ភ្នំពេញ ៖ មុខសញ្ញាចោរសកម្មម្នាក់ ដែលតែងតែប្រើល្បិចបន្លំខ្លួនធ្វើជាសាច់ញាតិអ្នកជំងឺ ចូលលួចលុយកាក់ ទូរស័ព្ទដៃ និងទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ ពីអ្នកជំងឺ និងអ្នកបម្រើស្នាក់នៅមន្ទីរពេទ្យ ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបាន ខណៈកំពុងធ្វើសកម្មភាពលួចទូរស័ព្ទរត់គេចខ្លួន។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ២ និង ២០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យជប៉ុន ផ្លូវលេខ ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យដែលគេស្គាល់ថាជាចោរលួចទ្រព្យសកម្ម តែងឆ្លៀតឱកាសចូលលួចទ្រព្យសម្បត្តិអ្នកជំងឺ ឬអ្នកកំដរ ដែលមកពីតាមបណ្ដាខេត្តនានា ទាំងយប់ទាំងថ្ងៃ។ នៅយប់កើតហេតុ ជនសង្ស័យបានលបចូលលួចទូរស័ព្ទដៃរបស់ជនរងគ្រោះម្នាក់។ ខណៈកំពុងលួច ក៏ត្រូវបានម្ចាស់ភ្ញាក់ទាន់ ហើយបានស្រែកឆោឡោថា “ចោរៗ” ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នករត់ម៉ូតូឌុប កង់បី ដែលឈរចាំម៉ូយនៅមុខមន្ទីរពេទ្យជប៉ុន។

ភ្លាមៗនោះ ក្រុមអ្នករត់ម៉ូតូឌុប កង់បី និងប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាដេញតាមចាប់ជនសង្ស័យ ដែលមានអាយុប្រហែល ២៧ ឆ្នាំ រហូតក្របួចបាននៅខាងក្រៅរបងមន្ទីរពេទ្យតែម្ដង។ ប្រជាពលរដ្ឋបានលើកឡើងថា ពួកគេបានតាមរកមុខជនសង្ស័យរូបនេះជាយូរមកហើយ ព្រោះតែងតែមានករណីបាត់បង់ទ្រព្យសម្បត្តិនៅទីនេះ។ ក្រោយចាប់បាន ជនសង្ស័យបានលេសថា រកបន្ទប់បងប្អូនដែលជាអ្នកជំងឺច្រឡំចូលបន្ទប់នេះ ប៉ុន្តែលេសរបស់គេមិនអាចបិទបាំងបានទេ។

បន្ទាប់ពីចាប់ខ្លួនបាន រួមទាំងវត្ថុតាងជាក់ស្ដែង គឺទូរស័ព្ទដៃរបស់ជនរងគ្រោះ ប្រជាពលរដ្ឋក៏បានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក។ បន្តិចក្រោយមក កម្លាំងសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុ ហើយទទួលយកជនសង្ស័យរូបនេះ ព្រមទាំងវត្ថុតាង ទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕
