ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកប្រធានមន្ទីរកសិកម្មខេត្ត បានចាត់ចែងឲ្យកម្លាំងជំនាញរដ្ឋបាលជលផល ចុះបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទ នៅក្នុងភូមិសាស្ត្រស្រុកកងមាស និងស្រុកស្ទឹងត្រង់ ដែលនៅជាប់ដងទន្លេមេគង្គ។
សកម្មភាពចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានបំផ្លាញបទល្មើសនេសាទខុសច្បាប់បានរហូតដល់ទៅ ៤ករណី ជាមួយគ្នានោះ ក៏បានកាប់បំផ្លាញចោលនៅវត្ថុតាងខុសច្បាប់នៅនឹងកន្លែងតែម្ដង។

លោក លី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា ទោះបីជាកម្លាំងជំនាញជលផលខេត្ត បានចុះផ្សព្វផ្សាយជាបន្តបន្ទាប់ពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីបញ្ជ្រាបទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹង ហើយក្នុងនោះក៏មានបងប្អូនភាគច្រើនបានយល់ដឹង និងអនុវត្តតាមដែរ ប៉ុន្តែនៅមានអ្នកខ្លះទៀត នៅតែបន្តបំពានច្បាប់ ដោយធ្វើសកម្មភាពលួចដាក់ស្បៃមុង និងឧបករណ៍ខុសច្បាប់ផ្សេងៗទៀត ដោយមិនឲ្យកម្លាំងជំនាញដឹងឡើយ។

នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានបន្តឲ្យដឹងទៀតថា ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងចម្រុះបានចុះបង្ក្រាបបទល្មើសជលផល រុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់បានចំនួន ០៤ករណី រួមមាន៖
**+ ករណីទី០១**
* ឧបករណ៍លូស្បៃមុងចំនួន ០៧មាត់
* របាំងស្បៃមុងប្រវែង ៣៥០ម៉ែត្រ
* បង្គោលចម្រឹងចំនួន ១២៥ដើម
* ចាក់លែងត្រីចម្រុះទម្ងន់ ០៩គីឡូក្រាម

ទីតាំងនៅចំណុចទំនប់បឹងកក់ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។
**+ ករណីទី០២**
* ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់
* របាំងស្បៃមុងប្រវែង ៤១៥ម៉ែត្រ
* បង្គោលចម្រឹងចំនួន ១៤៥ដើម
* ចាក់លែងត្រីចម្រុះទម្ងន់ ១២គីឡូក្រាម

ទីតាំងនៅចំណុចបឹងទៀមលាង ឃុំកងតានឹង ស្រុកកងមាស ខេត្តកំពង់ចាម។
**+ ករណីទី០៣**
* ឧបករណ៍លូស្បៃមុងចំនួន ០៩មាត់
* របាំងស្បៃមុងប្រវែង ២៧០ម៉ែត្រ
* បង្គោលចម្រឹងចំនួន ១៣៥ដើម
* ចាក់លែងត្រីចម្រុះទម្ងន់ ០៥គីឡូក្រាម

ទីតាំងនៅចំណុចមុខវត្តល្វា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
**+ ករណីទី០៤**
* ឧបករណ៍លូស្បៃមុងចំនួន ១១មាត់
* របាំងស្បៃមុងប្រវែង ៣៣០ម៉ែត្រ
* បង្គោលចម្រឹងចំនួន ១៦៥ដើម
* ចាក់លែងត្រីចម្រុះទម្ងន់ ០៧គីឡូក្រាម

ទីតាំងនៅចំណុចជ្រោយចង្កែង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។

សម្រាប់ទិសដៅបន្ត កម្លាំងជំនាញរដ្ឋបាលជលផលខេត្ត នៅតែបន្តសហការជាមួយអាជ្ញាធរតាមបណ្ដាស្រុកផ្សេងទៀត ដែលនៅជាប់ដងទន្លេមេគង្គ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់សហគមន៍នេសាទ ដែលបានដឹង ឬប្រទះឃើញបទល្មើសនៅទីកន្លែងណាមួយ សូមប្រញាប់រាយការណ៍មកជំនាញ ដើម្បីបើកប្រតិបត្តិការចុះបង្ក្រាបជាបន្ទាន់ និងទាន់ពេលវេលា ក្នុងការចូលរួមអភិរក្សធនធានជលផលរបស់យើង។



