កំពង់ធំ៖ ដំណឹងដ៏រីករាយមួយបានលេចឡើងនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ខណៈដែលអតីតយុទ្ធជនពិការដោយសារសង្គ្រាមម្នាក់បានទទួលអំណោយផ្ទះថ្មីមួយខ្នងពីទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ។ ពិធីប្រគល់ផ្ទះនេះបានធ្វើឡើងក្រោមវត្តមាន ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងលោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍។ អតីតយុទ្ធជនរូបនេះ មានដីស្រាប់ តែជម្រករស់នៅមិនសមរម្យទាល់តែសោះ ស្ថិតនៅភូមិថ្នល់ថ្មី ឃុំបារាយណ៍។

ម្ចាស់ផ្ទះថ្មីដ៏មានសំណាងរូបនេះ គឺ លោក យិន សារី អាយុ ៥៣ ឆ្នាំ ដែលមានឋានន្តរសក្ដិនាយឯក។ លោកបានរៀបរាប់ទាំងទឹកមុខរំភើបថា លោកបានចូលបម្រើជាតិក្នុងជួរកងទ័ពតាំងពីឆ្នាំ១៩៩០ នៅអង្គភាពស៊ើបការណ៍យោធាខេត្តកំពង់ធំ។ នៅឆ្នាំ១៩៩២ ក្នុងបេសកកម្មការពារខ្សែរថយន្តដឹកសម្ភារពីកំពង់ធំទៅព្រះវិហារ លោកបានរងរបួសពេញខ្លួនដោយអំបែងគ្រាប់ នៅពេលខ្មាំងពួនស្ទាក់វាយប្រហារនៅភ្នំដែក ស្រុករវៀង។ បច្ចុប្បន្ន លោក យិន សារី មានភរិយា និងកូន៥នាក់នៅក្នុងបន្ទុក រស់នៅយ៉ាងលំបាកក្នុងផ្ទះតូចចង្អៀត ជាមួយជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយដោយសាររបួសចាស់ទៀតផង។
តំណាងឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏សប្បុរសរបស់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានឧបត្ថម្ភផ្ទះថ្មីនេះ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងផ្តល់ជម្រកដ៏សមរម្យជូនអតីតយុទ្ធជនដែលធ្លាប់បូជាសាច់ស្រស់ឈាមស្រស់ដើម្បីជាតិ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឱ្យដឹងថា ផ្ទះថ្មីដ៏រឹងមាំនេះមានទំហំ ៥x៧ ម៉ែត្រ សាងសង់ឡើងពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត និងរនាបក្រាលក្តារ។ លើសពីនេះ ក៏មានបន្ថែមសំយ៉ាបផ្ទះបាយប្រវែង ៣ ម៉ែត្រ និងបង្គន់អនាម័យមួយផងដែរ។ ផ្ទះនេះជាចំណងដៃដ៏ថ្លៃថ្លាពី សម្តេចតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ដើម្បីឱ្យគ្រួសារអតីតយុទ្ធជនពិការរូបនេះ មានកន្លែងជ្រកកោនដ៏សមរម្យជារៀងរហូត។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងឱកាសដ៏ពិសេសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក ឃន ចាន់ថៃ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ ស្បៀងអាហារ និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀត រួមមាន មុង ភួយ កន្ទេល ខ្នើយ សំលៀកបំពាក់ ចាន ឆ្នាំង និងរបស់របរចាំបាច់មួយចំនួនទៀត ដែលជាអំណោយពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារ លោក យិន សារី ក្រោយពេលទទួលបានផ្ទះថ្មីនេះ។

ប្រភព៖ ក្រសួងព័ត៌មាន
