អគារ​ប្រវត្តិសាស្ត្រ​អង្គរ​មាន​ជ័យ អាយុ​៧៥​ឆ្នាំ រលាយ​បាត់​ពី​ភ្នំពេញ​ហើយ!

អគារ​ប្រវត្តិសាស្ត្រ​អង្គរ​មាន​ជ័យ អាយុ​៧៥​ឆ្នាំ រលាយ​បាត់​ពី​ភ្នំពេញ​ហើយ!

រាជធានី​ភ្នំពេញ ៖ អគារ​អតីត​សណ្ឋាគារ​អង្គរ​មាន​ជ័យ (​មានឈ្មោះ​ដើម​នគរ​ជ័យ​) ដែល​មាន​អាយុកាល​៧៥​ឆ្នាំ ឥឡូវ​នេះ​បាន​រលត់​បាត់​រូបរាង​ហើយ បន្ទាប់ពី​ក្រុមហ៊ុន​ម៉ៅ​ការ ពិស្ណុការ​អន្តរជាតិ បាន​បញ្ចប់​ការងារ​វាយ​កម្ទេច​ដោយ​ជោគជ័យ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ការងារ​បាន​លឿន​ជាង​ផែនការ​រហូត​ដល់​១២​ថ្ងៃ។ ក្រុមហ៊ុន​នឹង​បន្ត​សម្អាត​កម្ទេចកម្ទី និង​បិទ​ការដ្ឋាន​ទាំងស្រុង​នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៥។

កាលពី​យប់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួម​ជាមួយ​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​៧​មក​រា បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ផ្ទាល់ ដើម្បី​ធានា​សុវត្ថិភាព​ចរាចរណ៍​ដល់​សាធារណជន។ អគារ​ដ៏​ចំណាស់​នេះ​ស្ថិត​នៅ​លើ​មហាវិថី​ព្រះ​មុនី​វង្ស កែង​មហាវិថី​កម្ពុជា​ក្រោម ក្នុងភូមិ​១ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

អគារ​អតីត​សណ្ឋាគារ​អង្គរ​មាន​ជ័យ​ត្រូវ​បាន​វាយ​កម្ទេច

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ មន្ត្រី​ជំនាញ​បាន​ចុះ​សិក្សា​លម្អិត​លើ​អគារ​អង្គរ​ជ័យ ដែល​មាន​អាយុកាល​ជាង​៧០​ឆ្នាំ ត្រៀម​វាយ​កម្ទេច​ដើម្បី​ទប់ស្កាត់​ហានិភ័យ​បាក់​រលំ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។ អគារ​កម្ពស់​៦​ជាន់​នេះ​មាន​សភាព​ទ្រុឌទ្រោម និង​ពុកផុយ​ជា​ខ្លាំង។ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួម​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ដាក់​គ្រឿងចក្រ​ចូល​ដើម្បី​អនុវត្ត​ការងារ​វាយ​កម្ទេច។

អគារ​សហកម្មសិទ្ធិ​នេះ​មាន​ផ្ទៃ​បាត​ទំហំ​សរុប​៥៩០​ម៉ែត្រការ៉េ មាន​១០៧​បន្ទប់ ដែល​បាន​សាងសង់​តាំងពី​អំឡុង​ឆ្នាំ​១៩៥០។ មុន​ការងារ​វាយ​កម្ទេច ក្រសួង​ក៏បាន​ជូនដំណឹង​ទៅ​អភិបាល​ខណ្ឌ​៧​មក​រា កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​ស្នើ​ឲ្យ​សម្របសម្រួល​គ្រួសារ​ចំនួន​៤ ដែល​មិន​ទាន់​ព្រម​ទទួលយក​ដំណោះស្រាយ ឲ្យ​ចាកចេញ​ត្រឹម​សប្ដា​ហ៍​ទី​៤ នៃ​ខែកញ្ញា ឆ្នាំ​២០២៥។ ក្រសួង​បាន​ឯកភាព​ដំឡើង​តម្លៃ​សំណង​ដល់ ២ ៥០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​១​ម៉ែត្រការ៉េ ដែល​ធ្វើ​ឲ្យ​តម្លៃ​គោល​កើន​ដល់ ៧ ៦៩០​ដុល្លារ​អា​មេ​រិ​ក ក្នុង​១​ម៉ែត្រការ៉េ គឺ​លើស​ពី​តម្លៃ​ទីផ្សារ​ប្រមាណ​២២%។ មុន​នឹង​ចាប់ផ្តើម​វាយ​កម្ទេច​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៥ ក៏មាន​ការ​សម្អាត​សំរាម និង​ធ្វើ​ពិធី​ក្រុងពាលី​តាម​បែប​សាសនា​ផង​ដែរ។

administrator

Related Articles