កម្មវិធី TVET 1.5M៖ ពលរដ្ឋជាង ១៤ម៉ឺននាក់ស្នើចុះឈ្មោះរៀនជំនាញ រួមទាំងគ្រួសារក្រីក្រជាង ៦ម៉ឺននាក់

កម្មវិធី TVET 1.5M៖ ពលរដ្ឋជាង ១៤ម៉ឺននាក់ស្នើចុះឈ្មោះរៀនជំនាញ រួមទាំងគ្រួសារក្រីក្រជាង ៦ម៉ឺននាក់

រាជធានីភ្នំពេញ ៖ កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) របស់រាជរដ្ឋាភិបាលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន និងប្រជាពលរដ្ឋទូទៅ ដោយគិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ចំនួនអ្នកស្នើសុំចុះឈ្មោះបានកើនឡើងដល់ជាង ១៤ម៉ឺននាក់។ ក្នុងចំណោមនោះ គឺមានបងប្អូនប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ ឬគ្រួសារក្រីក្រជាង ៦ម៉ឺននាក់ បានស្វែងរកឱកាសអភិវឌ្ឍខ្លួនតាមរយៈជំនាញថ្មីៗ។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងលម្អិតថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ យុវជនសរុបចំនួន ១៤២ ៩៧៥នាក់ បានដាក់ពាក្យស្នើសុំចូលរៀនក្នុងកម្មវិធីដ៏សំខាន់នេះ ដែលក្នុងនោះអ្នកមានបណ្ណសមធម៌មានចំនួន ៦០ ៩៣៥នាក់។ ការកើនឡើងនៃចំនួននេះបង្ហាញពីភាពជោគជ័យ និងតម្រូវការជាក់ស្ដែងនៃការបណ្ដុះបណ្ដាលជំនាញដល់ពលរដ្ឋ។

លោក មេសា បានបន្តថា ក្នុងចំណោមអ្នកដែលបានចុះឈ្មោះ មានសិស្សកំពុងសិក្សាចំនួន ២៤ ០៦២នាក់ សិស្សបានបញ្ចប់ការសិក្សាចំនួន ៦៣ ៦២៧នាក់ និងសិស្សដែលទទួលបានការងារធ្វើភ្លាមៗបន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាលមានចំនួន ៣២ ៣០១នាក់។ គួរកត់សម្គាល់ថា ក្នុងចំណោមក្រុមទាំងបីនេះ មានអ្នកមានបណ្ណសមធម៌សរុបចំនួន ៥៩ ៣៦៧នាក់ ដែលទទួលបានផលប្រយោជន៍ពីកម្មវិធីនេះ។

អ្នកនាំពាក្យក្រសួងការងារ ក៏បានអំពាវនាវជាថ្មីម្ដងទៀតដល់បងប្អូនយុវជនទាំងអស់ ជាពិសេសអតីតពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ សូមកុំរារែកក្នុងការចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET 1.5M នេះ។ គោលបំណងគឺដើម្បីទទួលបានជំនាញពិតប្រាកដ ដែលអាចយកទៅប្រើប្រាស់បម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រនានា ឬបង្កើតមុខរបរផ្ទាល់ខ្លួន។ តាមរយៈនេះ ពួកគេអាចលើកកម្ពស់ជីវភាពរស់នៅឱ្យបានល្អប្រសើរ រួមចំណែកក្នុងការរក្សាស្ថិរភាពការងារ កំណើនផលិតភាព ក៏ដូចជាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិទាំងមូល។

កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនក្រុមគោលដៅ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីឆ្នាំ២០២៣។ បន្ទាប់មក កម្មវិធីនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្ដេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។



administrator

Related Articles