ឯកឧត្តម វង្សី វិស្សុត៖ បណ្ណសារដ្ឋានជាតិជាដួងព្រលឹងជាតិ និងឃ្លាំងចំណេះដឹងដ៏ពិសិដ្ឋ!

ឯកឧត្តម វង្សី វិស្សុត៖ បណ្ណសារដ្ឋានជាតិជាដួងព្រលឹងជាតិ និងឃ្លាំងចំណេះដឹងដ៏ពិសិដ្ឋ!

ក្រសួងព័ត៌មានបានផ្សាយថា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ បានសង្កត់ធ្ងន់ថា បណ្ណសារដ្ឋានជាតិ គឺជារតនសម្បត្តិជាតិ ជាកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងជាឃ្លាំងចំណេះដឹងដែលផ្ទុកឯកសារសំខាន់ៗរាប់មិនអស់ សម្រាប់ការសិក្សាស្រាវជ្រាវទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ឯកសារទាំងនេះមានលក្ខណៈពិសេស និងកម្ររកបានណាស់នៅកន្លែងផ្សេង។

បណ្ណសារទាំងនេះផ្ទុកព័ត៌មានពិត និងជាភស្តុតាងប្រវត្តិសាស្ត្រនៃការវិវត្តន៍របស់សង្គមជាតិ ព្រមទាំងជាប្រភពដ៏សំខាន់សម្រាប់ការសិក្សាស្រាវជ្រាវ និងជាបទពិសោធន៍សម្រាប់ការអភិវឌ្ឍន៍ប្រទេសទៅថ្ងៃអនាគត។ ទោះជាយ៉ាងនេះក្ដី បច្ចុប្បន្នមានការយល់ខុសថា បណ្ណសារដ្ឋានគ្រាន់តែជាកន្លែងប្រមូលឯកសារចាស់ៗប៉ុណ្ណោះ។ ប៉ុន្តែការពិត បណ្ណសារដ្ឋានជាតិគឺជាស្ថាប័នរស់ ជាអង្គចងចាំរបស់ជាតិ និងជាទីកន្លែងតម្កល់ទុកនូវវប្បធម៌ អរិយធម៌ ប្រព័ន្ធច្បាប់ និងរបៀបគ្រប់គ្រងប្រទេស ដែលបង្ហាញពីដំណើរវិវត្តន៍របស់ជាតិពីសម័យកាលមួយទៅសម័យកាលមួយទៀត។

ការថ្លែងបែបនេះរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «បណ្ណសារ និងការចងចាំជាតិ៖ ឆ្ពោះទៅខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា» កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តមបានបន្តថា បណ្ណសារដ្ឋានជាតិនៃកម្ពុជា (NAC) បង្កើតឡើងក្នុងឆ្នាំ១៩២៦ ហើយគិតត្រឹមឆ្នាំ២០២៥ នេះ មានអាយុ ៩៩ឆ្នាំទៅហើយ ដោយបានផ្ទុកឯកសារតាំងពីសម័យបារាំងរហូតបច្ចុប្បន្ន។ ឯកឧត្តមបានបន្ថែមថា ការងារបណ្ណសារគឺជាកិច្ចការដ៏ធំ និងមានចរិតយុទ្ធសាស្ត្រ ដែលបណ្ដាប្រទេសអភិវឌ្ឍន៍ទូទាំងពិភពលោកបានយកចិត្តទុកដាក់ខ្ពស់។ ទោះជាយ៉ាងណាក្ដី ការគ្រប់គ្រង ការថែរក្សា និងការអភិវឌ្ឍវិស័យបណ្ណសារនៅកម្ពុជានៅមានកម្រិត និងខ្វះខាតច្រើន ទាំងថវិកា ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជា៖ ទីតាំងដី អគារ ឃ្លាំង និងសម្ភារៈបច្ចេកទេស។ យ៉ាងណាមិញ ដោយមើលឃើញពីសារៈសំខាន់នេះ ទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំឯកសារទស្សនាទានស្តីពីក្របខ័ណ្ឌផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៤-២០២៨) សម្រាប់ការងាររាជកិច្ច និងការតម្កល់ឯកសារជាតិ ព្រមទាំងដាក់ចេញយុទ្ធសាស្ត្រអាទិភាព ១០ចំណុច ដើម្បីលើកកម្ពស់ការគ្រប់គ្រង ថែរក្សា និងអភិវឌ្ឍវិស័យបណ្ណសារ ឱ្យស្របតាមស្ថានភាពបច្ចុប្បន្ន ទាំងហេដ្ឋារចនាសម្ព័ន្ធ ធនធាន និងការបង្កើតលិខិតបទដ្ឋានគតិយុត្តថ្មីៗ អនុលោមតាមបរិវត្តកម្មឌីជីថលនាពេលបច្ចុប្បន្ន និងអនាគត។

