ប្រទេសវ៉េណេស៊ុយអេឡា បានប្រកាសពីការចល័តកងកម្លាំងយោធាទ្រង់ទ្រាយធំជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា «ការគំរាមកំហែងពីចក្រពត្តិនិយម» របស់សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់សមុទ្រការ៉ាប៊ីន។
សមាជិកនៃកងជីវពលជាតិ Bolivarian របស់វ៉េណេស៊ុយអេឡា (រូបថត៖ Reuters)

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការពារជាតិវ៉េណេស៊ុយអេឡា លោក Vladimir Padrino López បានថ្លែងថា ប្រតិបត្តិការនេះត្រូវបានបញ្ជាដោយប្រធានាធិបតី Nicolás Maduro ដោយមានការចូលរួមពីកងទ័ពជើងគោក ជើងអាកាស ជើងទឹក និងកងកម្លាំងបម្រុង រួមទាំងកងជីវពល Bolivarian ផងដែរ។ លោក Padrino López បានបន្ថែមថា សមយុទ្ធយោធានេះមានគោលបំណង «បង្កើនប្រសិទ្ធភាពនៃការបញ្ជាការ គ្រប់គ្រង និងទំនាក់ទំនង» ព្រមទាំងធានាដល់ការការពារអធិបតេយ្យភាពរបស់ប្រទេស។
សកម្មភាពយោធារបស់វ៉េណេស៊ុយអេឡានេះ កើតឡើងក្រោយការមកដល់របស់នាវា USS Gerald R. Ford កាលពីថ្ងៃអង្គារ ដែលជានាវាផ្ទុកយន្តហោះដ៏ធំបំផុតរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ចូលមកកាន់តំបន់ប្រតិបត្តិការជាច្រើនរបស់បញ្ជាការភាគខាងត្បូងរបស់ទីក្រុងវ៉ាស៊ីនតោន ដែលគ្របដណ្តប់លើភាគច្រើននៃអាមេរិកឡាទីន។ កងនាវាផ្ទុកយន្តហោះនេះ រួមមាននាវិកជាង ៤,០០០ នាក់ កងទាហានអាកាស ៨ ក្រុម និងនាវាពិឃាតមីស៊ីលជាច្រើនគ្រឿង។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាឱ្យដាក់ពង្រាយនាវានេះកាលពីចុងខែមុន ដោយលើកឡើងថា វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ ទីក្រុងវ៉ាស៊ីនតោនបានធ្វើការវាយប្រហារជាច្រើនលើកលើទូកដែលត្រូវបានចោទប្រកាន់ថាបានរត់ពន្ធគ្រឿងញៀនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ទោះជាយ៉ាងណាក៏ដោយ វ៉េណេស៊ុយអេឡាបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានប្រើប្រាស់បេសកកម្មប្រឆាំងគ្រឿងញៀននេះជាការបិទបាំងសម្រាប់ការផ្លាស់ប្តូររបប។ រដ្ឋាភិបាលរបស់លោក Maduro ជឿជាក់ថា ការដាក់ពង្រាយកងកម្លាំងនេះមានគោលបំណងដាក់សម្ពាធលើរដ្ឋបាលរបស់លោក និងធ្វើឱ្យប្រទេសរបស់ខ្លួនអស្ថិរភាព។
កាលពីខែមុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបានអនុញ្ញាតឱ្យ CIA ធ្វើប្រតិបត្តិការនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ស្របពេលដែលលោកក៏បានលើកឡើងពីជម្រើសយោធាដែលអាចកើតមានផងដែរ។ យ៉ាងណាមន្ត្រីជាន់ខ្ពស់អាមេរិកក្រោយមកបាននិយាយថា មិនមានផែនការបច្ចុប្បន្នសម្រាប់ការវាយប្រហារដោយផ្ទាល់នោះទេ។
លោក Padrino López បានបន្ថែមថា ការចល័តរបស់វ៉េណេស៊ុយអេឡាគឺជាផ្នែកមួយនៃ «ផែនការឯករាជ្យ ២០០ (Independence Plan 200)» របស់លោក Maduro ដែលជាយុទ្ធសាស្ត្រស៊ីវិល និងយោធា ដើម្បីការពារអធិបតេយ្យភាពជាតិ តាមរយៈការសម្របសម្រួលរវាងកងកម្លាំងប្រដាប់អាវុធ កងជីវពល និងកម្លាំងនគរបាល។
បច្ចុប្បន្នកងកម្លាំងប្រដាប់អាវុធធម្មតារបស់វ៉េណេស៊ុយអេឡាមានសមាជិកប្រហែល ១២៣,០០០ នាក់ ខណៈដែលលោក Maduro អះអាងថាមានអ្នកបម្រុងស្ម័គ្រចិត្តជាង ៨ លាននាក់ ដែលអ្នកវិភាគយល់ថាជាតួលេខបំប៉ោងខុសពីការពិត។
សហរដ្ឋអាមេរិកមានបុគ្គលិកយោធាប្រហែល ១៥,០០០ នាក់ឈរជើងនៅក្នុង ឬក្បែរសមុទ្រការ៉ាប៊ីន ខណៈទាហានអាមេរិកប្រហែល ៥,០០០ នាក់មានមូលដ្ឋាននៅប្រទេសព័រតូរីកូ រួមជាមួយយន្តហោះចម្បាំង F-35 និងយន្តហោះគ្មានមនុស្សបើក MQ-9 Reaper៕
