ខេត្តបន្ទាយមានជ័យ ៖ ទោះបីជាមានហេតុការណ៍បាញ់ប្រហារដ៏រន្ធត់ពីសំណាក់ទាហានថៃកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសនៅភូមិព្រៃចាន់ក្ដី ក៏ទីផ្សារអូរបីជាន់ក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នៅតែបន្តដំណើរការលក់ដូរជាធម្មតាវិញ។

ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរនៅផ្សារអូរបីជាន់នេះ បានឲ្យដឹងថា ក្រោយហេតុការណ៍នោះ គេសង្កេតឃើញពលរដ្ឋនៅភូមិព្រៃចាន់ ដែលស្ថិតនៅខាងជើងផ្សារប្រមាណ ១០គីឡូម៉ែត្រ បានសម្រុកចាកចេញពីភូមិទៅរកទីកន្លែងសុវត្ថិភាព។

ចំណែកឯអ្នកលក់ដូរនៅផ្សារអូរបីជាន់ដែលស្ថិតនៅក្បែរព្រំដែនប្រមាណជាង ៥០០ម៉ែត្រនេះ ក៏ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ។

ប្រជាពលរដ្ឋមួយចំនួនបានសម្រេចចិត្តបិទទ្វារតូបបណ្ដោះអាសន្ន ដើម្បីនាំកូនចៅទៅកាន់តំបន់មានសុវត្ថិភាព។

យ៉ាងណាមិញ ប្រជាពលរដ្ឋមួយចំនួនទៀតនៅតែបន្តបើកទ្វារតូប និងប្រកបរបរលក់ដូរជាធម្មតា ដោយសារពួកគាត់យល់ថា ប្រសិនបើមិនបានលក់ទេ នឹងប៉ះពាល់ដល់ជីវភាពគ្រួសារយ៉ាងធ្ងន់ធ្ងរ។

ពួកគាត់បានបញ្ជាក់ថា នឹងបិទទ្វារចាកចេញលុះត្រាតែមានការណែនាំពីអាជ្ញាធរប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេនៅតែបន្តលក់ដូរបានជាធម្មតា។