ទន្ទឹមគ្នានេះ បណ្ណសារដ្ឋានជាតិនៃកម្ពុជាកំពុងសហការជាមួយអង្គភាពបណ្ណសារនៃអ.វ.ត.ក. (សាលាក្តីខ្មែរក្រហម) ដើម្បីយកស្តង់ដារ និងការអនុវត្តល្អពីស្ថាប័ននេះ មកប្រើប្រាស់នៅកម្ពុជា។

ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងពីភាពចាំបាច់ក្នុងការរៀបចំក្របខណ្ឌទស្សនាទាន ដើម្បីធ្វើទំនើបកម្ម និងអភិវឌ្ឍន៍វិស័យបណ្ណសាររយៈពេល ១៥ឆ្នាំ ក្នុងគោលបំណងបង្កើតប្រព័ន្ធអេកូឡូស៊ីរួមមួយ និងផែនទីចង្អុលផ្លូវសម្រាប់ការអភិវឌ្ឍបណ្ណសារទាំងសាធារណៈ និងឯកជននៅកម្ពុជា។ ការងារនេះត្រូវគិតគូរលើគ្រប់ទិដ្ឋភាព រួមមាន៖ ការរៀបចំស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ប្រព័ន្ធអភិបាលកិច្ច និងច្បាប់លិខិតបទដ្ឋានគតិយុត្ត។

ឯកឧត្តមបានបន្តថា៖ «ចំពោះមុខ យើងត្រូវផ្តោតលើការប្រមូល ទុកដាក់ និងថែរក្សាបណ្ណសារដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងជាបេតិកភណ្ឌ ដើម្បីជាប្រយោជន៍ដល់សង្គម បុគ្គល និងពលរដ្ឋ។ ការជួសជុលឯកសារដែលប្រឈមហានិភ័យខ្ពស់ ក៏ជាអាទិភាពផងដែរ។ ចំណែកការធ្វើឌីជីថលូបនីយកម្ម (Digitalization) ត្រូវធ្វើជាជំហានៗ ព្រោះកិច្ចការនេះទាក់ទងនឹងសមត្ថភាពមន្ត្រី និងការប្រើប្រាស់ ហើយក៏អាចមានហានិភ័យខ្ពស់ដែរ ពិសេសរឿងបែកធ្លាយឯកសារ ព័ត៌មានសម្ងាត់ជាតិ និងនិរន្តរភាពនៃបណ្ណសារ»។

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងនូវអនុសាសន៍មួយចំនួន ដើម្បីពង្រឹងការយល់ដឹងក្នុងចំណោមមន្ត្រីសាធារណៈ និងសាធារណជនទូទៅ អំពីមុខងារ តួនាទី និងគុណតម្លៃមិនអាចខ្វះបានរបស់បណ្ណសារ។ នេះគឺដើម្បីបង្កើនការយល់ដឹង និងស្រឡាញ់អត្តសញ្ញាណជាតិ ពិសេសការរៀនសូត្រពីអតីតកាល ទាំងជោគជ័យ និងបរាជ័យ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការកសាងជាតិឱ្យរឹងមាំ។

ឯកឧត្តម វង្សី វិស្សុត បានបន្តបញ្ជាក់ថា៖ «ដោយផ្អែកលើមុខងារ និងគុណតម្លៃរបស់បណ្ណសារ យើងត្រូវហ៊ានវិនិយោគលើកិច្ចការនេះ ព្រោះនេះជាគុណតម្លៃសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល ទាំងរយៈពេលខ្លី និងរយៈពេលវែង។ បណ្ណសារបានកត់ត្រាគ្រប់ទិដ្ឋភាពនៃសង្គម គ្រួសារ និងបុគ្គល មិនត្រឹមតែពីអតីតកាលប៉ុណ្ណោះទេ ថែមទាំងកត់ត្រានូវអ្វីៗដែលកើតមានក្នុងពេលបច្ចុប្បន្ន ដើម្បីឱ្យកូនចៅជំនាន់ក្រោយ ១០០ឆ្នាំទៀតបានដឹង។ លើសពីនេះ បណ្ណសារក៏ជាប្រភពបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត»។

គួរបញ្ជាក់ផងដែរ ក្នុងសិក្ខាសាលានោះ ក៏មានការជជែកពិភាក្សាយ៉ាងផុសផុលអំពីសាវតារ ស្ថានភាព តួនាទី និងសារៈសំខាន់មិនអាចកាត់ថ្លៃបានរបស់បណ្ណសារដ្ឋានជាតិ ក្នុងការការពារ កសាង និងពង្រឹងអត្តសញ្ញាណជាតិ ក៏ដូចជាទិសដៅការងារ និងការធ្វើទំនើបកម្មទៅថ្ងៃអនាគត៕

administrator

Related Articles