ក្រុមហ៊ូធីប្រកាសផ្អាកវាយប្រហារនៅសមុទ្រក្រហមបណ្តោះអាសន្ន ស្របពេលបទឈប់បាញ់នៅហ្គាហ្សាកំពុងបន្ត!

ក្រុមហ៊ូធីប្រកាសផ្អាកវាយប្រហារនៅសមុទ្រក្រហមបណ្តោះអាសន្ន ស្របពេលបទឈប់បាញ់នៅហ្គាហ្សាកំពុងបន្ត!

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅ ក្រុមឧទ្ទាមហ៊ូធីរបស់ប្រទេសយេម៉ែនហាក់បានបញ្ឈប់ការវាយប្រហាររបស់ពួកគេលើប្រទេសអ៊ីស្រាអែល និងផ្លូវនាវាចរណ៍ដ៏សំខាន់នៅសមុទ្រក្រហម។ ការសម្រេចចិត្តនេះកើតឡើងស្របពេលដែលបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅតែបន្តអនុវត្ត។

ចាប់តាំងពីចុងឆ្នាំ ២០២៣ មក ក្រុមហ៊ូធីបានផ្តោតការវាយប្រហារលើនាវាទាំងឡាយណាដែលពួកគេអះអាងថា មានទំនាក់ទំនងជាមួយអ៊ីស្រាអែល ឬសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល។ សកម្មភាពនេះបានបង្កផលរំខានយ៉ាងខ្លាំងដល់ពាណិជ្ជកម្មសកលតាមរយៈសមុទ្រក្រហម និងព្រែកជីក Suez របស់អេហ្ស៊ីប។ ក្នុងរយៈពេលនោះ ការវាយប្រហារទាំងនេះបានបណ្តាលឱ្យនាវិកយ៉ាងហោចណាស់ ៩ នាក់បាត់បង់ជីវិត និងនាវាចំនួន ៤ គ្រឿងលិចលង់ ដែលធ្វើឱ្យប្រទេសអេហ្ស៊ីបបាត់បង់ចំណូលរាប់ពាន់លានដុល្លារពីព្រែកជីក Suez ។
រូបភាព: ស្ថានភាពនៅសមុទ្រក្រហមបង្ហាញពីសកម្មភាពនាវាចរណ៍
(រូបភាព៖ Houthi military channels)

ក្នុងលិខិតមួយផ្ញើជូនកងពលតូច Qassam របស់ក្រុមហាម៉ាស លោក Yusuf Hassan al-Madani មេបញ្ជាការយោធាហ៊ូធី បានបញ្ជាក់ថា ក្រុមរបស់លោកបានផ្អាកប្រតិបត្តិការបណ្តោះអាសន្ន ប៉ុន្តែក៏បានព្រមានយ៉ាងច្បាស់ថា ពួកគេនឹងបន្តការវាយប្រហារឡើងវិញ ប្រសិនបើអ៊ីស្រាអែលបន្តយុទ្ធនាការយោធារបស់ខ្លួននៅហ្គាហ្សា។

ទោះបីជាបទឈប់បាញ់បានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី ១០ ខែតុលា ក៏ពិតមែន ក៏អ៊ីស្រាអែលនៅតែបន្តការវាយប្រហាររបស់ខ្លួន ដែលបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនរាប់រយនាក់ទៀតត្រូវស្លាប់។ សង្គ្រាមនៅហ្គាហ្សារហូតមកទល់ពេលនេះ បានឆក់យកជីវិតជនជាតិប៉ាឡេស្ទីនជាង ៦៩,០០០ នាក់។

ទន្ទឹមនឹងនេះ ទំនាក់ទំនងរវាងក្រុមហ៊ូធី និងអង្គការសហប្រជាជាតិកំពុងប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំង បន្ទាប់ពីក្រុមហ៊ូធីបានឃុំខ្លួនបុគ្គលិកអង្គការសហប្រជាជាតិយ៉ាងហោចណាស់ ៥៩ នាក់ ដោយចោទប្រកាន់ពួកគេពីបទធ្វើចារកម្មឱ្យអ៊ីស្រាអែល ដោយគ្មានភស្តុតាងច្បាស់លាស់។ អង្គការសហប្រជាជាតិបានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយបានព្រមានថា វិបត្តិកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងប្រទេសយេម៉ែន នៅតែបន្តគំរាមកំហែងដល់ជីវិតប្រជាជនរាប់លាននាក់ ដែលពឹងផ្អែកលើជំនួយមនុស្សធម៌។
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

administrator

Related Articles