គណបក្សប្រជាជន (People’s Party) ដែលជាបក្សប្រឆាំងដ៏ធំមួយនៅប្រទេសថៃ និងធ្លាប់បានរួមចំណែកជួយគាំទ្រលោក អានុទីន ឆានវីរៈគុល ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីដើមខែកញ្ញា បានចេញមុខជំរុញលោក អានុទីន ឱ្យងាកមកប្រើប្រាស់ដំណោះស្រាយការទូត ដើម្បីបញ្ចប់ជម្លោះជាមួយកម្ពុជា។
លោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជនថៃ។
(រូបភាព៖ FB)
យោងតាមសារព័ត៌មាន Khaosod English ដែលបានចុះផ្សាយនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ គណបក្សប្រជាជនថៃបានដាក់ចេញសំណើបន្ទាន់មួយទៅកាន់លោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ស្នើសុំដំណោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា។
នៅក្នុងសំណើបន្ទាន់ស្ដីពីជម្លោះកម្ពុជា-ថៃ គណបក្សប្រជាជនថៃបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃចាំបាច់ត្រូវតែចាត់វិធានការទូតសកម្មជាបន្ទាន់ ដើម្បីផលប្រយោជន៍ជាតិ ដោយជំរុញលោកនាយករដ្ឋមន្ត្រី អានុទីន ឱ្យប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។
ដើម្បីទទួលបានភាពមានប្រៀបជាងកម្ពុជា គណបក្សប្រជាជនថៃបានស្នើឱ្យរដ្ឋាភិបាលលោក អានុទីន ធ្វើការទាក់ទងជាបន្ទាន់ទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាពនោះ។
គណបក្សប្រជាជនថៃបានបញ្ជាក់ថា៖ «លោក [អានុទីន] ត្រូវតែអះអាងថា ជំហររបស់ថៃគឺប្រាថ្នារក្សាកិច្ចព្រមព្រៀងសម្រាប់បុព្វហេតុសន្តិភាពរវាងប្រទេសទាំងពីរ»។
លោក អានុទីន ឆានវីរៈគុល។ (រូបភាព៖ FB)
នៅក្នុងសំណើដែលបានចេញផ្សាយទាំងស្រុងដោយសារព័ត៌មានថៃ គណបក្សប្រឆាំងថៃបានលើកឡើងថា វិធានការសកម្មរបស់ប្រទេសថៃត្រូវតែអនុវត្តជាបន្ទាន់ មុនពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទាក់ទងទៅកាន់មេដឹកនាំអាមេរិក និងម៉ាឡេស៊ី ដើម្បីពន្យល់ពីភាគីកម្ពុជា និងព័ត៌មានលម្អិតអំពីស្ថានការណ៍។
លើសពីនេះ ថៃត្រូវតែអះអាងជាថ្មីថា ខ្លួនរក្សាកិច្ចព្រមព្រៀង ខណៈដែលកម្ពុជាបានរំលោភបំពាន ដើម្បីបង្កើតភាពស្របច្បាប់ថា ថៃគឺជាភាគីត្រឹមត្រូវក្នុងស្ថានភាពជម្លោះនេះ និងមានហេតុផលសមស្រប ប្រសិនបើចាំបាច់ត្រូវបង្កើនប្រតិបត្តិការនាពេលអនាគត។
គណបក្សប្រឆាំងថៃក៏បានស្នើឱ្យរដ្ឋាភិបាលថៃគួរតែបញ្ជូនលិខិតផ្លូវការមួយទាមទារឱ្យអាមេរិកពិចារណាព្យួរកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា ដែលសហរដ្ឋអាមេរិកបានដកបម្រាមលក់សព្វាវុធឱ្យកម្ពុជា ក្រោយកម្ពុជាអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវដំណើរការអនុវត្តបទឈប់បាញ់ និងការស្តារដំណើរការឆ្ពោះទៅរកសន្តិភាពពេញលេញ។
គួររំលឹកថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហានថៃពីរនាក់បានរងរបួស បន្ទាប់ពីជាន់មីននៅតំបន់ជម្លោះព្រំដែនក្នុងខេត្តស៊ីសាកេត ដោយក្នុងនោះទាហានម្នាក់រងរបួសកជើងខាងស្តាំ។ ហេតុការណ៍នេះបានជំរុញឱ្យលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ប្រកាសលុបចោលកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ដោយមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងតួនាទីជាប្រធានអាស៊ាន និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្សី៕
