នៅក្នុងលិខិតប្រចាំឆ្នាំផ្ញើជូនម្ចាស់ភាគហ៊ុន កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះ មហាសេដ្ឋីវិនិយោគពិភពលោក Warren Buffett បានធ្វើការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយលោកនឹងចូលនិវត្តន៍ពីតំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway នៅចុងឆ្នាំនេះ។ ជាមួយគ្នានោះ លោកក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបរិច្ចាគទ្រព្យសម្បត្តិដែលនៅសល់ ប្រមាណ ១៤៩ ពាន់លានដុល្លារអាមេរិក ទៅកាន់មូលនិធិគ្រួសាររបស់លោកផ្ទាល់។

ការសម្រេចចិត្តនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់លោក Buffett ក្នុងការបង្កើនសកម្មភាពសប្បុរសធម៌ផ្ទាល់ខ្លួន។ ជាក់ស្តែង លោកនឹងលែងសរសេររបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនទៀតហើយ ប៉ុន្តែនឹងបន្តផ្ញើសារក្នុងពិធីថ្លែងអំណរគុណប្រចាំឆ្នាំ។ អ្វីដែលសំខាន់ជាងនេះទៅទៀត លោកនឹងធ្វើការបរិច្ចាគភាគហ៊ុន Berkshire Hathaway ដែលលោកនៅតែកាន់កាប់ សរុបទឹកប្រាក់ ១៤៩ ពាន់លានដុល្លារ។
សម្រាប់អ្នកស្នងតំណែង លោក Buffett នឹងត្រូវជំនួសដោយលោក Greg Abel វ័យ ៦៣ឆ្នាំ ចាប់ពីឆ្នាំក្រោយតទៅ។ លោក Abel បច្ចុប្បន្នជាអនុប្រធានទទួលបន្ទុកប្រតិបត្តិការមិនមែនធានារ៉ាប់រងរបស់ Berkshire ហើយត្រូវបានតែងតាំងដោយលោក Buffett តាំងពីឆ្នាំ ២០២១ មកម្ល៉េះ។
ទាក់ទងនឹងស្ថានភាពសុខភាពផ្ទាល់ខ្លួន មហាសេដ្ឋីរូបនេះ ក៏បានធ្វើបច្ចុប្បន្នភាពផងដែរ។ លោកបានទទួលស្គាល់ថា ទោះបីជាការធ្វើដំណើរមានភាពយឺតយ៉ាវ និងការអានកាន់តែពិបាកក៏ដោយ ក៏លោកនៅតែមានអារម្មណ៍ល្អគួរឱ្យភ្ញាក់ផ្អើល ហើយនៅតែបន្តទៅធ្វើការនៅការិយាល័យ ៥ ថ្ងៃក្នុងមួយសប្តាហ៍ ជាមួយមិត្តរួមការងារ។
ទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋីវ័យ ៩៥ ឆ្នាំរូបនេះ បានថ្លែងទទួលស្គាល់ថា ពេលវេលាដែលនៅសល់របស់លោកមានកំណត់។ ដោយមានបំណងចង់បរិច្ចាគទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ លោកទើបតែបានប្តូរភាគហ៊ុនចំនួន ១,៨០០ ហ៊ុន ដែលមានតម្លៃសរុប ១.៣៥ ពាន់លានដុល្លារអាមេរិក ទៅជាភាគហ៊ុន B ដែលមានតម្លៃថោកជាងរបស់ក្រុមហ៊ុន រួចបានបរិច្ចាគវាទៅឲ្យមូលនិធិសប្បុរសធម៌ចំនួន ៤ របស់គ្រួសារលោក។
បើទោះជាលោកលែងកាន់កាប់តំណែងជានាយកប្រតិបត្តិក៏ពិតមែន ប៉ុន្តែមហាសេដ្ឋី Warren Buffett នៅតែមានក្ដីរំពឹងថា ក្រុមដែលលោកបានដឹកនាំអស់រយៈពេល ៦ ទសវត្សរ៍ នឹងនៅតែបន្តរីកចម្រើនយ៉ាងខ្លាំងក្លាបន្ទាប់ពីការលាលែងពីតំណែងរបស់លោក។ ជាក់ស្ដែង ភាគហ៊ុន Berkshire Hathaway (BRK.B) បានកើនឡើងជាង ១០% នៅឆ្នាំនេះ ដែលនាំឲ្យមូលធនទីផ្សាររបស់ក្រុមហ៊ុនកើនឡើងដល់ ១ ពាន់ពាន់លានដុល្លារឯណោះ។
