ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញមកអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋខ្មែរ កុំឲ្យប្រថុយនឹងគ្រោះថ្នាក់ឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។ លោកបានសង្កត់ធ្ងន់ថា ការងារក្នុងស្រុកបច្ចុប្បន្នកំពុងមានច្រើន សុវត្ថិភាពខ្ពស់ ទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ដ៏គាប់ប្រសើរជាច្រើន ដែលពលករពិបាកនឹងរកបាននៅក្រៅប្រទេស។
លោក ស៊ុន មេសា បានបន្តពន្យល់លម្អិតថា ការប្រថុយឆ្លងដែនខុសច្បាប់ គឺមិនត្រឹមតែប្រឈមនឹងបញ្ហាផ្លូវច្បាប់ប៉ុណ្ណោះទេ តែថែមទាំងបាត់បង់អត្ថប្រយោជន៍ជាច្រើនដូចជា ការថែទាំសុខភាព ប្រាក់សោធននិវត្តន៍ និងការការពារផ្នែកច្បាប់ ដែលការងារក្នុងស្រុកអាចផ្ដល់ជូនបានពេញលេញ។ ឱកាសការងារនៅកម្ពុជាសព្វថ្ងៃមានភាពសម្បូរបែប ប្រកបដោយសុវត្ថិភាព និងចំណាយតិចជាងឆ្ងាយ។

«ខ្ញុំសូមបន្តអំពាវនាវដោយទទូច សូមបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដែលអាចប្រឈមនឹងបញ្ហាគ្រោះថ្នាក់ផ្សេងៗ។ ផ្ទុយទៅវិញ បងប្អូនគួរស្វែងរកការងារក្នុងស្រុកវិញល្អជាង ហើយអាចទាក់ទងមកកាន់លេខទូរស័ព្ទ ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទទួលបានការជួយស្វែងរកការងារធ្វើ»។ លោក ស៊ុន មេសា បញ្ជាក់បន្ថែម។
ដើម្បីសម្រួលដល់ការស្វែងរកការងារជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ក្រសួងការងារនឹងរៀបចំ «ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នៅតាមបណ្ដាខេត្តគោលដៅចំនួន ៣ រួមមាន៖ ខេត្តបាត់ដំបង នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥, ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងខេត្តសៀមរាប នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិព័រណ៍នេះនឹងផ្ដល់ឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ ៧៥,៣០២ កន្លែង។

គួររំលឹកផងដែរថា ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការសហការជាមួយវិស័យឯកជន សហជីព និងដៃគូពាក់ព័ន្ធ បានជួយសម្របសម្រួលស្វែងរកការងារជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញបានជាង ៣៤ម៉ឺននាក់។ ក្នុងចំណោមនោះ ប្រមាណ ២៧ម៉ឺននាក់ បានចូលបម្រើការងារនៅតាមក្រុមហ៊ុន សហគ្រាស និងរោងចក្រផ្លូវការ រីឯប្រមាណ ៧ម៉ឺននាក់ទៀត បានទទួលការងារនៅតាមសហគ្រាសខ្នាតតូច និងមធ្យម សិប្បកម្ម ភោជនីយដ្ឋាន និងការដ្ឋានសំណង់ជាដើម។
លោកអ្នកនាំពាក្យរូបនេះ ក៏បានបន្តអំពាវនាវដល់បងប្អូនពលករដែលមិនទាន់មានការងារធ្វើ ឲ្យរួសរាន់ទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារ ឬចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន និងទទួលបានការងារល្អប្រសើរ។
