សហរដ្ឋអាមេរិកបើករដ្ឋាភិបាលឡើងវិញ! លោក ត្រាំ ចុះហត្ថលេខាលើច្បាប់ចំណាយក្រោយគាំងអស់ ៤២ ថ្ងៃ

សហរដ្ឋអាមេរិកបើករដ្ឋាភិបាលឡើងវិញ! លោក ត្រាំ ចុះហត្ថលេខាលើច្បាប់ចំណាយក្រោយគាំងអស់ ៤២ ថ្ងៃ

សហរដ្ឋអាមេរិក៖ ទីបំផុតរដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក បានចាប់ផ្តើមដំណើរការជាប្រក្រតីឡើងវិញហើយ បន្ទាប់ពីសមាជិកសភាបានអនុម័តច្បាប់ចំណាយថ្មី ដែលបានជាប់គាំងអស់រយៈពេល ៤២ ថ្ងៃ កាលពីដើមខែតុលា។ ការជាប់គាំងនេះកើតឡើងដោយសារសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យមិនគាំទ្រ ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ បានលុបចោលកញ្ចប់ធានារ៉ាប់រងសុខភាព។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្សាយផ្ទាល់ពេលចុះហត្ថលេខាលើក្រឹត្យអនុញ្ញាតឲ្យប្រើប្រាស់ច្បាប់នេះ។

កាលពីយប់ថ្ងៃពុធ ម៉ោងនៅសហរដ្ឋអាមេរិក ត្រូវនឹងព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោងនៅកម្ពុជា សភាសហរដ្ឋអាមេរិកបានបោះឆ្នោតគាំទ្រលើច្បាប់ចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ បន្ទាប់ពីព្រឹទ្ធសភាបានយល់ព្រមកាលពីពីរថ្ងៃមុន។ ការសម្រេចនេះធ្វើឡើងក្រោយកិច្ចចរចាដ៏ស្វិតស្វាញរវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ដែលមានសមាជិកព្រឹទ្ធសភា ៨ រូបបានចេញមកគាំទ្រកិច្ចព្រមព្រៀងនោះ។

កិច្ចព្រមព្រៀងនេះហើយ ដែលបានត្រួសត្រាយផ្លូវឲ្យសមាជិកសភាបោះឆ្នោតលើច្បាប់ចំណាយនៅថ្ងៃនេះ។

យោងតាមសេចក្តីរាយការណ៍របស់ Fox News ក្រោយការអនុម័តភ្លាមៗ ច្បាប់នោះត្រូវបានបញ្ជូនទៅកាន់វិមានប្រធានាធិបតីយ៉ាងប្រញាប់ ដើម្បីឲ្យប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខា និងចូលជាធរមាន។ គេមើលឃើញថា ច្បាប់នេះនឹងបញ្ចប់ការបិទរដ្ឋាភិបាលដែលមានរយៈពេលយូរបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក រហូតដល់ ៤២ ថ្ងៃ។

លោក Mike Johnson ប្រធានសភាអាមេរិក បានប្រាប់បណ្តាញសារព័ត៌មាន Fox News ថា៖ «លោកប្រធានាធិបតី ត្រាំ ធ្វើការងារ ២៤ ម៉ោង ជារៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយការឈឺចាប់»។ លោក ត្រាំ ញញឹមពេលចុះហត្ថលេខាលើក្រឹត្យដាក់ឲ្យប្រើច្បាប់ចំណាយថវិកា ដើម្បីបើករដ្ឋាភិបាលវិញ។

ក្រោយការបោះឆ្នោតសភាបានបញ្ចប់ភ្លាម លោក Mike Johnson បានយកច្បាប់នោះទៅកាន់សេតវិមាន ដើម្បីឲ្យប្រធានាធិបតី ត្រាំ ចុះហត្ថលេខា។ នេះយោងតាមសេចក្តីរាយការណ៍ដែលបានផ្សាយ ៣០ នាទីមុននេះ។

លោក Mike Johnson បានបន្ថែមថា៖ «ពួកគេបានបើកប្រាក់ខែឲ្យកងទ័ព ផ្តល់មូលនិធិដល់ WIC ព្រមទាំងការងារជាច្រើនទៀត។ ពួកគេនឹងធ្វើការ ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីឲ្យរដ្ឋាភិបាលដំណើរការវិញកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ហើយយើងនឹងផ្តល់ឲ្យពួកគេនូវរាល់ជំនួយដែលយើងអាចផ្តល់បាន ពីសភា និងព្រឹទ្ធសភា»។

តាមការស្រង់សម្តី លោក Mike Johnson និយាយថា៖ «នេះជាភាពជាអ្នកដឹកនាំ! នេះជាការរួបរួមគ្នា! នេះគឺជាជ័យជម្នះ!»។

ការបិទរដ្ឋាភិបាលជាងមួយខែកន្លងមកនេះ បានប៉ះពាល់ដល់ការងាររបស់រដ្ឋាភិបាល ការងារនៅតាមស្ថានទូត ជាពិសេសប៉ះពាល់ដល់វិស័យអាកាសចរណ៍ ដែលបុគ្គលិកប្រមាណ ៥០ ភាគរយត្រូវបានផ្អាក ធ្វើឲ្យការធ្វើដំណើរតាមផ្លូវអាកាសត្រូវលុបចោលយ៉ាងច្រើន។

administrator

Related Articles