កម្ពុជា ដាក់ញត្តិបន្ទាន់ទៅស្ថាប័នសិទ្ធិមនុស្សអន្តរជាតិ ស្នើឲ្យអន្តរាគមន៍លើករណីរំលោភសិទ្ធិមនុស្ស

កម្ពុជា ដាក់ញត្តិបន្ទាន់ទៅស្ថាប័នសិទ្ធិមនុស្សអន្តរជាតិ ស្នើឲ្យអន្តរាគមន៍លើករណីរំលោភសិទ្ធិមនុស្ស

ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានប្រកាសនៅយប់ថ្ងៃទី១២ ខែវិច្ឆិកានេះថា ដោយមើលឃើញពីការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ គ.ស.ម.ក. បានរៀបចំ និងដាក់ញត្តិបន្ទាន់ទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ, ឧត្តមស្នងការ OHCHR ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក, ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្ដូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា។

នៅក្នុងញត្តិដ៏បន្ទាន់នេះ គ.ស.ម.ក. បានដាក់ចេញនូវសំណូមពរ និងការអំពាវនាវជាច្រើនចំណុច រួមមាន៖
១. បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធា និងធានាសុវត្ថិភាពជូនជនស៊ីវិលកម្ពុជា។
២. ធ្វើការស៊ើបអង្កេតដោយឯករាជ្យ និងគ្មានភាពលម្អៀង ព្រមទាំងដាក់ទោសដល់អ្នកប្រព្រឹត្តឧក្រិដ្ឋកម្មនេះ។

៣. ផ្តល់ការថែទាំព្យាបាលបន្ទាន់ និងសំណងសមរម្យដល់ជនរងគ្រោះ និងក្រុមគ្រួសារ។
៤. ពង្រឹងវិធានការបង្ការ និងអនុវត្តឱ្យបានពេញលេញនូវខ្លឹមសារកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួ។

៥. លើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬនីតិវិធីពិសេសពាក់ព័ន្ធនានា។
៦. ចាត់តាំងឱ្យមានបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ ដើម្បីវាយតម្លៃស្ថានភាព និងទប់ស្កាត់ការកើតឡើងវិញ។

៧. ប្រទេសថៃត្រូវដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

បោះពុម្ពផ្សាយដោយ ៖ សិលា

administrator

Related Articles