ភ្នំពេញ៖ សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានប្រកាសកាលពីថ្ងៃពុធ ពីការដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៥ នាក់ និងក្រុមហ៊ុន ឬអង្គភាពចំនួន ៣ ដែលមានមូលដ្ឋាននៅប្រទេសថៃ និងមីយ៉ាន់ម៉ា ដោយចោទប្រកាន់ថា ពួកគេមានជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអនឡាញដ៏ធំ។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីបង្ក្រាបក្រុមឧក្រិដ្ឋជនដែលកំពុងតែកេងប្រវ័ញ្ចប្រជាពលរដ្ឋខ្លួន។
សេចក្ដីថ្លែងការណ៍របស់ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា៖ «សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៥ នាក់ និងអង្គភាពចំនួន ៣ ដែលមានទីតាំងនៅភូមា និងថៃ ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេទៅនឹងមជ្ឈមណ្ឌលបង្ខំកម្លាំងពលកម្ម ដែលធ្វើប្រតិបត្តិការបោកប្រាស់វិនិយោគតាមអ៊ិនធឺរណិត»។ គោលដៅសំខាន់គឺការពារជនរងគ្រោះពីការបោកប្រាស់ និងការជួញដូរមនុស្ស។
បើតាមក្រសួងរតនាគារអាមេរិក (ក្រសួងហិរញ្ញវត្ថុ) បុគ្គល និងអង្គភាពភូមាដែលរងទណ្ឌកម្មពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) របស់អាមេរិក រួមមាន កងទ័ពសប្បុរសធម៌ការ៉ែនប្រជាធិបតេយ្យ (DKBA) រួមជាមួយមេដឹកនាំជាន់ខ្ពស់ ៤ នាក់របស់ក្រុមជីវពលភូមាមួយនេះ។ OFAC បានចោទប្រកាន់ពួកគេពីបទគាំទ្រមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ិនធឺរណិតនៅភូមា ដែលកំណត់គោលដៅលើជនជាតិអាមេរិក ដោយប្រើប្រាស់ «គម្រោងវិនិយោគក្លែងបន្លំ» ដែលបណ្តាលឱ្យមានការខាតបង់យ៉ាងដំណំ។

ក្រៅពីនេះ OFAC ក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនថៃចំនួន ២ និងជនជាតិថៃម្នាក់ផងដែរ។ ក្នុងនោះ រួមមាន ក្រុមហ៊ុន Trans Asia International Holding Group Thailand Company Limited (Trans Asia) ក្រុមហ៊ុន Troth Star Company Limited (Troth Star) និងបុគ្គលឈ្មោះ Chamu Sawang ដែលត្រូវបានគេដឹងថាជាតួអង្គសំខាន់ក្នុងបណ្តាញនេះ។
OFAC បានចោទប្រកាន់ថា ក្រុមហ៊ុន និងជនជាតិថៃទាំងនេះ មានទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មដែលបានរៀបចំឡើងដោយជនជាតិចិន និងបានធ្វើការជាមួយក្រុមជីវពល DKBA និងក្រុមប្រដាប់អាវុធផ្សេងទៀត ដើម្បីបង្កើតមជ្ឈមណ្ឌលបោកប្រាស់អនឡាញទាំងនេះ។ ប្រាក់ចំណូលដែលរកបានពីកម្មករនៅមជ្ឈមណ្ឌលបោកប្រាស់ ដែលមានច្រើននាក់ជាជនរងគ្រោះនៃការជួញដូរមនុស្ស បានគាំទ្រ «ឧក្រិដ្ឋកម្មដែលគេរៀបចំឡើង» និង «បើកផ្លូវឱ្យ DKBA យកទៅប្រើប្រាស់ក្នុងសកម្មភាពបង្កគ្រោះថ្នាក់របស់ខ្លួន»។
ផ្អែកលើការប៉ាន់ស្មានរបស់រដ្ឋាភិបាលអាមេរិក សេចក្ដីថ្លែងការណ៍ក្រសួងការបរទេសបានឱ្យដឹងថា៖ «ជនជាតិអាមេរិកបានខាតបង់ប្រាក់យ៉ាងហោចណាស់ ១០ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤ ដោយសារប្រតិបត្តិការឆបោកតាមអ៊ិនធឺណិតដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ ដោយកើនឡើង ៦៦% ធៀបនឹងឆ្នាំមុន។ ក្រុមឧក្រិដ្ឋជននៅទូទាំងតំបន់នេះ បានកេងប្រវ័ញ្ចជនជាតិអាមេរិកកាន់តែច្រើនឡើងៗតាមអ៊ិនធឺណិត ដែលគំរាមកំហែងដល់វិបុលភាពរបស់អាមេរិក»។ ការដាក់ទណ្ឌកម្មនេះ គឺជាសារមួយដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
