អតីតរដ្ឋមន្ត្រីការបរទេសថៃ ដាស់តឿនរដ្ឋាភិបាលបាងកក៖ «ត្រូវមានភាពចាស់ទុំផ្នែកការទូត!»

អតីតរដ្ឋមន្ត្រីការបរទេសថៃ ដាស់តឿនរដ្ឋាភិបាលបាងកក៖ «ត្រូវមានភាពចាស់ទុំផ្នែកការទូត!»

ស្របពេលសភាពការណ៍នយោបាយតំបន់កំពុងឡើងកម្ដៅខ្លាំង លោក Maris Sengiampong អតីតរដ្ឋមន្ត្រីការបរទេសថៃ បានចេញមុខផ្ដល់អនុសាសន៍យ៉ាងមុតមាំទៅកាន់រដ្ឋាភិបាលទីក្រុងបាងកក ក្រោមការដឹកនាំរបស់លោក អនុទីន ឆាន់វីរៈគុល។ លោក Maris បាន​សង្កត់ធ្ងន់ថា ថៃត្រូវតែបង្ហាញភាពចាស់ទុំផ្នែកការទូត ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន និងជៀសវាងការបិទទ្វារពីពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក Maris បានណែនាំបន្ថែមថា រដ្ឋាភិបាលថៃគួរតែសម្របសម្រួលជាមួយម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន និងហ្វីលីពីន ដែលនឹងក្លាយជាប្រធានអាស៊ានសម្រាប់ឆ្នាំបន្ទាប់ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាជាមួយកម្ពុជា។ មិនតែប៉ុណ្ណោះ លោកក៏ជំរុញឱ្យមានការពិភាក្សាជាមួយសហរដ្ឋអាមេរិក និងចិនផងដែរ ដោយសារប្រទេសទាំងពីរជាភាគីសំខាន់នៅក្នុងសេចក្តីប្រកាសសន្តិភាព និងកិច្ចព្រមព្រៀងបទឈប់បាញ់។

Anutin Charnvirakul

ក្រៅពីនេះ លោក Maris ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលប្រញាប់បំភ្លឺឱ្យបានច្បាស់លាស់ទៅកាន់អង្គការសហប្រជាជាតិ និងប្រើប្រាស់វេទិកាសន្និសីទអនុសញ្ញាអូតាវ៉ា ជាពិសេសសន្និសីទគណៈភាគីលើកទី២២ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ក្នុងខែធ្នូ ឆ្នាំ២០២៥ ដើម្បីបញ្ជាក់ការពិតជុំវិញរឿងរ៉ាវជាមួយកម្ពុជា។

ការទូន្មានដ៏សំខាន់របស់អតីតរដ្ឋមន្ត្រីការបរទេសថៃរូបនេះ កើតឡើងក្រោយពេលលោក Russ Chaleejandra អតីតឧបការីក្រសួងការបរទេសថៃ បានរិះគន់លោក អនុទីន ចំពោះការថ្លែងការណ៍បង្កជម្លោះលើវិធានការពន្ធរបស់អាមេរិក។ លោក Russ បានលើកឡើងថា សម្ដីរបស់លោក អនុទីន អាចនឹងប្រថុយនឹងការធ្វើឱ្យថៃឯកោពីសម្ព័ន្ធមិត្តដ៏សំខាន់ និងអាចផ្ដល់ផលប្រយោជន៍ដល់កម្ពុជាទៅវិញ។

កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អនុទីន បានអះអាងថា ថៃនឹងស្វែងរកដៃគូពាណិជ្ជកម្មជំនួសសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បន្តដំឡើងពន្ធលើសពីនេះ បន្ទាប់ពីការប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។ លោកក៏បានណែនាំទៅរដ្ឋាភិបាលទីក្រុងបាងកកផងដែរថា គួរបំភ្លេចរឿងពន្ធដារមួយឡែកសិន ហើយត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាអាទិភាព។

ជុំវិញបញ្ហានេះ លោក Russ បានបញ្ជាក់ថា សម្ដីរបស់លោក អនុទីន អាចប៉ះពាល់ដល់ទំនាក់ទំនងថៃ-អាមេរិក ហើយអាចជួយពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយទីក្រុងវ៉ាស៊ីនតោនដោយអចេតនា។ លោកបានរៀបរាប់ថា «ភាគីដែលនឹងទទួលបានផលប្រយោជន៍ច្រើនជាងគេពីសម្ដីទាំងនេះ គឺកម្ពុជា។ វាធ្វើឲ្យថៃឯកោពីសម្ព័ន្ធមិត្តមហាអំណាចពិភពលោក ហើយជំរុញកម្ពុជាឲ្យកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក»។ លោក Russ ក៏បានព្រមានផងដែរថា ប្រជាជនថៃអាចនឹងប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ច ប្រសិនបើសហរដ្ឋអាមេរិកឆ្លើយតបដោយសកម្មភាពពន្ធគយសងសឹក។ លោកបានចោទសួរថា «តើនាយករដ្ឋមន្ត្រីត្រៀមខ្លួនទទួលខុសត្រូវឬទេ ប្រសិនបើជីវភាពរបស់ប្រជាជនរងផលប៉ះពាល់?»។

administrator

Related Articles