ខេត្តបន្ទាយមានជ័យ៖ ព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងនៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយប្រជាពលរដ្ឋខ្មែររស់នៅភូមិព្រៃចាន់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព។ ការភៀសខ្លួននេះធ្វើឡើងបន្ទាប់ពីកងទ័ពថៃបានបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃមកលើប្រជាពលរដ្ឋខ្មែរ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន ៣នាក់ និងម្នាក់បានបាត់បង់ជីវិតយ៉ាងអណោចអធ័ម។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ។

ភ្លាមៗនោះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីរៀបចំ និងចែកស្បៀងបឋមជូនបងប្អូនប្រជាពលរដ្ឋដោយក្ដីយកចិត្តទុកដាក់បំផុត។
ចំណែកឯរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះទង្វើបាញ់ប្រហាររបស់កងកម្លាំងថៃទៅលើជនស៊ីវិលខ្មែរនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ និងបានណែនាំឲ្យអាជ្ញាធរដែនដី រួមទាំងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ដើម្បីការពារប្រជាពលរដ្ឋ។
ស្របពេលជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ក៏បានសម្តែងការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើបាញ់ប្រហារដោយទាហានថៃទៅលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ផងដែរ។
ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងទាំងអស់គ្នា សូមទទូចយ៉ាងទទូចបំផុតឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ទង្វើព្រៃផ្សៃរបស់ទាហានថៃនេះជាបន្ទាន់! We, Cambodia People, urge President Donald Trump to stop the brutal actions of the Thai military.៕
ដោយ៖ សិលា
