ទង់អាំង) កំពុងស្ដារឡើងវិញបាន ៩០% បន្ទាប់ពីរងការខូចខាតដោយទឹកជំនន់!

ផ្លូវជាតិលេខ៥៥ (អន្ទង់អាំង) កំពុងស្ដារឡើងវិញបាន ៩០% បន្ទាប់ពីរងការខូចខាតដោយទឹកជំនន់!

ពោធិ៍សាត់៖ ក្រុមការងារជំនាញបច្ចេកទេស និងការដ្ឋានរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ កំពុងមមាញឹកបន្តសកម្មភាពជួសជុល និងស្ដារឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចអន្ទង់អាំង (គីឡូម៉ែត្រទី ១៤១+៣០០) ដែលធ្លាប់រងការខូចខាតយ៉ាងដំណំដោយសារទឹកភ្លៀងហូរច្រោះ ធ្លាក់ភក់ លិចដើមឈើ និងដុំថ្មធំៗមកលើតួផ្លូវ កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅនេះ។ នេះបើតាមការបញ្ជាក់ពីលោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ផន រឹម បានបន្ថែមថា គិតមកដល់ពេលនេះ សកម្មភាពជួសជុល និងស្ដារឡើងវិញសម្រេចបានវឌ្ឍនភាពប្រមាណ ៩០% ហើយ។ ការងារទាំងនោះរួមមាន៖ ការជួសជុលផ្លូវដោយក្រាលកៅស៊ូប្រភេទ DBST លើចំណុចដែលខូចខាត ស្ថាបនាជើងទេរឡើងវិញ ជួសជុលសំណង់ប្រឡាយលូ រួមទាំងការស្តារដីភក់ ដុំថ្ម និងដើមឈើដែលរាំងស្ទះចេញពីលូ និងប្រឡាយផងដែរ។

បច្ចុប្បន្ន ស្ថានភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនៅលើផ្លូវជាតិលេខ៥៥ មានលក្ខណៈធម្មតាឡើងវិញហើយ ដោយសារទឹកភ្លៀងបានថមថយ និងអំណោយផលល្អដល់ដំណើរការជួសជុលរបស់ក្រុមការងារ។

អាជ្ញាធរ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ពស់ ដោយបើកបរក្នុងល្បឿនមួយដែលអាចគ្រប់គ្រងបាន និងស្តាប់តាមការណែនាំរបស់ក្រុមការងារការដ្ឋាន។ សូមមេត្តាយោគយល់ចំពោះការរំខានបន្តិចបន្តួចដោយសារការដ្ឋានកំពុងដំណើរការ៕ ដោយ៖ តារា

administrator

Related Articles