កីឡាបាល់ទាត់ក្នុងប្រទេសតួកគីកំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរបំផុតជាប្រវត្តិសាស្ត្រ បន្ទាប់ពីកីឡាករ និងអាជ្ញាកណ្តាលរាប់រយនាក់ត្រូវបានរកឃើញថាបានជាប់ពាក់ព័ន្ធនឹងល្បែងភ្នាល់ខុសច្បាប់។ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ សហព័ន្ធបាល់ទាត់តួកគី (TFF) បានប្រកាសថា កីឡាករអាជីពជាង ១ ០០០ នាក់ត្រូវបានព្យួរ និងកំពុងស្ថិតក្រោមការស៊ើបអង្កេត។
រឿងអាស្រូវដ៏កក្រើកនេះបានបណ្តាលឱ្យការប្រកួតជាច្រើនត្រូវពន្យារពេល ហើយអ្នកពាក់ព័ន្ធជាច្រើននាក់ត្រូវបានចាប់ខ្លួន។ មហាជនកំពុងចោទសួរយ៉ាងខ្លាំងអំពីសុចរិតភាពនៃការប្រកួតបាល់ទាត់ក្នុងស្រុករបស់តួកគី។ TFF បានបញ្ជាក់ថា កីឡាករអាជីពសរុប ១ ០២៤ នាក់ ពីលីគផ្សេងៗគ្នា ត្រូវបានបញ្ជូនទៅគណៈកម្មាធិការវិន័យវិជ្ជាជីវៈ (PFDK)។
ក្នុងចំណោមកីឡាករទាំងនោះ មាន ២៧ នាក់មកពីលីគកំពូល Super Lig រួមទាំងតារាឆ្នើមពីក្លិបយក្សដូចជា Galatasaray, Besiktas និង Trabzonspor ផងដែរ។ គួរឱ្យភ្ញាក់ផ្អើល ស្ទើរតែគ្រប់ក្រុមដែលឈរនៅចំណាត់ថ្នាក់កំពូលទាំង ១០ ក្នុង Super Lig ត្រូវបានជាប់ពាក់ព័ន្ធ លើកលែងតែក្រុម Fenerbahce មួយប៉ុណ្ណោះ។
ការស៊ើបអង្កេតមិនបានកំណត់ត្រឹមលីគកំពូលនោះទេ។ កីឡាករ ៧៧ នាក់នៅលីគលំដាប់ទី ១, ២៨២ នាក់នៅលីគទី ២, និង ៦២៩ នាក់នៅលីគទី ៣ ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតដែរ ជាមួយនឹង ៩ ករណីទៀតដែលមិនមែនជាផ្នែកនៃប្រព័ន្ធអាជីព។ ដោយសារតែវិសាលភាពធំធេងនៃបញ្ហានេះ TFF ត្រូវបានបង្ខំឱ្យពន្យារពេលការប្រកួតលីគកម្រិតទាបរយៈពេល ២ សប្តាហ៍ ដើម្បីផ្តល់ឱកាសឱ្យក្លឹបនានារៀបចំក្រុមឡើងវិញ។
មិនត្រឹមតែកីឡាករប៉ុណ្ណោះទេ សហគមន៍អាជ្ញាកណ្តាលក៏ជាប់ពាក់ព័ន្ធយ៉ាងធ្ងន់ធ្ងរផងដែរ។ រឿងអាស្រូវនេះបានផ្ទុះឡើងកាលពីខែមុន បន្ទាប់ពី TFF បានព្យួរ និងជំនួសអាជ្ញាកណ្តាល ១៤៩ នាក់។ ការធ្វើសវនកម្មផ្ទៃក្នុងបានរកឃើញថា ៣៧១ នាក់ក្នុងចំណោមអាជ្ញាកណ្តាល ៥៧១ នាក់នៅតួកគីមានគណនីភ្នាល់ ហើយ ១៥២ នាក់ក្នុងចំណោមនោះ បានភ្នាល់ជាប្រចាំ រួមទាំងការប្រកួតដែលពួកគេខ្លួនឯងបានកាត់សេចក្តីផងដែរ។
ក្នុងនោះមានអាជ្ញាកណ្តាលលីគកំពូល ៧ នាក់ និងជំនួយការអាជ្ញាកណ្តាល ១៥ នាក់។ អាជ្ញាកណ្តាលម្នាក់ត្រូវបានរកឃើញថាបានភ្នាល់ជាង ១៨ ០០០ លើក ខណៈរាប់សិបនាក់ផ្សេងទៀតភ្នាល់លើសពី ១ ០០០ លើក។
លោក Ibrahim Haciosmanoglu ប្រធាន TFF បានហៅវិបត្តិបច្ចុប្បន្ននេះថាជា “វិបត្តិសីលធម៌ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់តួកគី” ដោយសង្កត់ធ្ងន់ថា បញ្ហានេះមិនត្រឹមតែជាបញ្ហារដ្ឋបាលទេ ប៉ុន្តែក៏ជាបញ្ហាគុណភាពវិជ្ជាជីវៈផងដែរ។ ភាពធ្ងន់ធ្ងរនៃករណីនេះបានកើនឡើងនៅពេលដែលតុលាការទីក្រុងអ៊ីស្តង់ប៊ុលបានចេញដីកាចាប់ខ្លួនប្រធានក្លិប Eyupspor លោក Murat Ozkaya និងមនុស្ស ៧ នាក់ផ្សេងទៀតពីបទកំណត់លទ្ធផលការប្រកួត និងជាប់ពាក់ព័ន្ធនឹងសកម្មភាពភ្នាល់ខុសច្បាប់។ អាជ្ញាធរបានអះអាងថា ការស៊ើបអង្កេតនឹងបន្ត ហើយអាចនឹងមានការចោទប្រកាន់បន្ថែមទៀតទាក់ទងនឹងការកំណត់លទ្ធផលប្រកួត និងអំពើពុករលួយនៅក្នុងវិស័យកីឡាតួកគី។
