ប្រធានក្រុមជម្រើសជាតិបារាំង កីឡាករ Kylian Mbappe បានថ្លែងកាលពីពេលថ្មីៗនេះថា ប្រទេសបារាំងនៅតែចងចាំជានិច្ចនូវជនរងគ្រោះទាំងអស់ដែលបានបាត់បង់ជីវិតដោយសារការវាយប្រហារដ៏រន្ធត់នៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ ការលើកឡើងនេះ ធ្វើឡើងនៅពេលដែលក្រុមមាន់គកបារាំងត្រៀមប៉ះក្រុមអ៊ុយក្រែន ក្នុងវគ្គជម្រុះ World Cup នៅថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃរំលឹកខួប១០ឆ្នាំនៃសោកនាដកម្មនោះ។

កាលពី១០ឆ្នាំមុន បារាំងកំពុងប្រកួតមិត្តភាពជាមួយអាល្លឺម៉ង់ ហើយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រាប់បែកនៅក្បែរច្រក D នៃកីឡដ្ឋាន Stade de France ដែលបានសម្លាប់អ្នកដើរកាត់ម្នាក់។ អតីតប្រធានាធិបតីបារាំង លោក François Hollande ក៏បានចូលរួមទស្សនាការប្រកួតនោះផងដែរ។ ការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងទីក្រុងប៉ារីសបានសម្លាប់មនុស្សសរុប ១៣០នាក់។ ក្រុមរដ្ឋអ៊ីស្លាម (IS) បានចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដ៏ឃោរឃៅនោះ។

បារាំងនឹងទទួលបានកៅអីដោយស្វ័យប្រវត្តិដើម្បីចូលរួមប្រកួត World Cup នៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា នៅឆ្នាំក្រោយ ប្រសិនបើពួកគេអាចយកឈ្នះក្រុមអ៊ុយក្រែនបាន។ ការប្រកួតដ៏សំខាន់នៅថ្ងៃព្រហស្បតិ៍នេះ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Parc des Princes ក្នុងរដ្ឋធានីប៉ារីស។
