ភ្នំពេញ៖ ភាពតានតឹងព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងសារជាថ្មី និងកំពុងទាញចំណាប់អារម្មណ៍ពីបណ្ដាញសារព័ត៌មានអន្តរជាតិជាច្រើន បន្ទាប់ពីមានរបាយការណ៍ថា ទាហានថៃបានបាញ់ប្រហារលើជនស៊ីវិលខ្មែរនៅតំបន់ព្រំដែន។

តាមការចុះផ្សាយរបស់ NHK WORLD ជប៉ុន ដកស្រង់សម្ដីក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កងទ័ពថៃបានប្រើប្រាស់អាវុធបាញ់ប្រហារនៅតាមបន្ទាត់ព្រំដែន កាលពីថ្ងៃពុធសប្ដាហ៍នេះ បណ្ដាលឲ្យជនស៊ីវិលខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។

ឆ្លើយតបនឹងទង្វើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការលើបណ្ដាញសង្គម ដោយចាត់ទុកថាជាការបំពានច្បាប់មនុស្សធម៌អន្តរជាតិធ្ងន់ធ្ងរ។ សម្ដេចក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយផងដែរ។

សារព័ត៌មាន Newsday របស់អាមេរិក ក៏បានលើកឡើងពីប្រសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជាដែរថា ជនស៊ីវិលម្នាក់បានស្លាប់នៅពេលមានការបាញ់ប្រហារកាលពីថ្ងៃពុធ នៅតាមបណ្ដោយព្រំដែនដ៏តានតឹងជាមួយថៃ ខណៈកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្របសម្រួលដោយអតីតប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីបញ្ចប់ជម្លោះ៥ថ្ងៃកាលពីមុន ហាក់កំពុងប្រឈមនឹងការដួលរលំ។

ស្របពេលជាមួយគ្នា Anadolu Agency របស់ប្រទេសតួកគី បានផ្សាយថា ជនស៊ីវិលកម្ពុជាចំនួន៥នាក់បានរងរបួសកាលពីថ្ងៃពុធ ដោយសារការបាញ់ប្រហារនៅតាមព្រំដែនជាមួយថៃ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីភាគីថៃបានផ្អាកកតិកាសញ្ញាសន្តិភាព។

ចំណែកឯ Washington Post របស់អាមេរិកវិញ ក៏បានរាយការណ៍ដូចគ្នាថា មានអ្នកភូមិម្នាក់ស្លាប់បាត់បង់ជីវិត នៅពេលការបាញ់ប្រហារបានកើតឡើងកាលពីថ្ងៃពុធនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

ទន្ទឹមនឹងនេះ សារព័ត៌មាន Aqreqator របស់អាស៊ែបៃហ្សង់ ក៏បានផ្សាយដែរថា តាមរបាយការណ៍បឋមពីអាជ្ញាធរមូលដ្ឋាន បានអះអាងថា ទាហានថៃបានបាញ់ប្រហារមកលើជនស៊ីវិលខ្មែរនៅភូមិព្រំដែនព្រៃចន្ទ ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យមនុស្ស៥នាក់រងរបួស។

កាសែត Washington Times របស់អាមេរិក បានគូសបញ្ជាក់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងផ្ទុះឡើងក្ដៅគគុកសារជាថ្មី ខណៈអ្នកភូមិខ្មែរម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់។ ឧបទ្ទវហេតុស្លាប់នេះ បានកើតឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទាហានថៃម្នាក់បានបាត់បង់ជើងម្ខាង ដោយសារជាន់មីនកំឡុងពេលល្បាតតំបន់មួយផ្សេងទៀតតាមព្រំដែន។

Hindustan Times News ដែលជាកាសែតប្រចាំថ្ងៃភាសាអង់គ្លេសរបស់ឥណ្ឌា ក៏បានរាយការណ៍ដែរថា មនុស្សម្នាក់ត្រូវបានគេបញ្ជាក់ថាស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសនៅកម្ពុជា ស្របពេលមានការប៉ះទង្គិចគ្នាជាថ្មីជាមួយថៃតាមបណ្ដោយព្រំដែនជម្លោះ។

ចំណែកឯកាសែតជាភាសាអង់គ្លេសរបស់ទីក្រុងម៉ាកាវវិញ បានចុះផ្សាយថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើទំព័រ Facebook របស់សម្ដេច ដោយថ្កោលទោសចំពោះអំពើហិង្សារបស់ភាគីថៃមកលើជនស៊ីវិលខ្មែរនៅភូមិព្រៃចន្ទ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ដែលបណ្ដាលឲ្យជនស៊ីវិលខ្មែរ៣នាក់រងរបួស និងម្នាក់ស្លាប់។ Reuters ក៏បានរាយការណ៍បន្ថែមថា ជនស៊ីវិលកម្ពុជាម្នាក់បានបាត់បង់ជីវិត ខណៈភាពតានតឹងតាមបណ្ដោយព្រំដែនបានកើនឡើងជាថ្មីកាលពីថ្ងៃពុធសប្ដាហ៍នេះ៕
