បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានចុះទៅនាំយកអំណោយជាច្រើនជូនដល់ជនភៀសខ្លួនពីភូមិព្រៃចាន់ ដោយផ្ទាល់ទាំងយប់ ដើម្បីសម្រាលទុក្ខលំបាករបស់ពួកគាត់។ 
ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ចំនួន ៣រូប ដែលរងរបួសធ្ងន់ធ្ងរដោយសារការបាញ់ប្រហាររបស់ទាហានថៃនៅភូមិព្រៃចាន់ កាលពីរសៀលថ្ងៃដដែលនោះ ត្រូវបានក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ធ្វើការវះកាត់ជួយសង្គ្រោះអាយុជីវិតបានដោយជោគជ័យទាំងអស់។ នេះជាដំណឹងល្អមួយ ដែលបានផ្តល់ក្តីសង្ឃឹមដល់ក្រុមគ្រួសារ និងបងប្អូនប្រជាពលរដ្ឋ។ 
សូមរំលឹកថា ការបាញ់ប្រហារដោយយោធាថៃចំនួន២លើក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ មកលើអ្នកភូមិព្រៃចាន់ និងកងកម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធ បានបណ្តាលឱ្យពលរដ្ឋខ្មែរជាជនស៊ីវិលស្លូតត្រង់ម្នាក់បាត់បង់ជីវិត និងរបួសធ្ងន់៣នាក់ ខណៈពលរដ្ឋ ២៥៥គ្រួសារផ្សេងទៀត ត្រូវបានជម្លៀសចេញពីតំបន់គ្រោះថ្នាក់ទាំងយប់ ដើម្បីធានាសុវត្ថិភាព។ 





