ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល ហាក់កំពុងបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ដោយព្រមានថា ប្រទេសថៃនឹងផ្អាកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោននៅតែបន្តដំឡើងពន្ធគយខ្លាំងពេក។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីទីក្រុងបាងកកបានប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពមួយចំនួនជាមួយកម្ពុជា។

នៅក្នុងពិធីមួយនៅមហាវិទ្យាល័យការពារជាតិក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អនុទីន បានថ្លែងយ៉ាងច្បាស់ថា ប្រទេសថៃនឹងស្វែងរកដៃគូពាណិជ្ជកម្មថ្មីមកជំនួសអាមេរិក ប្រសិនបើការយកពន្ធនៅតែបន្តកើនឡើង។ ទន្ទឹមនឹងនោះ លោកក៏បានណែនាំទៅរដ្ឋាភិបាលទីក្រុងបាងកកផងដែរថា ត្រូវទុកបញ្ហាពន្ធនៅមួយឡែកសិន ហើយងាកមកគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាអាទិភាព។
យ៉ាងណាមិញ គិតមកទល់ពេលនេះ ពុំទាន់មានប្រតិកម្មផ្លូវការណាមួយពីលោក ដូណាល់ ត្រាំ ដែលជាមេដឹកនាំមហាអំណាចសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការព្រមានរបស់នាយករដ្ឋមន្ត្រីថៃនៅឡើយទេ។
លោក អនុទីន បានអះអាងថា ថៃលែងមានការភ័យខ្លាចចំពោះការគំរាមកំហែងរបស់អាមេរិកលើបញ្ហាពន្ធគយទៀតហើយ ទោះបីជាត្រូវបង់ពន្ធរហូតដល់១០០% ក៏ថៃនៅតែត្រៀមខ្លួនរៀបចំកងទ័ពពេញកម្លាំង ដើម្បីដោះស្រាយជាមួយកម្ពុជាដោយមិនចាំបាច់ចរចាទៀតឡើយ។
ផ្ទុយទៅវិញ គណបក្សភឿថៃ បានលើកឡើងថា ការថ្លែងបែបនេះនឹងធ្វើឱ្យកម្ពុជាកាន់តែមានប្រៀប និងអាចរឹតចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិកកាន់តែជិតស្និទ្ធ។ ពួកគេក៏បានព្រមានដែរថា ការដែលថៃនៅឯកោពីមហាអំណាចអាមេរិក មិនមែនជារឿងដែលថៃបានត្រៀមខ្លួនរួចរាល់នោះទេ៕
ប្រភព៖ Bangkok Post និង The Nation
